
បុរសម្នាក់កំពុងស្វែងរកមើលការចុះឈ្មោះក្រុមហ៊ុនតាមប្រព័ន្ធអនឡាញ។ ហុង មិនា
ភ្នំពេញៈ រដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគឯកជនចំនួន ១១៣ ដែលមានតម្លៃ ២ ៣២៩ លានដុល្លារ ក្នុងរយៈពេល ៨ ខែឆ្នាំ ២០២០ ធ្លាក់ចុះជាង ១៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ដោយសារការជះឥទ្ធិពលការឆ្លងរាលដាលកូវីដ១៩។
របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា ក្នុងរយៈពេលនេះកម្ពុជាទទួលគម្រោងវិនិយោគឯកជនសរុប ១១៣ គម្រោង ធ្លាក់ចុះ ២២ គម្រោង ស្មើនឹង ១៦,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ខណៈទុនវិនិយោគមានចំនួន ២ ៣២៩ លានដុល្លារ ថយចុះ ៥៧,១ ភាគរយ។ ជាមួយគ្នានេះឱកាសការងារ ៨៤ ៤៣២ កន្លែង ត្រូវបានបង្កើតធ្លាក់ចុះ ៥១,៥ ភាគរយធៀបនឹងរយៈពេល ៨ ខែឆ្នាំមុន។
យ៉ាងណាក៏ដោយរបាយការណ៍ខាងលើបានឱ្យដឹងថា ទោះបីគម្រោងវិនិយោគជារួមធ្លាក់ចុះ ប៉ុន្តែសម្រាប់គម្រោងវិនិយោគវិស័យឧស្សាហកម្មបានកើនឡើង ៨ គម្រោង។
គម្រោងវិនិយោគឯកជនសំដៅដល់គម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានការអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ការធ្លាក់ចុះនេះពិតណាស់គឺដោយសារការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលបានរាំងខ្ទប់មិនឱ្យវិនិយោគិនបរទេសចូលមកប្រទេសកម្ពុជាបាន។ លោកបន្ថែមថា ទោះយ៉ាងណាក្នុងអំឡុងពេលនេះរដ្ឋាភិបាលក៏បានដាក់ចេញនូវប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញដើម្បីជួយសម្រួលដល់វិនិយោគិនដែលចង់បើកក្រុមហ៊ុនផងដែរ។
លោកថ្លែងថា៖ «ជាការពិតការធ្លាក់ចុះការចុះបញ្ជីគម្រោងវិនិយោគថ្មីគឺជាក្តីព្រួយបារម្ភសម្រាប់កម្ពុជា ប៉ុន្តែខ្ញុំមានជំនឿថា បន្ទាប់ពីពិភពលោកមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាផ្លូវការចំនួនក្រុមហ៊ុនវិនិយោគនៅកម្ពុជានឹងមានកំណើនឡើងវិញ»។
លោកលើកឡើងថា ខណៈបច្ចុប្បន្នកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន និងអាចមានជាមួយប្រទេសជាច្រើនទៀតនោះ ហេតុនេះភាពវិជ្ជមាននឹងកើតមានវិញក្នុងពេលឆាប់ៗ។
លោកបន្តថា៖ «យើងមានមោទនភាពដែលរដ្ឋាភិបាលដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ដែលបានជំរុញឧស្សាហកម្មឱ្យមានការកើនឡើង។ ខ្ញុំសង្ឃឹមថា នៅឆ្នាំក្រោយច្បាប់វិនិយោគថ្មីដែលល្អជាងច្បាប់ចាស់នឹងជួយទាក់ទាញវិនិយោគិនកាន់តែច្រើន»។
លោក ហុង វណ្ណៈ អ្នកទទួលបន្ទុកសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា ការធ្លាក់ចុះនេះមូលហេតុធំជាងគេគឺជំងឺកូវីដ ១៩ ក្រៅពីនោះអាចទាក់ទងនឹងកត្តារួមផ្សំមួយចំនួនដូចជា ភូមិសាស្ត្រនយោបាយតំបន់ ជម្លោះពាណិជ្ជកម្មរវាងអាមេរិក ចិន ព្រមទាំងការសម្រេចរបស់អឺរ៉ុបក្នុងការដកពន្ធទំនិញកម្ពុជា (EBA) ប្រមាណ ២០ ភាគរយដែរ។
លោកអះអាងថា៖ «ក្រៅពីក្តីបារម្ភពីជំងឺកូវីដ ១៩ បញ្ហាជម្លោះសមុទ្រចិនភាគខាងត្បូង និង EBA ក៏បានធ្វើឱ្យការសម្រេចចិត្តវិនិយោគនៅកម្ពុជាមួយចំនួនត្រូវពន្យារពេល»។
ជាមួយនឹងសុទិដ្ឋិនិយមលោកបានបញ្ជាក់ថា កម្ពុជានឹងមានឱកាសច្រើនទៀតក្នុងការស្រូបទាញឱ្យមានការបង្កើតក្រុមហ៊ុនវិនិយោគកាន់តែច្រើនទៀតនៅពេលអនាគត៕