
ការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានធ្វើឱ្យចំនួនភ្ញៀវទេសចរនៅកម្ពុជាធ្លាក់យ៉ាងគំហុក។ ហុង មិនា
ភ្នំពេញៈ ការមកដល់ប្រទេសកម្ពុជានៃចំនួនភ្ញៀវទេសចរជនជាតិចិនក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះប្រមាណ ៨៦ ភាគរយ ធៀបនឹងឆ្នាំ ២០១៩ ដោយសារតែក្តីបារម្ភពីការឆ្លងរាលដាលកូវីដ ១៩ និងការរឹតបន្តឹងការធ្វើដំណើរ។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍។
ទិន្នន័យដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃទី ២៥ ខែមីនា បង្ហាញថា ក្នុងឆ្នាំ ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ១ ៣០៦ ១៤៣ នាក់ ធ្លាក់ចុះ ៨០,២ ភាគរយបើធៀបនឹងឆ្នាំ ២០១៩ ដែលមានចំនួន ៦ ៦១០ ៥៩២ នាក់។ ប្រទេសចិនបានបន្តឈរនាំមុខគេក្នុងនាមជាភ្ញៀវទេសចរមកទស្សនាកម្ពុជាច្រើនជាងគេ ដោយមានចំណែកទីផ្សារ ២៥,២ ភាគរយ ស្មើនឹង ៣២៩ ៦៧៣ នាក់ ធ្លាក់ចុះ ៨៦ ភាគរយធៀបឆ្នាំ ២០១៩ ដែលមាន ២ ៣៦១ ៨៤៩ នាក់។
ចំណែកភ្ញៀវទេសចរបរទេសសំខាន់ៗផ្សេងទៀតមានដូចជា ប្រទេសថៃ ២១០ ៨៧៦ នាក់ ធ្លាក់ចុះ ៥៤,៨ ភាគរយ, វៀតណាម ១៨២ ១៩៩ នាក់ ធ្លាក់ ៨០ ភាគរយ, អាមេរិក ៥៥ ៩៧៣ នាក់ ធ្លាក់ចុះ ៧៧,៥ ភាគរយ កូរ៉េខាងត្បូង ៥៥ ៩៣៥ នាក់ ធ្លាក់ចុះ ៧៨,១ ភាគរយ, អង់គ្លេស ៤៤ ៧៨៤ នាក់ ធ្លាក់ ៧២,៧ ភាគរយ, បារាំង ៤៣ ១៧៤ នាក់ ធ្លាក់ចុះ ៧៣,៧ ភាគរយ និងជប៉ុន មានចំនួន ៤១ ២៥៧ ធ្លាក់ ៨០,១ ភាគរយ។
តាមទិន្ន័យខាងលើក្នុងចំណោមចំនួនភ្ញៀវទេសចរដែលមកកម្ពុជាក្នុងឆ្នាំ ២០២០ គឺមាន ៧៥៦ ២៦៥ នាក់បានមកកម្ពុជាតាមផ្លូវអាកាស ធ្លាក់ចុះ ៨២,៨ ភាគរយ ភ្ញៀវតាមផ្លូវគោក មាន ៤៩៨ ៣៨៤ នាក់ ធ្លាក់ ៧៥,៧ ភាគរយ និងផ្លូវទឹក មាន ៥១ ៤៩៤ នាក់ ធ្លាក់ចុះ ៦៧,២ ភាគរយ។
អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៥ ខែមីនាថា មូលហេតុដែលធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេស ពិសេសជនជាតិចិនមកកម្ពុជាធ្លាក់ចុះយ៉ាងគំហុកនៅក្នុងឆ្នាំ ២០២០ គឺបណ្តាលមកពីការរីករាលដាលជំងឺផ្លូវដង្ហើមសកលកូវីដ ១៩។ វិបត្តិនេះកើតឡើងនៅគ្រប់ប្រទេសលើពិភពលោក។
លោកបន្តថា ដោយសារជាវិបត្តិសកល ហេតុនេះអ្វីៗនៅមិនទាន់មានភាពច្បាស់លាស់ទេពេលនេះ បើទោះបីប្រទេសនីមួយៗរួមទាំងកម្ពុជាកំពុងខិតខំចាក់វ៉ាក់សាំងកូវីដ ១៩ ឱ្យប្រជាជនរបស់ខ្លួនក៏ដោយ។
