ភ្នំពេញៈ ចំនួន​អ្នក​ធ្វើ​ដំណើរ​តាម​​អាកាស​យានដ្ឋាន​អន្តរជាតិ​​ទាំង​ ៣ ​នៅ​កម្ពុជា​បាន​បន្ត​​កើនឡើង​​​ខ្លាំង​​​កាល​​ឆ្នាំ​ ២០១៨ ដែល​​​​ធ្វើ​ឲ្យ​ចំនួន​អ្នក​ដំណើរ​​​សរុប​ក្នុង​មួយ​ឆ្នាំ​​កើន​លើស​ ១០ ​លាន​នាក់​​ជា​លើក​ដំបូង​ក្នុង​​កំណត់​ត្រា​ចរាចរណ៍​អ្នក​ដំណើរ​​តាម​អាកាស​នៅ​កម្ពុជា។ នេះ​បើ​​យោង​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ Cambodia Airports ដែល​​គ្រប់គ្រង​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ទាំង ៣។

ចំនួន​អ្នក​​ធ្វើ​ដំណើរ​ឆ្លង​កាត់​​​ព្រលាន​ទាំង​ ៣ គឺ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ ព្រលាន​យន្តហោះ​អន្តរ​ជាតិ​សៀមរាប និង​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​​ក្រុង​ព្រះ​សីហនុ ​មាន​ចំនួន​សរុប ១០,៥ លាន​នាក់​នៅ​ចាប់​ពី​ខែ​មករា ​និង​​ខែ​ធ្នូ ឆ្នាំ​មុន។​ ចំនួន​នេះ​បង្ហាញ​ពី​កំណើន​ ២០ ​ភាគរយ​​ធៀប​នឹង​ឆ្នាំ ២០១៧​។

លោក ខែក នរិន្ទដា នាយក​ផ្នែក​ទំនាក់​ទំនង​​​សាធារណៈ​របស់​ក្រុមហ៊ុន Cambodian Airport បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា អត្រា​កំណើន​លើស​ពី ២០ ភាគរយ​ប្រចាំ​ឆ្នាំ គឺ​ជា​ល្បឿន​ដ៏​ពេញ​ចិត្ត​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​បណ្ដាញ​កាន់​តែ​រឹងមាំ​របស់​កម្ពុជា ជា​មួយ​​​ព្រលាន​​អន្តរ​ជាតិ​ជា​ច្រើន​។​

លោក​ថ្លែង​​ថា​៖ «​ភាព​ទាក់​ទាញ​របស់​ប្រទេស​ កម្ពុជា​ នៅ​ក្នុង​នាម​​ជា​ទិសដៅ​សម្រាប់​​ការ​កម្សាន្ត និង​​ពាណិជ្ជកម្ម គឺ​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​​ឲ្យ​មាន​តម្រូវ​ការ​ចរាចរណ៍​ផ្លូវ​អាកាស​»។

លោក​បាន​បន្តថា​៖ «​វា​ជា​លទ្ធផល​នៃ​យុទ្ធសាស្ដ្រ​របស់​យើង​សម្រាប់​​ការ​អភិវឌ្ឍ​ផ្លូវ​ហោះហើរ និង​សម្រាប់​ការ​ត​ភ្ជាប់​ព្រលាន​យន្តហោះ​ទាំង ៣ របស់​យើង​ទៅ​កាន់​ទិស​ដៅ​កាន់​តែ​ច្រើន​​ថែម​ទៀត​»​។​

តួលេខ​​ក្រុមហ៊ុន​ Cambodia Airports បាន​បង្ហាញ​ថា កំណើន​​ចរាចរណ៍​របស់​អ្នក​ដំណើរ​បាន​កើន​ឡើង​ខ្លាំង​​​​​​នៅ​​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ក្រុង​​ព្រះ​សីហនុ ជា​ទី​ដែល​អ្នក​ដំណើរ​ឆ្លង​កាត់​តាម​រយៈ​ព្រលាន​យន្តហោះ​នៅ​ខេត្ត​តំបន់​ឆ្នេរ​មួយ​នេះ បាន​កើន​​ ៩៣ ភាគរយ កាល​ពី​ឆ្នាំ ២០១៨ ដល់ ៦៥១ ០០០ នាក់​។​

