ភ្នំពេញៈ ការចរាចរប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចកម្ពុជាគិតត្រឹមដំណាច់ឆ្នាំ ២០១៩ បានកើនដល់ប្រមាណ ៣៣ ភាគរយ ខណៈប្រាក់បញ្ញើកើនដល់ ៣៧ ភាគរយ។ នេះបើតាមធនាគារជាតិនៃកម្ពុជា (NBC)។
សេចក្តីប្រកាសព័ត៌មានរបស់ NBC កាលពីចុងសប្តាហ៍មុនបានសរសេរថា តម្រូវការប្រាក់រៀលក្នុងទីផ្សារបានកើនឡើងជាលំដាប់ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់រៀលក្នុងសេដ្ឋកិច្ច ៣៣ ភាគរយ និងកំណើនប្រាក់បញ្ញើជារៀលមានចំនួន ៣៧ ភាគរយ។ កំណើននេះបានបន្ទាបកម្រិតដុល្លារនីយកម្មបន្តិច (វាស់ដោយអនុបាតប្រាក់បញ្ញើជារូបិយប័ណ្ណធៀបនឹងរូបិយវត្ថុទូទៅមកនៅត្រឹម ៨២,៩ ភាគរយ ធៀបនឹង ៨៤,៨ ភាគរយ កាលពីឆ្នាំ ២០១៨។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០ របស់ធនាគារជាតិនៃកម្ពុជាកាលពីល្ងាចថ្ងៃសុក្រ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបាននិយាយថា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជាដោយរហូតមកដល់ពេលនេះ NBC បានធ្វើកិច្ចការជាច្រើនដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល។
លោកបនុ្តថា ជាក់ស្តែងក្នុងឆ្នាំ ២០១៩ កន្លងមកកម្រិតនៃដុល្លារនីយកម្មបានថយចុះបន្តិច ប៉ុន្តែចំនួននេះនៅតែមានអត្រាខ្ពស់ដែលទាមទារឲ្យមានការដាក់ចេញនូវឧបករណ៍គោលនយោបាយផ្សេងៗបន្ថែមទៀត។ លោកថ្លែងថា៖ «ខ្ញុំសូមស្នើឲ្យអគ្គនាយកដ្ឋានទាំងអស់បន្តនូវការអនុវត្តវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាប្រចាំ ដោយពង្រឹងការអនុវត្តវិធានការដែលមានស្រាប់ និងវិធានការថ្មីៗដោយផ្អែកលើស្ថានភាពជាក់ស្តែង»។
វិធានការដែល NBC កំពុងដាក់ឲ្យអនុវត្តដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលមានដូចជាការផ្តល់សន្ទនីយភាពជាប្រាក់រៀលដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុការសហការជាមួយក្រសួងពាណិជ្ជកម្មក្នុងការជំរុញការអនុវត្តស្តីពីការបិទស្លាកតម្លៃជាប្រាក់រៀល ការតម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសម្ពាធឥណទាន (ទំហំឥណទាន) ជាប្រាក់រៀលយ៉ាងតិច ១០ ភាគរយ ការប្រើប្រាស់ប្រព័ន្ធសេវាទូទាត់រហ័សជាប្រាក់រៀលដែលមានការចំណាយតិច និងឆាប់រហ័ស និងការអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចេញផ្សាយសញ្ញាបណ្ណសាជីវកម្មជាប្រាក់រៀលជាដើម។
លោកបានលើកឡើងទៀតថា ធនាគារជាតិនៃកម្ពុជាមានតួនាទីជាចម្បងក្នុងការរក្សាស្ថិរភាពថ្លៃដែលនេះគឺជាផ្នែកមួយក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលផងដែរ។ លោកថ្លែងថា៖ «ដើម្បីបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព បរិយាប័ន្ន និងកាត់បន្ថយភាពក្រីក្រ ធនាគារជាតិនៃកម្ពុជានឹងបន្តលើកកម្ពស់ប្រសិទ្ធភាព និងគោលនយោបាយហិរញ្ញវត្ថុសំដៅចូលរួមចំណែករក្សាស្ថិរភាពថ្លៃ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច»។
តាម NBC តាមរយៈការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់បានធ្វើឲ្យការបញ្ចេញប្រាក់រៀលក្នុងឆ្នាំ ២០១៩ មានទំហំស្មើនឹង ២ ដងនៃទំហំក្នុងឆ្នាំ ២០១៨។
បើតាមលោក ឈឹម ច័ន្ទកុសល ប្រធាននាយកដ្ឋានបោះផ្សាយ និងឃ្លាំងបេឡានៃធនាគារជាតិនៃកម្ពុជា ការបោះផ្សាយប្រាក់រៀលឲ្យចរាចរនៅក្នុងឆ្នាំ ២០១៩ បានកើនឡើង ៥០,៤ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ជាពិសេសគឺក្រដាសប្រាក់ប្រភេទធំៗ ដូចជា ១០០ ០០០ រៀល (កើនឡើង ៣ ដង) និង ៥០ ០០០ រៀល (កើនឡើង ២ ដង)។
ក្នុងឆ្នាំ ២០១៩ អត្រាប្តូរប្រាក់រៀលគឺមានស្ថិរភាពល្អដោយស្ថិតក្នុងកម្រិតជាមធ្យម ៤ ០៦៥ រៀលក្នុង ១ ដុល្លារ ធៀបនឹងឆ្នាំមុន ៤ ០៥១ រៀល។ បរិបទនៃតម្លៃរបស់ប្រាក់រៀលតែងមានការប្រែប្រួលបន្តិចបន្តួចទៅតាមកត្តារដូវកាលជាពិសេសកំណើនតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធ។ នេះបើតាមទិន្នន័យរបស់ NBC៕LA