ភ្នំពេញៈ ចំណូលរបស់ប្រៃសណីយ៍កម្ពុជាជាសហគ្រាសគ្រប់គ្រងដោយរដ្ឋដែលគ្រោងចុះបញ្ជីក្នុងផ្សារហ៊ុនកើនឡើងជិត១០ភាគរយកាលពីឆ្នាំ២០១២បើធៀបនឹង២០១១ដែលកំណើននេះកំពុងឆ្លុះបញ្ចាំងពីការវិវត្តពីប្រតិបត្តិការដោយរដ្ឋទាំងស្រុងទៅជាអង្គភាពពាក់កណ្ដាលស្វយ័ត។
ប្រៃសណីយ៍កម្ពុជាត្រូវបានធ្វើឯកជនភាវូនីយកម្មដោយរដ្ឋាភិបាលក្នុង២០១១ ដើម្បីកែលម្អសេវាកម្មនិងធ្វើឲ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងផ្ទៃក្នុងដើម្បីប្រកួតប្រជែងជាមួយបណ្ដាក្រុមហ៊ុនឯកជនជាច្រើនផ្សេងទៀត។
ទិន្នន័យផ្លូវការបានមកពីប្រៃសណីយ៍កម្ពុជាបានបង្ហាញថានៅឆ្នាំ២០១២ក្រុមហ៊ុននេះរកចំណូលបានប្រមាណ៤លានដុល្លារកើនឡើងពី៣,៧ភាគរយនៅឆ្នាំ២០១១។
លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជាបាននិយាយថាការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនិងកំណើនពលករចំណាកស្រុកជាហេតុផលដ៏សំខាន់ដែលនាំឲ្យមានការកើនឡើងនេះ។
លោកថ្លែងបន្តថា៖ «តាមពិតអាជីវកម្មរបស់យើងដំណើរការល្អក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះបន្ទាប់ពីការធ្វើកំណែទម្រង់ ដោយសារតែពួកគេធ្វើឲ្យល្អឡើងនិងសេវាកម្មរបស់យើងកាន់តែល្អប្រសើរជាងមុនរួមទាំងការផ្សព្វផ្សាយដើម្បីប្រកួតជាមួយក្រុមហ៊ុន២០ផ្សេងទៀត»។
លោកថ្លែងថា៖ «ខ្ញុំក៏បានកត់សម្គាល់ផងដែរថាពេលមានមនុស្សកាន់តែច្រើនទៅធ្វើការនៅក្រៅប្រទេសយើងនឹងទទួលបានការដឹកជញ្ជូនកាន់តែច្រើនឡើងដែរ»។ លោកថ្លែងថា CP ចំនួនដឹកជញ្ជូននៅបរទេសបានកើនឡើងពី១ដងក្នុងមួយថ្ងៃទៅដល់៣ ដងក្នុងមួយថ្ងៃ។ លោកបន្តថាថ្មីៗនេះ CP កំពុងតែធ្វើការសិក្សានៅទីផ្សារកាតា និងកំពុងតែធ្វើការចរចាជាមួយក្រុមហ៊ុនអាកាសចរណ៍បារាំងដើម្បីពង្រីកសេវាកម្មបន្ថែមលើទីផ្សារអឺរ៉ុប។
ភ្នំពេញ ប៉ុស្ដិ៍រាយការណ៍កាលពីលើកមុនថាក្រសួងបានប្រមូលប្រាក់ចំណូលបានប្រហែល២២,២លានដុល្លារក្នុងឆ្នាំ២០១១ ធ្លាក់ពី៣០លានដុល្លារក្នុងឆ្នាំ២០១០ ដោយសារតែបំណុលដែលក្រុមហ៊ុនទូរគមនាគមន៍បានជំពាក់ជាង៤៥លាន ដុល្លារ។
ទោះបីយ៉ាងនេះក្តីទិន្នន័យចំណូលជាផ្លូវការសម្រាប់ឆ្នាំ២០១២របស់ក្រសួងមិនត្រូវបានផ្សាយឲ្យដឹងនៅឡើយទេ។
លោក សុន ឆ័យ សមាជិកសភាមកពីគណបក្ស សម រង្ស៊ី បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍កាលពីលើកមុនថាក្រសួងប្រមូលប្រាក់ចំណូលមិនបានល្អដែលធ្វើឲ្យវិស័យនេះបាត់ប្រាក់១០០ លានដុល្លារជារៀងរាល់ឆ្នាំ៕ PB