The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​អង្គរ​ខ្ពស់​ជាង​តួលេខ​រដ្ឋាភិបាល

ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​អង្គរ​ខ្ពស់​ជាង​តួលេខ​រដ្ឋាភិបាល

ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​អង្គរ​ខ្ពស់​ជាង​តួលេខ​រដ្ឋាភិបាល

ភ្នំពេញៈ បើ​តាម​ទិន្នន័យ​របស់​អាជ្ញាធរ​អប្សរា​ស្តីពី​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ចូល​ទស្សនា​អង្គរវត្ត ហើយ​ដែល​ត្រូវ​បាន​គណនា​ដោយ​ភ្នំពេញ ប៉ុស្តិ៍ បង្ហាញ​ថា ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​អង្គរវត្ត​នៅ​តែ​ខ្ពស់​ជាង​តួលេខ​ដែល អាជ្ញាធរ​អប្សរា​បាន​បង្ហាញ។

ការ​គណនា​ចំណូល​នៅ​ឆ្នាំ​២០១២ មាន​រហូត​ដល់​៥១​លាន​ដុល្លារ នៅ​តែ​ខ្ពស់​ជាង​ទិន្នន័យ​របស់​រដ្ឋាភិបាល​ដែល​ថា​មាន​តែ​៣០​លាន​ដុល្លារ​នោះ ខណៈ​បក្ស​ប្រឆាំង​អះអាង​ថា មាន​រហូត​ដល់​ជាង​១៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

លោក ប៊ុន ណារិទ្ធ អគ្គ​នាយក​អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ចំណូល​ពី​ការ​លក់​សំបុត្រ​នេះ​ពិត​ជា​មាន​ក្នុង​រង្វង់​ ៥១ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ បើ​សិន​ជា​គណនា​ទៅ​តាម​ទិន្នន័យ​ជាក់ស្តែង​ពី​ចំនួន​សំបុត្រ​ដែល​បាន​លក់​ចេញ​និង​តម្លៃ​សំបុត្រ​។

លោក​បាន​ថ្លែង​ថា​៖ «ប្រសិន​បើ​យើង​មើល​ទិន្នន័យ​ហើយ​គណនា​ឲ្យ​បាន​ត្រឹម​ត្រូវ ពិត​ណាស់​ចំណូល​ពី​ការ​លក់​សំបុត្រ​ហ្នឹង​មាន​ប្រហែល​ ៥១ លាន​ដុល្លារ។ យើង​អាច​ផ្ទៀង​ផ្ទាត់​ចំនួន​ទេសចរ​បាន​ជាមួយ​វិស័យ​ឯកជន​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ដូចជា​ក្រុមហ៊ុន​ទេសចរណ៍ និង​សណ្ឋាគារ​ជាដើម»។

របាយ​ការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដែល​មាន​ហត្ថលេខា​របស់​លោក ប៊ុន ណារិទ្ធ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​ខេត្ត​សៀមរាប​មាន​ចំនួន​សរុប​ប្រមាណ​២លាន​នាក់​ប៉ុន្តែ​ចំនួន​ភ្ញៀវ​ដែល​ទិញ​សំបុត្រ​មាន​ប្រមាណ​១,៨លាន​នាក់ ដោយ​ទេសចរ​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ដោយ​មិន​បង់​ប្រាក់។

របាយ​ការណ៍​ដដែល​បាន​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ដែល​ទិញ​សំបុត្រ​ទស្សនា​សម្រាប់​មួយ​ថ្ងៃ​មាន​ចំនួន ៥៩,២ ភាគរយ​នៃ​អ្នក​ចូល​ទស្សនា​សរុប ស្មើ ១ ០៧០ ៧០៤ នាក់ (តាម​ការ​គណនា​របស់​ភ្នំពេញ ប៉ុស្តិ៍)។ ភ្ញៀវ​ដែល​ទិញ​សំបុត្រ​សម្រាប់​ទស្សនា ៣​ថ្ងៃ​មាន​ចំនួន ៣៩,៨ ភាគរយ ឬ ស្មើ​នឹង​៧១៩ ៨៣១ នាក់ ខណៈ​ដែល​អ្នក​ទិញ​សម្រាប់​មួយ​សប្តាហ៍​មាន​១​ភាគរយ​ស្មើ​នឹង ១៨ ០៨៦ នាក់។