ព្រលាន​យន្តហោះ​ភ្នំពេញ ដែល​​ជា​ព្រលាន​យន្តហោះ​ធំ​របស់​កម្ពុជា នៅ​តែ​​រក្សា​អត្រា​កំណើន​​ខ្ពស់ ដោយ​កាល​ពី​ឆ្នាំ ២០១៨ ព្រលានយន្ត​ហោះ​នេះ​ទទួល​​បាន​អ្នក​ដំណើរ​សរុប ៥,​៤ លាន​នាក់ កើនឡើង ២៨ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧​។​

ព្រលាន​យន្តហោះ​សៀមរាប បាន​មើល​ឃើញ​កំណើន​មធ្យម ៦,៤ ភាគរយ​ធៀប​ទៅ​នឹង​​ឆ្នាំ ២០១៧ ដោយ​មាន​អ្នក​ដំណើរ​ចំនួន ៤,៤៨ លាន​នាក់។

ខណៈ​ដែល​ចរាចរណ៍​អ្នក​ដំណើរ​នៅ​​​សៀមរាប ដែល​ប្រជុំ​ទៅ​ដោយ​ប្រាសាទ​បុរាណ​ល្បី​រួម​ទាំង​ប្រាសាទ​អង្គរ​វត្ត បាន​មើល​ឃើញ​កំណើន​កាន់​តែ​យឺត​នោះ លោក នរិន្ទដា បាន​និយាយ​ថា ភាគី​ពាក់ព័ន្ធ​​ក្នុង​វិស័យ​​ទេសចរណ៍​របស់​កម្ពុជា ចាំបាច់​ត្រូវ​សួរ​​ខ្លួន​ឯង​ថា​ តើ​ហេតុ​​អ្វី​បាន​ជា​​ទិស​ដៅ​មួយ​នេះ​មិន​សូវ​មាន​ការ​ទាក់ទាញ ជា​ពិសេស​ចំពោះ​ភ្ញៀវ​ទេសចរ​មក​ពី​ ជប៉ុន កូរ៉េ និង​បណ្ដា​ប្រទេស​លោក​ខាង​​លិច​។​

លោក​បាន​បន្ត​ទៀត​ថា យុទ្ធសាស្ដ្រ​លើក​កម្ពស់​តំបន់​ឆ្នេរ​របស់​កម្ពុជា បាន​ទទួល​ជោគជ័យ ហើយ​ក្រុង​ព្រះ​សីហនុ​នៅ​ពេល​នេះ​គឺ​ជា​ទិស​ដៅ​ទេសចរណ៍​​ដ៏​ទាក់​ទាញ​មួយ​​ ពិសេស​​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​​ប្រទេស​ ចិន​។​

តួលេខ​របស់​ក្រុមហ៊ុន​ Cambodia Airports បាន​ឲ្យ​ដឹង​ទៀត​ថា ចំនួន​ការ​ធ្វើ​ចរាចរណ៍​យន្តហោះ​​សរុប ពោល​គឺ​​ចំនួន​យន្តហោះ​​ចេញ​ដំណើរ និង​ចុះ​ចត នៅ​ក្នុង​ព្រលាន​យន្តហោះ​ទាំង ៣ រួម​គ្នា​មាន​ចំនួន ១០៤ ៨០៥ កាល​ពី​ឆ្នាំ ២០១៨។ នៅ​ក្នុង​ចំណោម​នោះ ព្រលាន​យន្តហោះ​ភ្នំពេញ​ទទួល​បាន​ការ​ធ្វើ​ចរាចរណ៍ ៥២ ២១៧ សៀមរាប​មាន​ចំនួន ៤៤ ៣១៤ ខណៈ​ដែល​ក្រុង​ព្រះ​សីហនុ មាន​ចំនួន ៨ ២៧៤៕ LA