
ទិដ្ឋភាពនៅខាងមុខអគារណាហ្គាវើល ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ។ រូប ផា លីណា
ភ្នំពេញៈ ចំណូលរបស់កាស៊ីណូ NagaWorld ដែលទទួលបានសិទិ្ធវិនិយោគលើកាស៊ីណូផ្តាច់មុខតែ ១ គត់នៅចំកណ្តាលទីក្រុងភ្នំពេញបង្ហាញកំណើនខ្ពស់ ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ រហូតដល់ជាង ១ ពាន់លានដុល្លារអាមេរិកដែលជំរុញដោយកំណើនដ៏ខ្លាំងនៃភ្ញៀវថ្នាក់ VIP។
NagaCorp ជាក្រុមហ៊ុនមេរបស់ NagaWorld ដែលបានចុះបញ្ជីនៅផ្សារហ៊ុនហុងកុង បានចេញរបាយការណ៍ត្រីមាសទី ៣ របស់ខ្លួនកាលពីថ្ងៃចន្ទ ដោយបង្ហាញពីកំណើនប្រាក់ចំណូលដុលពីការលេងល្បែង (GGR) ៩៤ ភាគរយ រហូតដល់ ១,០៧ ពាន់លានដុល្លារ។
កាស៊ីណូនេះបានមើលឃើញ កំណើននៅក្នុងប្រតិបត្តិការថ្នាក់ VIP ដែលក្នុងនោះទំហំទឹកប្រាក់ដែលបានភ្នាល់បានកើនឡើង ១២៨ ភាគរយដល់ ២៥ ពាន់លានដុល្លារ ក្នុងអំឡុងពេលនេះដែលមានទំហំធំជាង GDP របស់កម្ពុជាកាលពីឆ្នាំ ២០១៦ ដែលមានតែជាង ២០ ពាន់លានដុល្លារប៉ុណ្ណោះ។
លោក Timothy Patrick McNally ប្រធានកាស៊ីណូ NagaCorp បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ការបើកដំណើរការ Naga 2 កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ បានបង្កើនតម្រូវការ សមត្ថភាព និងគុណភាពខ្លាំង ដើម្បីបង្កើនថ្នាក់ VIP ការលេងល្បែងទូទៅ និងសេវាមិនមែនជាល្បែង។
Naga 1 និង Naga 2 រួមគ្នា ត្រូវបានហៅថា NagaWorld Complex និងត្រូវបានតភ្ជាប់តាមរយៈផ្សារទំនើបក្រោមដី ដែលគេហៅថា NagaCity Walk។
លោកថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «កំណើនទេសចរ ជាពិសេសមកពីប្រទេសចិន និងបរិយាកាសនយោបាយប្រកបដោយស្ថិរភាព ក្រុមហ៊ុននេះកំពុងស្ថិតក្នុងដំណាក់កាលនៃការ រៀបចំផែនការសម្រាប់ការ អភិវឌ្ឍ Naga 3»។
លោកថ្លែងថា៖ «ផ្អែកលើការឆ្លើយតបពីភាគទុនិក ក្រុមហ៊ុននេះមានទំនុកចិត្តថា សមត្ថភាពបន្ថែមគឺចាំបាច់ក្នុងការជំរុញបន្ថែមនូវកំណើនអាជីវកម្ម (ទាំងការលេងល្បែង និងមិនមែនការលេងល្បែង) ដើម្បីដាក់ក្រុមហ៊ុននេះក្លាយជា រមណីយដ្ឋានមួយទទួលជោគជ័យខ្លាំងបំផុតនៅអាស៊ី»។
សេចក្ដីប្រកាសព័ត៌មាននេះ មិនបានលម្អិតពីទីតាំង Naga 3 នឹងត្រូវសាងសង់នោះទេ។
របាយការណ៍ប្រចាំត្រីមាសរបស់ NagaCorp មិនបានបង្ហាញប្រាក់ចំណេញ ក្នុងអំឡុង ៩ ខែនេះ ប៉ុន្តែរបាយការណ៍ឆ្នាំ ២០១៧ បានបង្ហាញថា NagaWorld រកបានប្រាក់ចំណេញសុទ្ធ ២៥៥,២ លានដុល្លារកាលពីឆ្នាំមុន។
កាលពីឆ្នាំ ២០១៧ NagaCorp ត្រូវបានរាយការណ៍ថាបានចំណាយពន្ធលើប្រាក់ចំណូល ៨,១២ លានដុល្លារ ខណៈចំណូលលេងល្បែងដុល (GGR) កាលពីឆ្នាំ ២០១៧ មានចំនួន ៩២៦ លានដុល្លារ។ នេះបង្ហាញថា អត្រាពន្ធដែលបានដាក់មានតែ ០,៨៧ ភាគរយ បើផ្អែកលើ GGR របស់ក្រុមហ៊ុននេះ។
