ភ្នំពេញៈ កម្ពុជារកចំណូលបានជាង៧០០លានដុល្លារពីវិស័យទេសចរណ៍ក្នុងរយៈពេលបីខែដំបូងឆ្នាំ២០១៤ ខណៈចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាសរុបនៅត្រីមាសទី១ ឆ្នាំនេះ កើនជិត៩ភាគរយ។
យោងតាមតួលេខពីក្រសួង ទេសចរណ៍ចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា មានភ្ញៀវចំនួន១,២ លាននាក់ ក្នុងរយៈពេលនេះដែលកើនឡើង៨,២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឲ្យដឹងថា កម្ពុជារកចំណូលពីវិស័យទេសចរណ៍បានប្រមាណជាង៧០០ លានដុល្លារក្នុងរយៈ៣ខែដំបូងឆ្នាំនេះ។
លោកបន្តថា ក្នុងចំណោមភ្ញៀវអន្តរជាតិសរុប ភ្ញៀវជនជាតិវៀតណាមនៅតែឈរនៅលេខរៀងទី១ ចិនឈរនៅលេខរៀងទី២ កូរ៉េខាងត្បូងឈរនៅលេខរៀងទី៣ ឡាវឈរនៅលេខរៀងទី៤ និងជប៉ុននៅលេខរៀងទី៥ ខណៈភ្ញៀវថៃថយចុះ៩,២ភាគរយ។ លោកបន្ថែមថា តួលេខដែលកើនឡើងនេះគឺសមស្របតាមការព្យាករដែលថា ភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជានឹងកើនរហូតដល់៤,៧ លាននាក់នៅក្នុងឆ្នាំនេះ។
លោកមានប្រសាសន៍ថា៖ «៨,២ ភាគរយមិនមែនជាកំណើនតិចនោះទេ។ នៅត្រីមាសទីមួយយើងបាន១,២លាននាក់។ នៅ៣ត្រីមាសទៀត យើងអាចឃើញចំនួនហើយ។ ភ្ញៀវនឹងចាប់ផ្តើមមកច្រើននៅក្នុងខែតុលា»។
លោក បន្ថែមថា ចំនួនភ្ញៀវដែលកើនឡើងនេះគឺដោយសារតែសេដ្ឋកិច្ចនៅប្រទេសក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាប្រភពភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា មានស្ថានភាពល្អ ដែលជំរុញឲ្យប្រជាជននៅប្រទេសទាំងនោះធ្វើដំណើរកម្សាន្ត។
លោកថ្លែងថា៖ «ស្ទើរតែ៧៥ភាគរយនៃភ្ញៀវបរទេសសរុបគឺមកពីប្រទេសស្ថិតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានដូចជា ចិន កូរ៉េ និងជប៉ុនជាដើម ហើយស្ថានភាពសេដ្ឋកិច្ចនៅទីនោះមានសភាពប្រសើរ អ៊ីចឹងគេដើរកម្សាន្តច្រើន ហើយពេលគេមកទេសចរក្នុងតំបន់អាស៊ាន គេនឹងទស្សនា២ទៅ៣ប្រទេស ហើយកម្ពុជាជាកន្លែងដែលគេមិនអាចរំលងបាន»។
លោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាឲ្យដឹងថា លោកមានសុទិដ្ឋិនិយមចំពោះកំណើនភ្ញៀវទស្សនាកម្ពុជាក្នុងខែបន្ទាប់ៗនៅឆ្នាំនេះ ប៉ុន្តែថា ដើម្បីរក្សាកំណើនភ្ញៀវ កម្ពុជាត្រូវការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដែលមាន គុណភាព និងបន្តពង្រឹងធនធានមនុស្សនៅក្នុងវិស័យនោះផងដែរ។
លោកនិយាយថា៖ «យើងត្រូវការ ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព ក្នុងនោះមានដូចជា ស្ពាន ផ្លូវជាតិ និងផ្លូវតូចៗដែលតភ្ជាប់ទៅកាន់រមណីយដ្ឋាននានាដែលនៅឆ្ងាយៗ»។
លោកបន្តថា៖ «ជាមួយគ្នានោះដែរ បុគ្គលិកដែលធ្វើការក្នុងវិស័យនេះ គួរតែមានការបណ្តុះបណ្តាលពីវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច»។
លោកបន្ថែមថា ក្រៅពីក្រសួងទេសចរណ៍ និងអ្នកនៅក្នុងវិស័យឯកជនផ្នែកទេសចរណ៍នេះ អាជ្ញាធរពាក់ព័ន្ធ ក៏គួរតែរួមចំណែកជំរុញវិស័យទេសចរណ៍ផងដែរ។ លោកថ្លែងបន្តថា៖«អាជ្ញាធរពាក់ព័ន្ធ គួរតែយល់ដឹងពីវិស័យទេសចរណ៍ដែរព្រោះវាជាផ្នែកមួយនៃបដិសណ្ឋារកិច្ច»៕