
ប្រជាពលរដ្ឋដែលមកបង់ពន្ធលើមធ្យោបាយធ្វើដំណើរ។ ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ចំណូលពន្ធរបស់កម្ពុជាក្នុងរយៈពេលពីរខែដើមឆ្នាំនេះបានកើនឡើងជិត៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
បក្សប្រឆាំងនៅតែអះអាងថាកំណើននេះមិនទាន់ឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចបច្ចុប្បន្ននេះនៅឡើយទេ។
ទិន្នន័យពីអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថាប្រាក់ចំណូលពន្ធសរុបមាន ១២២,១៧ លានដុល្លារ។ ក្នុងនោះពន្ធលើប្រាក់ខែបានកើនឡើង១៧,១ភាគរយពន្ធលើប្រាក់ចំណូលកើនឡើង ៤០,៨ ភាគរយពន្ធលើការជួលដីនិងផ្ទះបានកើនឡើងដល់៩,៦ភាគរយពន្ធអាករលើតម្លៃបន្ថែមបានកើនឡើង៤៤,១ភាគរយនិងពន្ធពិសេសកើនឡើង១៨ ភាគរយ។
ជាមួយគ្នានេះដែរ តួលេខបង្ហាញថា ចំណូលពន្ធពីវិស័យទូរគមនាគមន៍កើនឡើង៩៤,៣ភាគរយចំណូលលើផលិតផលភេសជ្ជៈកើនឡើង២៨,៣ ភាគរយវិស័យអប់រំបានកើនឡើង១,៣៩ ភាគរយប្រេងម៉ាស៊ីននិងសាំងបានកើនឡើង១៣,៥ភាគរយពន្ធបានពីការនាំចូលនិងនាំចេញបានកើនឡើង១៧,៤ភាគរយវិស័យកាត់ដេរបានកើនឡើង ៤១,៨ភាគរយពន្ធលើផលិតផលប្រើប្រាស់កើនឡើង២៦,៨ភាគរយវិស័យសំណង់និងវិស្វកម្មកើនឡើង ១៥៩ភាគរយពន្ធលើវិស័យដឹកជញ្ជូននិងទេសចរណ៍កើនឡើង៣៤,២ភាគរយសណ្ឋាគារនិងផ្ទះសំណាក់កើនឡើង២០,៣ភាគរយ។
លោក គង់ វិបុល អគ្គនាយកទើបតែងតាំងថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីដើមខែនេះថាការកើនឡើងចំណូលពន្ធឆ្លុះបញ្ចាំងពីការកើនឡើងពាណិជ្ជកម្មសហគ្រាសថ្មីៗជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីពន្ធក្នុងការព្យាយាមប្រមូលពន្ធ។
លោកថ្លែងថានាយកដ្ឋានពន្ធដារនឹងព្យាយាមសហប្រតិបត្តិការជាមួយធនាគារពាណិជ្ជសម្រាប់អ្នកបង់ពន្ធឲ្យកាន់តែងាយស្រួលនិងធ្វើឲ្យការប្រមូលពន្ធកាន់តែមានតម្លាភាពថែមទៀត។
លោក សុន ឆ័យ សមាជិកសភាមកពីគណបក្សសម រង្ស៊ី បាននិយាយថាវានៅតែមិនទាន់ល្អ។
លោកបានបន្តថា៖ «តាមពិតកំណើននេះគឺធម្មតាខណៈសេដ្ឋកិច្ចរបស់យើងកំពុងតែកើនឡើងនិងការកើនឡើងលំហូរនៃការវិនិយោគនិងការបើកជំនួញថ្មីៗ។ប្រាក់ចំណូលនេះគួរតែកើនឡើងជាង១០០ ភាគរយប្រសិនបើមន្រ្តីពន្ធដារមិនពុករលួយជាមួយឧកញ៉ាដែលតែងតែគេចពន្ធមិនបង់ចូលរដ្ឋាភិបាល»។ លោកបន្ថែមថា៖ «យើងនៅតែខាតបង់ចន្លោះពី៤០០ ទៅ៥០០ លានដុល្លារក្នុងមួយឆ្នាំៗ»។
សេដ្ឋកិច្ចរបស់កម្ពុជាកាលពីឆ្នាំ២០១២កើនឡើង៧,៣ភាគរយហើយគេរំពឹងថានឹងកើន៧ភាគរយក្នុងឆ្នាំនេះ។
កាលពីឆ្នាំមុនរដ្ឋាភិបាលប្រមូលបាន៧៤០លានដុល្លារ។ នេះបើតាមទិន្នន័យបានពីអគ្គនាយកដ្ឋានពន្ធដារ៕PB