
ភ្នំពេញៈ របាយការណ៍ពីក្រសួង ការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈបង្ហាញថា ចំនួនរោងចក្រសរុបនៅកម្ពុជាក្នុងឆ្នាំ ២០១៣ បានកើនដល់ ៩៦០ រោងចក្រកើន ៣១,៨១ ភាគរយធៀបនឹងឆ្នាំ ២០១២។
អ្នកនៅក្នុងឧស្សាហកម្មនេះបានអះអាងថា តួលេខនេះជាកំណើនពីខែ មករា ដល់ខែ មិថុនា ឆ្នាំ ២០១៣ ប៉ុណ្ណោះ ជាពេលដែលសេដ្ឋកិច្ចនៅល្អ។ ពួកគេបង្ហាញពីការព្រួយបារម្ភថា ចំនួនរោងចក្រនៅ កម្ពុជា អាចនឹងថយចុះនៅឆ្នាំនេះ បើស្ថានភាពនៅតែតានតឹង។
លោក ជាតិ ខេមរា មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា តួលេខនេះជាកំណើនប្រចាំឆ្នាំ ហើយអាចនឹងកើនខ្ពស់ជាងនេះប្រសិនបើមិនមានបញ្ហាកូដកម្មកើតឡើងនោះទេ។ លោកបន្តព្យាករថា ប្រសិនបើស្ថានភាពនៅតែមានភាពតានតឹងនោះចំនួនរោងចក្រអាចនឹងថយចុះនៅក្នុងឆ្នាំ ២០១៤ នេះ។
លោកថ្លែងថា៖ «វាអាចមានការថយចុះ ព្រោះរាល់ថ្ងៃវាមិនកើនទេ។ វាជាតួលេខកំណើនប្រចាំឆ្នាំ ប៉ុន្តែបើមើលប្រចាំខែ តួលេខនៃរោងចក្រដែលចុះបញ្ជីគឺធ្លាក់ចុះចាប់តាំងពីខែ កក្កដា រហូតមកដល់ពេលនេះការចុះបញ្ជីនៅតែធ្លាក់ចុះ ឬមានកំណើនយឺត»។
លោកបន្តថា ប្រសិនបើមិនមានការស្ទះដំណើរការផលិតកម្មដោយសារបញ្ហាកូដកម្មនោះទេ តួលេខអាចឡើងខ្ពស់ជាងនេះ។ លោកពន្យល់ថា កំណើននៃចំនួនរោងចក្រនៅ កម្ពុជា គឺដោយសារវិបត្តិកើតមាននៅក្នុងវិស័យកាត់ដេរនៅប្រទេស បង់ក្លាដែស នៅពេលដែលមានការបាក់រលំអគាររោងចក្របណ្តាលឲ្យអាក់ខានដល់ដំណើរការផលិតនិងបានសម្លាប់កម្មករជាច្រើនពាន់នាក់កាលពីខែ ឧសភា ឆ្នាំ ២០១៣ និងចំពេលដែលប្រាក់ឈ្នួលកម្មករនៅប្រទេស ចិន មានការកើនឡើងដែល ធ្វើឲ្យប្រទេស កម្ពុជា ជាទិសដៅប្រសើរមួយសម្រាប់ការវិនិយោគ។
លោក ជាតិ ខេមរា លើកឡើងថា រោងចក្រប្រឈមនឹងការបិទទ្វារប្រសិនបើដំណើរការផលិតកម្មត្រូវរំខានដោយសារកូដកម្មនៅតែបន្តកើតមាន។
កូដកម្មទាមទារដំឡើងប្រាក់ខែអប្បបរមារបស់កម្មកររោងចក្រកាត់ដេរផ្ទុះឡើងចាប់ពីអំឡុង ខែ កញ្ញា រហូតមកដល់ពេលបច្ចុប្បន្ន។ គិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៣ ចំនួនកូដកម្មសរុបមាន ១៣១ ករណី ជាតួលេខកត់ត្រាដោយសមាគមរោងចក្រកាត់ដេរកម្ពុជា។
កាលពីថ្ងៃពុធ សប្តាហ៍មុន លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគម រោងចក្រកាត់ដេរនៅកម្ពុជាបានប្រាប់សារព័ត៌មានក្នុងស្រុកជាការព្រមានថា រោងចក្រចំនួន ៨០ ភាគរយនឹងត្រូវបិទទ្វារ ហើយមួយចំនួននឹងត្រូវដកចេញកាន់ទៅប្រទេសផ្សេង ប្រសិនបើកម្មករបន្តទាមទារដំឡើងប្រាក់ឈ្នួលដល់ ១៦០ ដុល្លារជាការឆ្លើយតបទៅនឹងគម្រោងធ្វើកូដកម្មរបស់សហជីពនៅទូទាំងប្រទេសនៅថ្ងៃ ទី១២ មីនា ខាងមុខនេះ។
លោក ស៊ូអៀង បានហៅការទាមទារថា មិនសមហេតុផល ហើយអាចនាំមកនូវគ្រោះថ្នាក់ដល់វិស័យវាយនភ័ណ្ឌនៅកម្ពុជា។ លោកនិយាយសំដៅដល់ការទាមទារប្រាក់ខែ ១៦០ ដុល្លាររបស់កម្មករ ដែលលោកថា ហួសពីសមត្ថភាពរបស់និយោជកអាចផ្តល់ឲ្យ។ លោក វ៉ាន់ ស៊ូអៀង បានអះអាងកាលពីដើមខែ មករា ឆ្នាំ ២០១៤ ថា រោងចក្រនៅកម្ពុជាខាតបង់ថវិកាប្រមាណ ២០០ លានដុល្លារពីការធ្វើកូដកម្មកន្លងមកនេះ។
