ភ្នំពេញៈ ចំណូលពន្ធដាររបស់កម្ពុជាកើនជាង១៧,៣ភាគរយក្នុងរយៈពេល១១ ខែ បើធៀបរយៈពេលដូចគ្នាពីឆ្នាំទៅ។
សេចក្តីប្រកាស ព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយកាលពីថ្ងៃពុធឲ្យដឹង ថា ចំណូលពន្ធសរុបមាន ៨០០,២ លានដុល្លារ កើនពី ៦៨២លានដុល្លារបើធៀបពេលដូចគ្នានេះ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុទើបនឹងតែងតាំងថ្មី បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសនេះថា ការកើនឡើងនេះបណ្ដាលមកពីការខិតខំប្រឹងប្រែងរបស់មន្ដ្រី ពន្ធដារក្នុងការផ្ដល់សេវាកម្ម ឬទីកន្លែងល្អសម្រាប់អ្នកបង់ពន្ធ។ លោកបានណែនាំដល់មន្ដ្រីឲ្យអនុវត្តតួនាទី និងវិន័យ ដើម្បីលើកកម្ពស់ការប្រមូលប្រាក់ចំណូលពន្ធ។
ពន្ធលើប្រាក់ខែកើន ២៦,៤ភាគរយ ពន្ធលើចំណូលរបស់ក្រុមហ៊ុន កើនឡើង១៨,៣ភាគរយ និងពន្ធអាករលើតម្លៃបន្ថែមកើនឡើង១៩,៧ភាគរយ។
ទិន្នន័យ ប្រាក់ចំណូលពន្ធតាមវិស័យបង្ហាញថា ចំណូលបានពីវិស័យហិរញ្ញវត្ថុកើនឡើង២៧,៣ភាគរយ វិស័យទូរគមនាគមន៍បានកើនឡើង ២៥,២៦ភាគរយ ផលិតផលភេសជ្ជៈ កើន ២០,៤ភាគរយ វិស័យនាំចូល នាំចេញកើន ១៩,៨ភាគរយ វិស័យកាត់ដេរកើនឡើង ៤៧,៣ភាគរយ របស់ប្រើប្រាស់កើន ៣១,៦ភាគរយ វិស័យសំណង់ និងវិស្វកម្មកើនឡើង២៨,១ភាគរយ វិស័យដឹកជញ្ជូន និងទេសចរណ៍ កើនឡើង ៣៤,៥ភាគរយ ព្រលានយន្តហោះ និងកំពង់ផែកើន ៨០,៩ភាគរយ សណ្ឋាគារ និងផ្ទះសំណាក់បានកើន១៩,៥ភាគរយ ឧស្សាហកម្មរថយន្តកើន ២៤២,៩ភាគរយ ផលិតផលអេឡិចត្រូនិកកើន ៤០,៣ភាគរយ និងផលិតកម្មស្បៀងកើន៤៨,៩៦ភាគរយ៕PB