ភ្នំពេញៈ ចំនួន​​ការ​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​រយៈពេល​ ១១ ​​ខែ ឆ្នាំ​ ២០១៨ បាន​កើន​ឡើង​​ដល់​ជាង​ ១៩,៣ ​លាន​ស៊ីម​កាត កើន​ឡើង​ ៣,​៧៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៧។ នេះ​​បើ​យោងតាម​ទិន្នន័យ​ស្តីពី​ស្ថិតិ​សេវា​ទូរគមនាគមន៍ និយតករ​ទូរគមនាគមន៍​កម្ពុជា(TRC)។

របាយការណ៍​បង្ហាញ​ថា​ គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ចំនួន​ស៊ីមកាត ដែល​ផ្តល់​ដោយ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត ៦ មាន​ចំនួន ១៩ ៣០១ ៥០២ ស៊ីមកាត ស្មើ​នឹង ១២០,១១​ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប ដែល​​មាន​ជាង​ ១៦ ​លាន​នាក់។ ទិន្នន័យ​បាន​បង្ហាញ​ថា ចំនួន​នេះ​​បាន​កើន​ឡើង​ពី​ចំនួន ១៨ ៥៩៧ ៧៤៣ ស៊ីមកាត ក្នុង​​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៧។

លោក អ៊ឹម វុត្ថា អ្នក​នាំពាក្យ​និយតករ​ទូរ​គមនាគមន៍​កម្ពុជា​បាន​ប្រាប់​ថា ចំនួន​ស៊ីមកាត ដែល​បាន​ប្រតិបត្តិការ​ក្នុង​រយៈ​ពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​កើនឡើង​តិចតួច​ប៉ុណ្ណោះ​ ព្រោះ​​​​ស្ថិត​នៅ​ក្នុង​ដំណាក់​​កាល​ឆ្អែត​រួច​ទៅ​ហើយ ដោយ​ខុស​គ្នា​កាល​​ពី​អំឡុង​ឆ្នាំ​ ២០១៣-២០១៥ ដែល​ចំនួន​ស៊ីមកាត​បាន​កើន​ឡើង​យ៉ាង​ខ្ពស់​​រហូត​ដល់​ជាង​ ២០ លាន​ស៊ីមកាត។

លោក​ថ្លែង​ថា៖ «ដោយ​សារ​​ក្រុមហ៊ុន​នីមួយ​ៗ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​អតិថិជន​ប្រើប្រាស់​ប្រព័ន្ធ​​របស់​ខ្លួន​ឲ្យ​បាន​ច្រើន តាមរយៈ​ការ​ផ្តល់​​នូវ​តម្លៃ​ដ៏​ថោក​សម្រាប់​ការ​ខល​ក្នុង​ប្រព័ន្ធ​​តែ​មួយ»។

ទិន្នន័យ​បាន​បង្ហាញ​ថា​ ការ​ប្រើប្រាស់​ស៊ីមកាត​នៅ​កម្ពុជា​បាន​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​ឆ្នាំ ២០១៥ ដោយ​មាន​ចំនួន ២០ ៨៥០ ៥៤៣ ស៊ីមកាត។ ចំនួន​នេះ​បើ​ធៀប​នឹង​ចំនួន​ប្រជាជន​នៅ​ពេល​នោះ​ គឺ​មាន​អត្រា ១៣៥,៣៥ ភាគរយ។ ក្រុមហ៊ុន​ទូរស័ព្ទ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​រួម​មាន CellCard, Metfone, Smart Axiata, qb, Seatel និង CooTel។

នៅ​ពេល​សួរ​ថា តើ​ក្រុមហ៊ុន​ដ៏​ច្រើន​នេះ​អាច​ឈរ​ជើង​ក្នុង​ទីផ្សារ​ដ៏​តូច​របស់​កម្ពុជា​បាន​យូរ​​ប៉ុនណា ខណៈ​ការ​ប្រកួត​ប្រជែង​មាន​កាន់​តែ​ខ្លាំង​នោះ លោក វុត្ថា ​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​បាន​កំណត់​ពី​ចំនួន​ក្រុមហ៊ុន​​ទូរស័ព្ទ​ទេ តែ​សម្រាប់​ទីផ្សារ​កម្ពុជា​ដែល​មាន​ប្រជាជន​ប្រហែល ១៦ លាន​នាក់ វា​អាច​គ្រប់គ្រាន់​ហើយ។

ទោះ​បី​មាន​ប្រតិបត្តិករ​ច្រើន​ក្នុង​ទីផ្សារ ដែល​ជា​រឿង​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​ទាក់ទង​នឹង​តម្លៃ ក៏​អ្នក​ប្រើប្រាស់​កំពុង​ប្រឈម​នឹង​កាត់​ទឹក​ប្រាក់​ក្នុង​គណនេយ្យ​ដោយ​មិន​ដឹង​មូលហេតុ​ពី​ប្រតិបត្តិ​ករ​ទូរស័ព្ទ​មួយ​ចំនួន​ផង​ដែរ។

លោក អ៊ឹម វុត្ថា និយាយ​ថា៖ «ព័ត៌មាន​នេះ​ខ្ញុំ​ធ្លាប់​បាន​ឮ និង​​ឃើញ​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក តែ​​មិន​មាន​ការ​​សរសេរ​បណ្តឹង​ជា​ផ្លូវ​ការ​មក​និយតករ​ទូរគមនាគមន៍​កម្ពុជា​ទេ។ ទោះ​បី​ជា​មិន​មាន​ការ​ប្តឹង​ក៏​ដោយ តែ​អាជ្ញាធរ​តែង​ធ្វើ​ការ​​ពិនិត្យ​នៅ​ពេល​​​មានព័ត៌​មាន​ទាំង​អស់​នេះ​​កើត​ឡើង»​។​

របាយការណ៍​របស់ TRC បាន​​បង្ហាញ​ដែរ​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ប្រតិបត្តិ​ករ​សេវា​ទូរស័ព្ទ អចល័ត​ចំនួន​ ៧ ដែល​មាន​អ្នក​ប្រើប្រាស់​ចំនួន ៩១ ៣៣១ នាក់ ធ្លាក់ចុះ ២៧,៤៦ ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៧ ដែល​​មាន​រហូត​ដល់ ១២៥ ៩០៨ នាក់។ ប្រតិបត្តិ​ករ​សេវា​អ៊ីនធឺណិត​ចល័ត​មាន ៧ ដែល​មាន​អ្នក​ប្រើប្រាស់ ១២ ៩៧៤ ៣១៩ ស៊ីមកាត កើន​ឡើង ២២,៧៩ ​ភាគរយ ខណៈ​សេវា​អ៊ីនធឺណិត​អចល័ត ដែល​មាន​ប្រតិបត្តិ​ករ​ ៣៤ មាន​អ្នក​ប្រើប្រាស់ ១៤៧ ៥៩៦ នាក់ កើន​ឡើង ៩,១៦ ភាគរយ។

ទិន្នន័យ​បង្ហាញ​ថា ប្រជាជន​ខ្មែរ​​​បាន​បើក​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ត្រឹម​គិត​​​ចុង​ខែ​​កុម្ភះ ឆ្នាំ ២០១៨ មាន​ប្រមាណ ៦,៨ លាន​គណនី មាន​កំណើន​​ឡើង​ ២ លាន​គណនី បើ​ធៀប​តួលេខ​ចុង​ឆ្នាំ ២០១៧៕LA