លោកបញ្ជាក់ថា៖ «ដោយសារពេលនេះពិភពលោកហាក់ស្ថិតក្នុងភាពមិនទាន់ច្បាស់លាស់ពីការឆ្លងរាលដាលជំងឺកូវីដ ១៩ ហេតុនេះយើងនៅមិនទាន់អាចសន្និដ្ឋានបានថា វិស័យនេះនឹងមានស្ថានភាពបែបណានោះទេក្នុងឆ្នាំ ២០២១ នេះ»។
លោកបន្ថែមថា ទោះយ៉ាងណាក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាល ក្រសួងទេសចរណ៍នឹងនៅតែបន្តខិតខំដើម្បីលើកកម្ពស់វិស័យនេះឱ្យឆាប់មានកំណើនឡើងវិញ។
លោក ទៀ គីឡេង ប្រធានសមាគមមគ្គុទេ្ទសក៍ទេសចរណ៍ភាសាចិន-កម្ពុជា បាននិយាយថា ចំនួនភ្ញៀវចិនដែលធ្វើដំណើរមកកម្ពុជាបានធ្លាក់ចុះចាប់តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះដែលជាធម្មតាក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជនជាតិចិន (អំឡុងខែមករា-កុម្ភៈ) កម្ពុជាតែងតែទទួលបានភ្ញៀវទេសចរជនជាតិចិនជាច្រើន។
ការធ្លាក់ចុះក្នុងចំនួនដ៏ច្រើនបែបនេះ គឺបណ្តាលមកពីការមិនចង់ ឬមិនហ៊ានធ្វើដំណើរដោយសារការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ ១៩ និងមិនមានជើងហោះហើរច្រើនដូចពេលមុន។ លោកបន្តថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេសនៅពេលនេះ គឺមានទំហំធំធេងណាស់ ដោយសូម្បីតែក្នុងរយៈពេលជិត ៣ ខែដើមឆ្នាំ ២០២១ នេះក៏ចំនួនភ្ញៀវទេសចរចិនដែលមកកម្ពុជា ពិសេសខេត្តសៀមរាប គឺស្ទើរតែមិនមានសោះតែម្តង។
លោកអះអាងថា៖ «បច្ចុប្បន្នមិនថាភ្ញៀវទេសចរចិន ឬបរទេសទេ សូម្បីតែភ្ញៀវទេសចរក្នុងស្រុកមកទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាបក៏ស្ទើរមិនមានដែរ»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រី ឆាយ ស៊ីវលីន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីចុងឆ្នាំ ២០២០ ថាសម្រាប់ឆ្នាំ ២០២១ វិស័យទេសចរណ៍នៅកម្ពុជាអាចនឹងកម្រើកឡើងវិញខ្លះ បើប្រជាជននៅលើពិភពលោកទទួលបាននូវការចាក់វ៉ាក់សាំងការពារភាគច្រើន ប៉ុន្តែទោះយ៉ាងណាវាក៏អាស្រ័យលើកត្តាសេដ្ឋកិច្ច សុវត្ថិភាព និងសុខភាពសកលផងដែរ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំគិតថា វិស័យទេសចរណ៍នៅកម្ពុជាត្រូវការរយៈពេលយ៉ាងតិច ៥ ឆ្នាំទៀត ដើម្បីអាចទទួលបានកំណើនភ្ញៀវទេសចរបរទេសដូចឆ្នាំ ២០១៩ ឡើងវិញ»។
ទិន្នន័យពីក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៦ ៦១០ ៥៩២ នាក់ដោយទទួលបានចំណូល ៤,៩១ ពាន់លានដុល្លារ កើន ១២,៤ ភាគរយធៀបនឹងឆ្នាំ ២០១៨ ដែលមាន ៤,៣៧ ពាន់លានដុល្លារ៕ LA