ប្រធានសហជីពសេរីកម្មករលោក ជា មុនី និយាយកាលពីម្សិលមិញថា លោកយល់ថា ការដកខ្លួនចេញរបស់រោងចក្រពី កម្ពុជា ដោយសារកូដកម្មទាមទារប្រាក់ឈ្នួលរបស់កម្មករជារឿងដែលមិនអាចទៅរួចនោះទេ។
លោកបានថា៖ «រោងចក្រនឹងមិនចាកចេញពី កម្ពុជា ដោយសារតម្លៃនៃកូដកម្មទាមទារប្រាក់ឈ្នួលអប្បបរមានោះទេ។ ខ្ញុំដោះស្រាយវិបត្តិជូនកម្មករ ១០ឆ្នាំ ហើយតាំងពី ៤៥ ដុល្លារមកមិនឃើញមានរោងចក្រណាមួយចេញពីស្រុកខ្មែរទេ»។
លោកបន្តថា៖ «រោងចក្រមានតែកើនឡើង។ យើងត្រូវដឹងថា ចំណូលពីវិស័យនេះកើនតាំងពី ១ ពាន់លានរហូតដល់ ៥ ពាន់លាន។ ចំណែកអ្នកបញ្ជាទិញរឹតតែជំរុញឲ្យរោងចក្រចរចាផ្តល់តម្លៃប្រាក់ឈ្នួលសមរម្យដល់កម្មករ»។
លោក កែន រដ្ឋា អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្ម បានឲ្យដឹងថា រដ្ឋាភិបាលមានភារកិច្ចគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែក៏ត្រូវគិតគូរពីភាពប្រកួតប្រជែងសម្រាប់វិស័យកាត់ដេរ ជាមួយនឹងប្រទេសនៅក្នុងតំបន់ផងដែរ។
លោកថា៖ «ធម្មតាការដំឡើងប្រាក់បៀវត្សរ៍កម្មករគឺអាស្រ័យលើកម្រិតប្រកួតប្រជែងក្នុងចំណោមរោងចក្រ។ អ្នកវិនិយោគគឺគេពិចារណាលើជំនាញ និងតម្លៃចំណាយសម្រាប់ប្រាក់ខែរបស់កម្មករ។ មិនអាចដំឡើងប្រាក់ខែហួសពេក ដែលធ្វើឲ្យរោងចក្ររត់ចេញពីកម្ពុជាទេ»។
លោកបញ្ជាក់ថា ក្រសួង ពាណិជ្ជកម្ម មានផែនការក្នុងការទាក់ទាញអ្នកវិនិយោគរួច ហើយ។ លោកបន្តថា៖ «អ្នកវិនិយោគគេមិនមើលតែទៅលើបញ្ហានយោបាយតែមួយមុខនោះទេ ហេដ្ឋារចនាសម្ព័ន្ធ និងច្បាប់ពាក់ព័ន្ធនឹងការវិនិយោគក៏ជាអ្វីដែលគេសម្លឹងមើលដែរ។ កម្ពុជាយើងមានអំណោយផលល្អក្នុងការទាក់ទាញការវិនិយោគ»។
លោក Hiroshi Suzuki អ្នកសេដ្ឋកិច្ច ជាន់ខ្ពស់ប្រចាំវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មនៅកម្ពុជា បាននិយាយក្នុងបទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្តិ៍ កាលពីដើមខែ មករា ថា៖ «បើយើងមើលចំណូលដែលបុគ្គលិកកម្ពុជាម្នាក់ទទួលបានហើយធៀបនឹងចំណូលរបស់បុគ្គលិក ចិន និង ថៃ ទោះបីជាបុគ្គលិករោងចក្រកាត់ដេរកម្ពុជាទទួលបានការដំឡើងប្រាក់ឈ្នួលដល់ ១៦០ ដុល្លារក៏នៅតែមានគម្លាតឆ្ងាយនៅឡើយ។ ប៉ុន្តែយើងចាំបាច់ត្រូវពិចារណាលើដៃគូប្រកួតប្រជែងស្រួចស្រាល់របស់យើងដែលមានដូចជា មីយ៉ាន់ម៉ា ឡាវ និង បង់ក្លាដែស ជាដើម។ យើងត្រូវព្យាយាមរក្សាតុល្យភាពនៃប្រាក់ឈ្នួលអប្បបរមា និងការទាក់ទាញវិនិយោគិនបើមិនដូច្នេះទេ កម្ពុជា អាចមានផលប៉ះពាល់»។
តួលេខពីក្រសួង ពាណិជ្ជកម្ម បង្ហាញថា ការនាំចេញសរុបនៃផលិតផលវាយនភ័ណ្ឌមាន ៥,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៣ កើន ២០ ភាគរយធៀបនឹងឆ្នាំ ២០១២។ ការនាំចេញផលិតផលវាយនភ័ណ្ឌគ្របដណ្តប់ ៨០ ភាគរយនៃការនាំចេញសរុបរបស់ កម្ពុជា៕