កម្ពុជាមានអត្រាពន្ធមួយទាបបំផុតនៅលើពិភពលោកសម្រាប់វិស័យកាស៊ីណូ។ របាយការណ៍ឆ្នាំ ២០១៥ បានពី PricewaterhouseCoopers ជាក្រុមហ៊ុនគណនេយ្យ បានកត់សម្គាល់ថា ទីក្រុង ម៉ាកាវ មានពន្ធ ៣៥ ភាគរយលើ GGR ខណៈប្រទេស អូស្ដ្រាលី មានអត្រាពន្ធចន្លោះពី ១០ ទៅ ៤៥ ភាគរយ ហើយប្រទេស សិង្ហបុរី មានអត្រាពន្ធចន្លោះពី ៥ ទៅ ១៥ ភាគរយ។
លោក រស់ ភីរុណ អនុប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ខណៈច្បាប់កាស៊ីណូនៅកម្ពុជា មិនទាន់ត្រូវបានបញ្ចប់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលប្រាក់ចំណូលពន្ធពីកាស៊ីណូ ផ្អែកលើការកំណត់ទិសដៅនៅក្នុងច្បាប់ថវិកាជាតិ។
លោក ភីរុណ មិនបានបង្ហាញចំនួននៃការប្រមូលប្រាក់ចំណូលពន្ធ ពីវិស័យលេងល្បែងកាលពីឆ្នាំមុនទេ ប៉ុន្តែថ្លែងថា វាទទួលបាន ៩៦ ភាគរយនៃថវិកា។
យោងតាមលោក ភីរុណ កាស៊ីណូទទួលបានអាជ្ញាប័ណ្ណ ១៣៣ នៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមនោះជិតពាក់កណ្ដាលនៃកាស៊ីណូទាំងនោះ មានទីតាំងនៅក្នុងខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «រហូតមកដល់ពេលនេះ សេចក្ដីព្រាងច្បាប់ កំពុងស្ថិតនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ បន្ទាប់ពីច្បាប់នេះត្រូវបញ្ចប់ដាក់ឲ្យអនុវត្ត យើងសង្ឃឹមថា ការប្រមូលប្រាក់ចំណូលពន្ធពីវិស័យលេងល្បែង នឹងកើនឡើង»។
លោក សន ជ័យ នាយកប្រតិបត្តិ សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានឲ្យដឹងថា កំណើនប្រាក់ចំណូលនៃអាជីវកម្មកាស៊ីណូ មិនមែនជាព័ត៌មានគួរត្រូវបានស្វាគមន៍នោះទេ ប៉ុន្តែផ្ទុយទៅវិញវាជានិន្នាការគួរឲ្យបារម្ភមួយ លើហានិភ័យសង្គម។
លោកបានឲ្យដឹងថា មានការកើនឡើងចំនួនកាស៊ីណូ នៅខេត្តព្រះសីហនុ ប៉ុន្តែមានផលប៉ះពាល់អវិជ្ជមានច្រើននៅក្នុងខេត្តនេះ ដោយសារតែចំនួនអ្នកលេងល្បែងកាន់តែច្រើនឡើងៗ។
លោកថ្លែងថា៖ «ខ្ញុំមិនជឿនៅឡើយទេថា ការប្រមូលពន្ធលើចំណូលពីអាជីវកម្មកាស៊ីណូ កំពុងរួមចំណែកក្នុងការដោះស្រាយបញ្ហានេះ។ ប្រាក់ចំណូលកាន់តែច្រើនបានពីការលេងល្បែង មានន័យថាពន្ធកាន់តែច្រើន ប៉ុន្តែតើយើងពិតជាទទួលបានប្រាក់ចំណូលពន្ធពិតប្រាកដទេ?»។
លោកបន្ថែមថា ប្រសិនបើការអនុវត្តច្បាប់មិនរឹងមាំគ្រប់គ្រាន់នោះទេ កំណើនប្រាក់ចំណូលពន្ធនៅក្នុងអាជីវកម្មកាស៊ីណូ គឺជាការបារម្ភមួយនៃបញ្ហាសង្គម។
លោកបន្តថា៖ «យើងតែងតែឆ្ងល់ថា នៅពីក្រោយកំណើនប្រាក់ចំណូលដ៏ច្រើននៅក្នុងអាជីវកម្មកាស៊ីណូនេះ តើនរណាជាអ្នកចាញ់? តើអ្វីជាផលប៉ះពាល់អវិជ្ជមានដល់សង្គមរបស់យើង?»៕LA