ភ្នំពេញៈ ទេសចរ​ចិន​នៅតែ​បន្ត​ឈានមុខ​គេ​នៃ​ភ្ញៀវទេសចរ​បរទេស​ដែល​បានធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​ឆ្នាំនេះ ជាមួយ​នឹង​កំណើន​ជិត ៣០ ​ភាគរយ ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោង​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ដែល​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ បង្ហាញថា​ក្នុង​រយៈពេល ៩ ​ខែ​ឆ្នាំ​ ២០១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប ៤,៨១ ​លាន​នាក់ ​កើនឡើង ១០ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨ ក្នុង​នោះ​ចំនួន​ភ្ញៀវទេសចរ​ចិន​បាន​នាំមុខគេ​ដោយ​មាន ១,៨៦ ​លាន​នាក់ ​កើនឡើង ២៩,៤ ​ភាគរយ ​ពី​ចំនួន ១,៤៤ ​លាន​នាក់ ឬ​ស្មើនឹង ៣៨,៧ ​ភាគរយ ​នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​សរុប​មក​កម្ពុជា​ក្នុង​រយៈពេល​ ៩ ​ខែ​នេះ​។

ភ្ញៀវទេសចរ​វៀតណាម​ស្ថិត​នៅ​លេខ​ ២ ដែលមាន​ចំនួន​ភ្ញៀវទេសចរ​សរុប ៦៣,៧ ម៉ឺន​នាក់​ កើនឡើង ៩,១ ​ភាគរយ និង​លេខ​ ៣ ជនជាតិ​ថៃ​មាន​ចំនួន​ ២៨,១ ​ម៉ឺន​នាក់​ កើន ២២,៤ ​ភាគរយ​។

លោក តុប សុភ័ក អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃ​ម្សិលមិញ​ថា ទោះបី​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​ខេត្តសៀមរាប​ធ្លាក់​ចុះ​បន្តិច តែ​ជារួម​ចំនួន​ភ្ញៀវ​បរទេស​នៅតែ​មាន​ភាពល្អប្រសើរ ដែល​ធ្វើឲ្យ​ក្តី​រំពឹងទុក​របស់​ក្រសួង​ទេសចរណ៍​នឹង​អាច​សម្រេច​បាន​តាម​ផែនការ​កំណើន​លេខ​ ២ ​ខ្ទង់​ជា​រៀងរាល់​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​កំណើន​នេះ​គឺ​មាន​ភាពប្រហាក់​ប្រហែល​នឹង​ការ​ព្យាករ​របស់​ក្រសួង ដែល​រំពឹង​ថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ៦,៦ ​លាន​នាក់​ក្នុង​ឆ្នាំ​ ២០១៩ នេះ​»​។ លោក​បន្តថា ទោះបី​ចំនួន​ភ្ញៀវទេសចរ​បរទេស​មួយ​ចំនួន​ដូចជា កូរ៉េ និង​ឡាវ ធ្លាក់ចុះ​បន្តិច​ក្នុង​រយៈពេល ៩ ​ខែ តែ​ភាពរឹងមាំ​នៃ​កំណើន​ភ្ញៀវទេសចរ​ចិន​នៅតែ​ធ្វើឲ្យ​កម្ពុជា​អាច​រក្សាបាន​នូវ​ភាពខ្លាំង​ក្នុង​វិស័យ​ទេសចរណ៍​ដដែល​។

របាយការណ៍​បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល ៩ ​ខែ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មកដល់​កម្ពុជា​តាម​ជើងហោះហើរ​មាន​ចំនួន​សរុប ៣,៣៩ ​លាន​នាក់ កើន​ ១៤,៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​ក្នុងនោះ​ភ្ញៀវ​ចូល​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​កំណើន​ ១២,៧ ​ភាគរយ ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​មាន​កំណើន ៣០៨ ​ភាគរយ ខណៈ​ព្រលាន​ខេត្តសៀមរាប​បាន​ធ្លាក់ចុះ​ ១០,៩ ​ភាគរយ​។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​សាទរ​ចំពោះ​កំណើន​នេះ ប៉ុន្តែ​អ្នកស្រី​អះអាង​ថា កំណើន​នេះ​នៅ​ទាប​ជាង​អ្វីដែល​វិស័យ​ឯកជន​ចង់​បាន​ដែល​ទាមទារ​ឲ្យ​គ្រប់ផ្នែក​ទាំងអស់​ត្រូវ​ខិតខំ​ធ្វើការងារ​ឲ្យ​ខ្លាំង​បន្ថែមទៀត​។

អ្នកស្រី​បន្តថា បើទោះបី​ជា​ចំនួន​ភ្ញៀវ​ចិន​មាន​ការ​កើនឡើង​ខ្ពស់ ប៉ុន្តែ​ការធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ​ជនជាតិ​បរទេស​ផ្សេងទៀត​ (​កូរ៉េ ឡាវ និង​អាមេរិក​) វា​ក៏​មិនមែន​ជា​ព័ត៌មាន​ល្អ​ប៉ុន្មាន​​ទេ​។ អ្នកស្រី​ថ្លែង​ថា​៖ «​យើង​ស្ថិត​ក្នុង​ការព្រួយបារម្ភ​ខ្លះ​ដែរ ព្រោះ​អ្វី​ដែល​យើង​រំពឹង​គឺ​យើង​ចង់​បាន​ច្រើនជាង​ហ្នឹង​»៕