
បុរសម្នាក់កំពុងពិនិត្យមើលទម្រង់នៃការចុះបញ្ជីក្រុមហ៊ុនតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ហុង មិនា
ភ្នំពេញៈ ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានកើនដល់ ៧ ២៩៣ គិតត្រឹមថ្ងៃទី ៤ ខែមករា បន្ទាប់ពីរយៈពេលជិត ៧ ខែនៃការដាក់ឱ្យប្រព័ន្ធនេះដំណើរការ។
រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដែលហៅថា «Single Portal» នាថ្ងៃទី ១៥ ខែមិថុនា ដោយបានដាក់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់ចំនួន ៦ ជាមួយគ្នា។
ក្រសួង និងស្ថាប័នរដ្ឋទាំង ៦ ដែលចុះបញ្ជីក្នុងប្រព័ន្ធនេះ គឺក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ស្ថាប័នចំនួន ៦ ផ្សេងទៀតគ្រោងនឹងដាក់បញ្ចូលក្នុងប្រព័ន្ធនេះ។
យោងតាមទិន្នន័យបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី ៤ ខែមករា ក្នុងចំណោមក្រុមហ៊ុនសរុបទាំងអស់នោះគឺមានក្រុមហ៊ុនប្រហែល ២ ៩៧០ ត្រូវបានចុះបញ្ជីដោយជោគជ័យនៅលើថ្នាល Single Portal ខណៈក្រុមហ៊ុនចំនួន ៦៥១ ផ្សេងទៀតកំពុងស្ថិតក្រោមការត្រួតពិនិត្យ។ ជាមួយគ្នានេះក្រុមហ៊ុនសរុប ៣ ៦៧២ ត្រូវបានបម្រុងក្នុងចំណោមនោះ ៣ ៤៦៣ ត្រូវបានអនុម័ត និងក្រុមហ៊ុននៅសល់កំពុងស្ថិតក្រោមការត្រួតពិនិត្យ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ចាប់តាំងពីប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដាក់ឱ្យដំណើរការ វាត្រូវការគេសាទរលើប្រសិទ្ធភាព និងជំហានវិជ្ជមានក្នុងការបន្ធូរបន្ថយបរិយាកាសអាជីវកម្មសម្រាប់វិស័យឯកជន។
លោកថ្លែងថា៖ «សមាជិកទាំងអស់របស់សភាពាណិជ្ជកម្មកម្ពុជា និងក្រុមវិនិយោគិនបរទេសស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមថ្មីនេះដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអាចសន្សំការចំណាយ ពេលវេលា និងការិយាធិបតេយ្យ។ ជាមួយគ្នានេះ វាកាន់តែងាយស្រួល ដោយសារតែយើងអាចចុះបញ្ជីនៅកន្លែងណាក៏ដោយឱ្យតែយើងចង់»។
លោកបន្ថែមថា៖ «ខ្ញុំបានអង្កេតអំពីការកែទម្រង់នៅក្នុងវិស័យសេដ្ឋកិច្ចដែលរដ្ឋាភិបាលកំពុងធ្វើ និងការជួយសម្រួលដល់វិស័យឯកជន។ ជាមួយនឹងការកែទម្រង់បែបនេះ វានាំមកនូវសញ្ញាវិជ្ជមានក្នុងការបង្កើនទំនុកចិត្ត ក្នុងចំណោមវិស័យឯកជន មិនមានភាពស្ទាក់ស្ទើរក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ ឬចាក់បញ្ចូលដើមទុនរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា»។
លោក Anthony Galliano អគ្គនាយកក្រុមហ៊ុន Cambodia Investment Management ដែលជាពាណិជ្ជករបរទេសដ៏ឆ្នើមមួយរូបនៅក្នុងប្រទេសកម្ពុជា ក៏បានចង្អុលបង្ហាញថា ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន «Single Portal» គឺជាការអភិវឌ្ឍដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា។
លោកពន្យល់ថា កាលពីពេលកន្លងមក ការចុះបញ្ជីរបស់ក្រុមហ៊ុនយ៉ាងហោចណាស់មានការិយាធិបតេយ្យ ដែលពាក់ព័ន្ធក្រសួងជាច្រើនជាមួយនឹងព័ត៌មានដដែលៗ ដែលបានប្រគល់ពីក្រសួង ១ បន្តទៅក្រសួង ១ ទៀតដែលត្រូវការពេលវេលារយៈពេល ១ ខែសម្រាប់នីតិវិធីនីមួយៗក្នុងរយៈពេលកាន់តែយូរ។
លោកថ្លែងថា៖ «ខ្ញុំជាអ្នកតស៊ូមតិ ១ រូបអំពីច្រកទា្វរចុះបញ្ជីក្រុមហ៊ុន ជាទូទៅ ក្នុងការប្រៀបទៅនឹងប្រទេសល្បីៗដូចជាសិង្ហបុរី និងក្រុងហុងកុងដែលការចុះបញ្ជីក្រសួងមានរយៈពេលប៉ុន្មានថ្ងៃតែប៉ុណ្ណោះ»។
លោកបន្ថែមថា៖ «ខ្ញុំមានការភ្ញាក់ផ្អើលក្នុងការផ្លាស់ប្តូរការចុះបញ្ជីក្រុមហ៊ុននៅកម្ពុជាដែលនៅពេលនេះត្រូវការរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយក្រសួងនីមួយៗ ទទួលបានព័ត៌មានក្រដាសស្នាមរួមគ្នា និងការប្រាស្រ័យទាក់ទងជាមួយមនុស្សតិចតួចប៉ុណ្ណោះ។
យើងបានចុះបញ្ជីក្រុមហ៊ុន ១ ក្នុង ១ សប្ដាហ៍ ចំណែកកាលពីមុនក្រសួង ៣ ត្រូវការរយៈពេលយ៉ាងហោច ៣ ខែ ឬច្រើនជាងនេះ។ នេះជាការរីកចម្រើនជឿនលឿនសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ហើយនៅពេលនេះយើងអាចប្រកួតប្រជែងបានល្អបំផុតនៅក្នុងតំបន់សម្រាប់ការបន្ធូរបន្ថយការធ្វើអាជីវកម្ម»។
លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចធ្លាប់បាននិយាយថា Single Portal នឹងតម្រូវឱ្យក្រុមហ៊ុនបំពេញបែបបទចុះបញ្ជីអាជីវកម្មតែម្ដង ដោយត្រូវការពេលវេលាច្រើនបំផុត ៨ ថ្ងៃ។ លោកកត់សម្គាល់ថា ទិន្នន័យទាំងអស់ដែលបានដាក់ជូនដោយក្រុមហ៊ុននានាស្ថិតក្រោម Single Portal មួយនេះនឹងត្រូវបញ្ជូនដោយស្វ័យប្រវត្ដិទៅក្រសួងទាំងអស់ និងស្ថាប័នដែលដំណើរការដោយរដ្ឋដែលបានដាក់បញ្ជូនទៅក្នុងប្រព័ន្ធនេះ៕LA