ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍លោក ថោង ខុន បានព្យាករថា ខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជានឹងទទួលភ្ញៀវទេសចរបាន ៤,៤២ លាននាក់ត្រឹមចុងឆ្នាំ ២០១៨ ខណៈភ្ញៀវបរទេស នឹងកើនឡើងដល់ ៩២០ ០០០ នាក់ និងទេសចរក្នុងស្រុក នឹងមានចំនួន ៣,៥ លាននាក់។
ថ្លែងក្នុងពីធីបើកបុណ្យសមុទ្រលើកទី ៧ នៅខេត្តកោះកុង លោក ថោង ខុន ឲ្យដឹងថា ខេត្តនេះនឹងទទួលភ្ញៀវទេសចរជាតិបានចំនួន ៦០០ ០០០ នាក់។
លោក ថោង ខុន ឲ្យដឹងថា នៅក្នុងការព្យាកររយៈពេលវែងត្រឹមឆ្នាំ ២០២០ ការប៉ាន់ប្រមាណខេត្តតំបន់ឆ្នេរនេះនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ១,២ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក ៤,៥ លាននាក់ ហើយត្រឹមឆ្នាំ ២០៣០ ភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ ៣ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកនឹងកើនឡើងដល់ ៦ លាននាក់។
លោកថ្លែងថា៖ «តួលេខនេះគឺជាសារសម្រាប់ប្រជាជន និងភាគីពាក់ព័ន្ធ ត្រូវតែមានគោលបំណងគ្រប់គ្រង និងអភិវឌ្ឍប្រកបដោយស្ថិរភាព ដើម្បីជាអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់នេះ»។ លោកបន្តថា៖ «ខេត្តកោះកុង មានសក្ដានុពលសម្រាប់ទេសចរណ៍ និងអេកូទេសចរណ៍»។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ការព្យាករនៃការមកដល់ភ្ញៀវទេសចរ នៅក្នុងខេត្តតំបន់ឆ្នេរនឹងកើនឡើង ដោយសារតែលំហូរចូលទាំងភ្ញៀវជាតិ និងអន្តរជាតិ បានរក្សាកំណើនពី ១ ឆ្នាំទៅ ១ ឆ្នាំ។
អ្នកស្រីបានថ្លែងថា៖ «កំណើនភ្ញៀវទេសចរបានរក្សាកំណើន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ ប្រតិបត្តិការចាំបាច់ត្រូវលើកកម្ពស់ និងរក្សាគុណភាពសេវា នៅក្នុងផ្នែកបដិសណ្ឋារកិច្ច ដែលជាផ្នែកមួយដើរតួនាទីដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់»។
របាយការណ៍ ១០ ខែ ពីក្រសួងទេសចរណ៍ ការមកដល់របស់ភ្ញៀវអន្តរជាតិ កើនដល់ ៧៧០ ០០០ នាក់នៅក្នុងខេត្តតំបន់ឆ្នេរ កើនឡើង ២៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន៕LA