ភ្នំពេញៈ ក្រុមហ៊ុន​ Siam Cement Group (SCG) បាន​​បង្ហាញ​​ប្រតិបត្តិការ​ដ៏​រឹងមាំ​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​​កម្ពុជា ​នៅ​ត្រីមាស​ទី​១ ​ឆ្នាំ​នេះ​ ​ដោយ​ប្រាក់​ចំណូល​បាន​ពី​ការ​លក់ ​កើន​ឡើង ​៩ ​ភាគរយ​នៅ​អំឡុង​ពេល​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​ក្រុមហ៊ុន​នេះ​បាន​​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​ក្រុមហ៊ុន​ SCG Cambodia បាន​រាយការណ៍​ប្រាក់​ចំណូល​បាន​ពី​​ការ​លក់​ចំនួន​ ១១០ ​លាន​ដុល្លារ ​ក្នុង​អំឡុង​ពេល ៣ ​ខែ​ដំបូង​ឆ្នាំ ​២០១៩​ កើន​ឡើង​ ​៩​ ភាគរយ​ធៀប​នឹង​រយៈពេល​ ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨​។​

របាយការណ៍​​បន្ថែម​ថា​ ទ្រព្យ​សកម្ម​របស់​​ក្រុមហ៊ុន​នេះ​កាល​​ពី​ចុង​ខែ​មីនា​ ឆ្នាំ​នេះ​បាន​កើន​ឡើង​ដល់ ​៣៥៦ ​លាន​ដុល្លារ​ កើន​ឡើង ​៩ ​ភាគរយ​កាល​ពី ចុង​ខែ ​មីនា​ ឆ្នាំ ​២០១៨​។​

ក្រុមហ៊ុន ​SCG​ ទើប​តែ​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​​កម្មវិធី «​ដំណោះ​ស្រាយ​​​ផ្ទៃ​ក្នុង» ដោយ​​អះអាង​ថា​ កម្មវិធី​នេះ​នឹង​​​ផ្តល់​អត្ថប្រយោជន៍​​បន្ថែម​ទៀត​ដល់​​អតិថិជន ​ដែល​កំពុង​តែ​​ត្រូវ​ការ​​សេវា​​ច្រក​ចេញ​ចូល​តែ​មួយ ចាប់​ពី​​​ការ​រចនា​ម៉ូដ​ សំណង់​ រហូត​ដល់​ការ​តុបតែង​​។

លោក ​ស៊ុមវ៉ាង ​មែន​ភិមុណ​ឆៃ​ អគ្គនាយក​ SCG ប្រ​ចាំ​កម្ពុជា​​បាន​លើក​ឡើង​ថា៖ «​ដំណោះ​ស្រាយ​នេះ គឺ​ជា​ការ​ពង្រីក​បន្ថែម​​នៃ​ការ​ផ្តល់​ជូន​របស់​ ក្រុមហ៊ុន ​SCG ដែល​មាន​គោល​បំណង​ក្នុង​ការ​​ជួយ​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ល្អ​ប្រសើរ​​សម្រាប់​​អតិថិជន​​កម្ពុជា​»​។

ក្រុមហ៊ុន​នេះ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ប្រាក់​ចំណេញ​ដែល​​ប៉ាន់​​ប្រមាណ​របស់​ខ្លួន​នៅ​​រយៈពេល​ ៣ ខែ​ដំបូង​ឆ្នាំ​នេះ​ទេ​។​ ​កាល​ពី​ឆ្នាំ​មុន ​ក្រុមហ៊ុន​ SCG Cambodia ​បាន​ទទួល​​ចំណូល​​ពី​ការ​លក់​ចំនួន​ ៣៩៦​ លាន​ដុល្លារ​កើន​​ ១​៥​ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៧​៕LA​