ភ្នំពេញៈ ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្គ្រេនធ្វីន ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាបានបង្ហាញពីកំណើនប្រាក់ចំណូល ៨៣ ភាគរយដល់ ៤៣,៥៣ លានដុល្លារនៅត្រីមាសទី ២ ឆ្នាំ ២០១៩ នេះធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨។ នេះបើតាមរបាយការណ៍ប្រចាំត្រីមាសដែលបានផ្ញើទៅកាន់ផ្សារហ៊ុន។
របាយការណ៍បង្ហាញថា ក្រុមហ៊ុន ហ្គ្រេនធ្វីន ដែលផ្គត់ផ្គង់សម្លៀកបំពាក់ទៅឲ្យក្រុមហ៊ុនធំៗនៅអឺរ៉ុប ដូចជា Adidas ក៏ទទួលបានកំណើនប្រាក់ចំណេញសុទ្ធផងដែរក្នុងអំឡុងពេលនេះដោយកើនឡើងជាង ១២៣ ភាគរយ រហូតដល់ ២០៥ ៥២០ ដុល្លារ។
លោក យ៉ាង សាវស៊ីន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានផ្ញើទៅកាន់ផ្សារហ៊ុនថា ក្រុមហ៊ុននៅតែខិតខំបង្កើនទំនាក់ទំនងជាមួយអតិថិជន ពិសេសក្រុមហ៊ុន Adidas ដើម្បីបង្កើនការបញ្ជាទិញសម្រាប់ឆ្នាំ ២០១៩ នេះ។
លោកថ្លែងថា៖ «យើងនឹងខិតខំបន្ថែមទៀតដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងក្នុងការពង្រឹងអភិបាលកិច្ចសាជីវកម្មរបស់ក្រុមហ៊ុន ហើយនៅតែប្រកាន់ភ្ជាប់នូវទស្សនវិស័យ និងបេសកកម្មដែលកំណត់ពីឆ្នាំមុនៗ។ សម្រាប់ត្រីមាសបន្ទាប់ ក្រុមហ៊ុនរំពឹងថានឹងទទួលបានប្រាក់ចំណេញប្រសើរជាងត្រីមាសទី២»។
របាយការណ៍បានបង្ហាញថា សម្រាប់រយៈពេល ៦ ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ ក្រុមហ៊ុន ហ្គ្រេនធ្វីនទទួលបានចំណូលសរុបជាង ៨០ លានដុល្លារ កើនឡើង ៧០ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ខណៈដែលប្រាក់ចំណេញក្រោយការបង់ពន្ធសម្រេចបាន ៣៧៧ ៨០០ ដុល្លារ កើនឡើង ២១ ភាគរយ៕ LA