តម្លៃ​សំបុត្រ​ចូល​ទស្សនា​មួយ​ថ្ងៃ​គឺ​២០​ដុល្លារ បី​ថ្ងៃ ៤០ ដុល្លារ និង មួយ​សប្តាហ៍​៦០ ដុល្លារ។ យោង​តាម​ចំនួន​សំបុត្រ​ដែល​បាន​លក់​ចេញ​និង​តម្លៃ​សំបុត្រ​នេះ​ប្រាក់​ចំណូល​អាច​មាន​ក្នុង​រង្វង់​៥១​លាន​ដុល្លារ​ពី​ឆ្នាំ ២០១២។

ការ​បញ្ចេញ​របាយ​ការណ៍​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​បក្ស​ប្រឆាំង​ដែល អះអាង​ថា ចំណូល​ក្នុង​មួយ​ឆ្នាំ​មាន​ជិត​២០០​លាន​ដុល្លារ។

លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា ចំណូល​បាន​ពី​សំបុត្រ​ចូល​ទស្សនា​អង្គរ​មាន​ជិត​២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

សុខ អាន ឧប​នាយក​រដ្ឋ​មន្ដ្រី រដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋ​មន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​អប្សារា ថ្លែង​ក្នុង​ខួប​៥ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ បេតិកភណ្ឌ​ពិភពលោក​ថា ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​មាន​ត្រឹម​តែ​៣០ លាន​ដុល្លារ​ប៉ុណ្ណោះ។

លោក សុន ឆ័យ បេក្ខជន​តំណាង​រាស្រ្ត​ពី​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ទិន្នន័យ​នេះ​ជា​ទិន្នន័យ​មាន​ការ​ក្លែង​បន្លំ ហើយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ជាក់ស្តែង​។ លោក​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ជាក់​ស្តែង​ដែល​ចូល​ទស្សនា​អង្គរ​អាច​មាន​រហូត​ដល់​ជាង​២ លាន​នាក់ ស្រប​ពេល​ដែល​សំបុត្រ​លក់​ចេញ​សម្រាប់​រយៈ​ពេល​បី​ថ្ងៃ​មាន​ច្រើន​ជាង។

លោក​បន្ត​ថា​៖​«គេ​តែង​លុប​ចោល​ទិន្នន័យ​ភ្ញៀវ​ចូល​ទស្សនា ដោយ​លាក់​បំបាំង​មិន​ឲ្យ​យើង​ដឹង​នោះ​ឡើយ។ យើង​បាន​ធ្វើ​ការ​សង្កេត​ជា​ច្រើន​លើក​ច្រើន​សា ហើយ​បាន​រក​ឃើញ​ថា ភ្ញៀវ​ភាគ​ច្រើន​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​យ៉ាង​ហោច​ណាស់​បី​ថ្ងៃ។ ខ្ញុំ​គិត​ថា ភ្ញៀវ​ដែល​ទិញ​សំបុត្រ​ទស្សនា​សម្រាប់​មួយ​ថ្ងៃ​មាន​តែ​ក្នុង​រង្វង់​១០​ភាគរយ​ប៉ុណ្ណោះ​នៃ​អ្នក​ចូល​ទស្សនា​សរុប»។

លោក​អំពាវនាវ​ឲ្យ​មាន​ការ​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​ចុះ​សិក្សា​ពី​ចំណូល​ជាក់ស្តែង​ដើម្បី​ពង្រឹង​តម្លាភាព​នៃ​ការ​គ្រប់​គ្រង និង​បង្កើន​ភាព​ជឿ​ជាក់​ដល់​សាធារណជន។

អត្ថបទ​របស់​ភ្នំពេញ ប៉ុស្តិ៍ ដែល​ចុះ​ផ្សាយ​កន្លង​មក​បង្ហាញ​ថា ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ អាជ្ញាធរ​អប្សារា និង​ក្រុមហ៊ុន សុខា ហូតែល របស់​លោក សុខ គង់។ ក្នុង​នោះ​ចំណូល ៣ លាន​ដំបូង​ត្រូវ​បែង​ចែង​ស្មើ​គ្នា​រវាង​ភាគី ទំាង​ពីរ។ ចំណូល​ដែល​នៅ​សល់​ត្រូវ​បាន​បែង​ចែក​ដូច​ខាង​ក្រោម ១៥ ភាគរយ​សម្រាប់​អភិវឌ្ឍ​តំបន់​អង្គរ​៦៨​ភាគរយ បែក​ចែក​ទៅ​ឲ្យ​អាជ្ញាធរ​អប្សរា ខណៈ​ដែល​ចំនួន​១៧ ភាគរយ​ត្រូវ​បែង​ចែក​ទៅ​ឲ្យ​ក្រុមហ៊ុន សុខា ហូតែល៕

អត្ថបទគួរចាប់អារម្មណ៍