ភ្នំពេញ: ចំនួន​ស៊ីមកាត​ដែល​បាន​ចុះបញ្ជី​បាន​កើន​ដល់​ជាង​ ២១ លាន​ស៊ីម​កាត​ កាលពី​ឆ្នាំមុន​កើន​ជិត ១២ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​របាយការណ៍​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា​។

ទិន្នន័យ​បង្ហាញថា ចំនួន​ស៊ីមកាត​ដែល​បាន​ផ្តល់​ដោយ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ទាំង​ ៦ កាលពី​ឆ្នាំ​ ២០១៩ មាន​ចំនួន ២១,៦៣ លាន​ស៊ីមកាត​ កើនឡើង ១១,៦៣ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ចំនួន​ស៊ីមកាត​ដែល​ចុះបញ្ជី​នេះ​ស្មើនឹង ១៣៣ ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប​ដែលមាន​ជាង​ ១៦ ​លាន​នាក់ ​ពោលគឺ​មនុស្សម្នាក់​មាន​ស៊ីមកាត​ចាប់ពី​ ២ ​ឡើងទៅ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា រួមមាន CellCard, Metfone, Smart Axiataqb, Seatel និង CooTel​។

លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការកើនឡើង​សេវាកម្ម​ឌីជីថល និង​កម្មវិធី​នៅលើ​ទូរស័ព្ទ​ទំនើប​ជាមួយ​នឹង​គោលនយោបាយ​មូលនិធិ​​កាតព្វកិច្ច​សកល (USOF) បានរួម​ចំណែក​ជំរុញ​កំណើន​ការប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​។ លោក​ពន្យល់ថា USOF គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​បង់ប្រាក់​ ២ ​ភាគរយ​ នៃ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពួកគេ​ជា​រៀងរាល់​ឆ្នាំ​។

លោក​បន្តថា តាមរយៈ​គោលនយោបាយ​មូលនិធិ​កាតព្វកិច្ច​សកល​នេះ​បានផ្តល់​លទ្ធភាព​ដល់​រដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​នៅ​តំបន់​ជនបទ​ដែល​ក្រុមហ៊ុន​មិនអាច​ធ្វើការ​វិនិយោគ​បាន​ជាមួយ​នឹង​ការលើកកម្ពស់​ការសិក្សា​ស្រាវជ្រាវ​បច្ចេកវិទ្យា​ថ្មី​ក្នុង​វិស័យនេះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​កត្តា​តម្លៃ​អ៊ីនធឺណិត​សមរម្យ ដោយសារ​តម្លាភាព​នៃ​ការប្រកួតប្រជែង និង​មាន​បណ្តាញ​នៅក្រោម​សមុទ្រ​ផ្ទាល់ខ្លួន​ជា​ផ្នែក​មួយ​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​»​។

ដើម្បី​ផ្តល់​សេវា​ល្អ និង​លឿន​រហ័ស ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ឈានមុខ​ក្នុងស្រុក​មួយចំនួន​បាន​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​សេវា​អ៊ីនធឺណិត 5G​។

ក្រុមហ៊ុន រ៉ូយាល់គ្រុប​ដែល​គ្រប់គ្រង​ក្រុមហ៊ុន CamGSM បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន​ស្ដីពី​កិច្ចសហការ និង​ការរៀបចំ​ផែនការ​សម្រាប់​ការដាក់​ឲ្យ​ដំណើរការ ប្រព័ន្ធ​ 5G និង​ការធ្វើឲ្យ​កម្ពុជា​ទៅ​ជា​លក្ខណៈ​ឌីជីថល​។

កាលពី​ដើម​ខែកក្កដា ឆ្នាំ​ ២០១៩ Smart Axiata ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​របស់​ប្រទេស​ កម្ពុជា​ បាន​ដាក់​សាកល្បង​ប្រព័ន្ធ​ 5G លើកដំបូង​ដល់​អតិថិជន​របស់ខ្លួន​។ ក្រុមហ៊ុន Smart Axiata បច្ចុប្បន្ន​បម្រើ​អតិថិជន​ ៨ ​លាន​នាក់​។

របាយការណ៍​នេះ​បង្ហាញថា ការប្រើប្រាស់​អ៊ីនធឺណិត​ចល័ត​ក៏បាន​មើលឃើញ​ការកើនឡើង​រហ័ស​ផងដែរ អតិថិជន ១៦,១២ ​លាន​នាក់ ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ដើម្បី​ទទួល​បាន​មាតិកា​អនឡាញ​កាលពី​ឆ្នាំមុន​កើនឡើង​ ១៨,៤៧ ​ភាគរយ​។

ទិន្នន័យ​នេះ​ក៏​បង្ហាញថា អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​លើ​តុ​បាន​ធ្លាក់ចុះ​ ៣៥ ​ភាគរយ​មក​នៅ​ត្រឹម ៥៧ ៤៣៨ ​នាក់ និង​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ភ្ជាប់​ខ្សែ​ចំនួន ២២៤ ១០៤ ​នាក់​កើនឡើង​ ៤៦ ​ភាគរយ​។

ទិន្នន័យ​នេះ​បាន​ឲ្យ​ដឹងថា ចំនួន​គណនី Facebook ដែល​ចុះឈ្មោះ​ក៏បាន​កើនឡើង​ ២៩ ​ភាគរយ​ ដល់​ ៨,៨ ​លាន​គណនី​ផងដែរ​កាលពី​ឆ្នាំមុន​៕LA