ភ្នំពេញៈ ចំនួនទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុចាប់ពីដើមឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១០ ខែឧសភា មានកំណើនជិត ៥ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩ បាននាំឲ្យរំខានដល់អាជីវកម្មនៅជុំវិញពិភពលោក ខណៈអ្នកជំនាញដឹកជញ្ជូនរំពឹងថា វានឹងធ្លាក់ចុះនៅត្រីមាសទី ២ នេះ។
ទិន្នន័យដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីលោក លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃចន្ទ បង្ហាញថាគិតចាប់ពីដើមឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១០ ខែឧសភា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានទូកុងតឺន័រឆ្លងកាត់សរុប ២១៨ ០៥០ (TEUs) កើន ៤,៩២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ដែលមាន ២០៧ ៨១៨ (TEUs)។ ដោយឡែកក្នុងរយៈពេលដូចគ្នានេះកាលពីឆ្នាំ ២០១៩ ចំនួនទូកុងតឺន័រមានកំណើន ១៥,៥១ ភាគរយធៀបនឹងឆ្នាំ ២០១៨ ដែលមាន ១៧៩ ៩១៣ (TEUs)។
ទោះជាយ៉ាងណាលោក លូ គឹមឈន់ មិនបានផ្តល់ព័ត៌មានលម្ពិតអំពីការវិវឌ្ឍថ្មីៗជុំវិញចរន្តដឹកជញ្ជូននោះទេ។
ជាមួយគ្នានេះចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវបានអ្នកជំនាញព្យាករថានឹងធ្លាក់ចុះច្រើនក្នុងត្រីមាសទី ២ នេះ ខណៈទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិភាគច្រើន (សម្លៀកបំពាក់ ស្បែកជើង និងសម្ភារ ធ្វើដំណើរ) ត្រូវបានអ្នកបញ្ជាទិញសម្រេចលុបចោលជាបន្តបន្ទាប់។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា បរិមាណចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុពិតជាមានកំណើននាដើមឆ្នាំ ២០២០ ប៉ុន្តែការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យការដឹកជញ្ជូនទំនិញគ្រប់ប្រភេទនៅកម្ពុជាបន្តធ្លាក់ចុះជាបន្តបន្ទាប់ ពិសេសនារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
លោកបន្តថា អាមេរិក និងអឺរ៉ុបជាទីផ្សារធំ និងសំខាន់ជាងគេរបស់កម្ពុជា ហេតុនេះការបិទខ្ទប់សេដ្ឋកិច្ចមួយចំនួននៅក្នុងបណ្តាប្រទេសទាំងអស់នេះគឺពិតជាមានផលប៉ះពាល់ខ្លាំងដល់ការឆ្លងកាត់ទំនិញទៅកាន់ទីនោះ។ លោកបានថ្លែងថា៖ «ខ្ញុំគិតថាកាលពីដើមឆ្នាំចំនួនកុងតឺន័រឆ្លងកាត់អាចមានកំណើន ប៉ុន្តែក្នុងត្រីមាសទី ២ នេះមិនអាចមានកំណើនទេ»។
ការលើកឡើងរបស់លោកនៅពេលនេះគឺស្របគ្នាទៅនឹងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលកាលពីពេលថ្មីៗនេះបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០ មានរោងចក្រចំនួន ១៨០ បានព្យួរការងារ ខណៈ ៦០ បន្ថែមទៀតនឹងឈានទៅរកការព្យួរ។
លោកថ្លែងថា៖ «ថ្មីៗនេះមានការលុបចោលការបញ្ជាទិញផលិតផលក្នុងវិស័យវាយនភណ្ឌជាច្រើន ហេតុនេះចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុក៏នឹងធ្លាក់ចុះទៅតាមនោះដែរ»។
យោងតាមរបាយការណ៍ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីឆ្នាំ ២០១៩ ទូកុងតឺន័រចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុមានចំនួន ៦៣៧ ៨៤៤ (TEUs) កើន ១៨ ភាគរយធៀបនឹងឆ្នាំ ២០១៨ ដែលមាន ៥៤០ ៧៩៣៕ LA