ភ្នំពេញៈ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ដែល​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា បាន​រាយការណ៍​ពី​កំណើន​ប្រាក់ចំណូល​ដ៏រឹងមាំ​នៅ​ត្រីមាស​ទី​ ៣ ​ឆ្នាំនេះ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំទៅ ដែល​គាំទ្រ​ដោយ​ប្រាក់ចំណូល​ពី​ការលក់​ដី​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ PPSP ស្តីពី​របាយការណ៍​ហិរញ្ញវត្ថុ ដែល​បាន​ផ្ញើ​ទៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) កាលពី​សប្ដាហ៍​មុន ប្រាក់ចំណូល​សរុប​របស់ PPSP បាន​កើនឡើង ៤៦,៩៦ ភាគរយ​ ដែល​ទទួលបាន​ជាង​ ២ ​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ៣ ឆ្នាំនេះ​ ធៀប​នឹង​ ១,៤ ​លាន​ដុល្លារ​ នៅ​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៨​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​ថា ការកើនឡើង​ប្រាក់​ចំណូល​សរុប​ភាគច្រើន​ជំរុញ​ដោយ​ការកើនឡើង​ដ៏ធំ​ក្នុង​ការលក់​ដី​នៅ​ត្រីមាស​នេះ​។ ប៉ុន្តែ​យោងតាម​របាយការណ៍​នេះ ក្រុមហ៊ុន​បាន​រាយការណ៍​ការខាតបង់​ប្រាក់ចំណេញ ៣០,៤៩ ភាគរយ​ ដែល​ទទួលបាន ៧៦២ ៦៦៥ ដុល្លារ​ ធៀប​នឹង​ ១,១ ​លាន​ដុល្លារ​កាលពី​ត្រីមាស​ទី​ ៣ ​ឆ្នាំ​មុន​។

លោកស្រី គីម សុផានីតា ប្រធានស្តីទី​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការធ្លាក់ចុះ​ប្រាក់ចំណេញ​នេះ មិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ជារួម​របស់​ក្រុមហ៊ុន​នេះ​ទេ​ដោយសារ​តែ​​វា​គ្រាន់តែ​ជា​រយៈពេល​មួយ​ប៉ុណ្ណោះ ខណៈ​តួនាទី​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​នៅតែ​រឹងមាំ​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ក្រុម​វិនិយោគិន​នឹង​ពិនិត្យ​ដោយ​ស៊ីជម្រៅ​លើ​ព័ត៌មាន​លម្អិត នៅពេល​និយាយ​ពី​ការវាយតម្លៃ​អាជីវកម្ម និង​មិនមែន​គ្រាន់តែ​មួយពេល​នោះទេ​»​។

លោកស្រី​បន្តថា ប្រតិបត្តិការ​ត្រីមាស​ទី​ ៣ ​របស់ PPSP មិនល្អ​នោះ​ទេ ដែល​បង្ហាញ​ការធ្លាក់ចុះ​ប្រាក់ចំណេញ​ ៣០ ​ភាគរយ ទោះបី​ជា​ប្រាក់ចំណូល​កើនឡើង​ ៤៧ ​ភាគរយ​ក៏ដោយ​។

លោកស្រី​បន្ថែមថា​៖ «​ប៉ុន្តែ​ប្រសិនបើ​យើង​ពិនិត្យមើល​ប្រតិបត្តិការ​រយៈពេល​ ៩ ​ខែ​នេះ PPSP ទទួលបាន​ប្រាក់ចំណេញ​ចំនួន​ច្រើន ៣៥ ២៨១ ៨៩៨ ០០០ រៀល ឬ​ប្រហែល ៨ ៦១៥ ៨៤៨ ដុល្លារ ខណៈ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ក្រុមហ៊ុន​នេះ​បាន​ខាតបង់ ២ ២០៨ ៩៥០ ដុល្លារ​។ ខ្ញុំ​គិតថា វា​នៅតែ​បង្ហាញ​ចក្ខុវិស័យ​វិជ្ជមាន​សម្រាប់​ប្រតិបត្តិការ​ពេញ​ ១ ​ឆ្នាំ ​ដោយសារ​តែ​ប្រតិបត្តិការ​ដ៏រឹងមាំ​របស់ខ្លួន​នៅ​ត្រីមាស​ទី​ ១ និង​ត្រីមាស​ទី​ ២»​។

PPSEZ បាន​ក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី​ទី​ ៤ នៅលើ CSX កាលពី​ខែ​ឧសភា​ ឆ្នាំ​ ២០១៦​។ ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា​ខ្លួន​នឹង​ប្រើប្រាស់​ទឹកប្រាក់​នេះ ដើម្បី​គាំទ្រ​ដល់​ការពង្រីក​អាជីវកម្ម ឱកាស​អភិវឌ្ឍ​អាជីវកម្ម​ថ្មី និង​សម្រាប់​គោលបំណង​សាជីវកម្ម​ទូទៅ​៕LA