
ភ្នំពេញៈ រោងចក្រថ្មីចំនួន១០៣មានតម្លៃសរុប ៦៥៩លានដុល្លារត្រូវបានបើកកាលពីឆ្នាំមុនបើធៀបនឹង២០១១ ដែលមាន៥២រោងចក្រ និងតម្លៃ២៣០លានដុល្លារប៉ុណ្ណោះ។
កំណើននេះឆ្លុះបញ្ចាំងពីការកើនឡើងប្រាក់ឈ្នួលអប្បបរមាតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ដែលជំរុញឲ្យពួកគេប្តូរទីតាំងផលិតមកប្រទេសកម្ពុជាដែលមានតម្លៃពលកម្មថោក។ នេះបើតាមអ្នកសេដ្ឋកិច្ច។
ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថាក្នុងនោះរោងចក្រកាត់ដេរមានចំនួន៨២ដែលមានតម្លៃវិនិយោគ៤៩៩លានដុល្លារ រោងចក្រស្បែកជើង១៣ មានតម្លៃ១១៦លានដុល្លារ រោងចក្រស្រោមជើង២ មានតម្លៃ២៥លានដុល្លារ រោងចក្រវាយនភ័ណ្ឌ៤ មានតម្លៃ៩លានដុល្លារ និងរោងចក្រស្រោមដៃ២ មានតម្លៃ១០លានដុល្លារ។ ឆ្នាំ២០១១ មានរោងចក្រកាត់ដេរ៤៥តម្លៃ២០៥លានដុល្លារ និងរោងចក្រស្បែកជើង៧តម្លៃ២៥លានដុល្លារ។
លោកខេន លូ អគ្គលខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានឲ្យដឹងថា ការកើនឡើងប្រាក់ឈ្មួលអប្បបរមាក្នុងប្រទេសមួយចំនួនពិសេសប្រទេសចិនកំពុងជំរុញម្ចាស់រោងចក្រទាំងនោះឲ្យប្តូរមកប្រទេសកម្ពុជា។ លោកបន្តថា៖ «ដូច្នេះពួកគេផ្លាស់មកទីនេះដោយសារយើងមានតម្លៃពលកម្មទាប និងអាចចូលដល់ទីផ្សារបានច្រើន។ទាំងនេះគឺជារឿងដ៏សំខាន់»។
ប៉ុន្តែលោកអះអាងថា ចំនួននេះនៅតែទាបបើធៀបទៅនឹងបំណងម្ចាស់រោងចក្រដែលចង់មកកម្ពុជា។
លោកថ្លែងថា៖ «បើយើងមិនមានការធ្វើកូដកម្មច្រើនចំនួននឹងមានកាន់តែច្រើន។ ពេលនេះមានរោងចក្រកាត់ដេរជាច្រើនដែលចង់មកកម្ពុជាតែពួកគេចង់ឃើញថាតើយើងអាចដោះស្រាយបញ្ហានេះបានឬអត់»។ លោក Hiroshi SUZUKI អគ្គនាយកប្រតិបត្តិ និងជាប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកម្ពុជាក៏យល់ដូច្នេះដែរ។
លោកបន្តថា៖«ការកើនឡើងយ៉ាងគំហុកនៃតម្លៃពលកម្មក្នុងប្រទេសជិតខាងដូចជាចិន ថៃ និងវៀតណាម ជាគុណប្រយោជន៍របស់កម្ពុជា។ ការវិនិយោគលើឧស្សាហកម្មប្រើកម្លាំងពលកម្មច្រើននឹងបន្តកើន»។
កម្មកររោងចក្រនិងសហជីពមួយចំនួនបានធ្វើការទាមទារដំឡើងប្រាក់ខែអប្បបរមា ពី៦១ ដុល្លារក្នុងមួយខែឲ្យដល់១០០ ឬ១៥០ដុល្លារខណៈកិច្ចប្រជុំជាច្រើនរវាង GMAC សហជីព និងមន្រ្តីរដ្ឋាភិបាលគ្មានលទ្ធផល។
លោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជានិយាយថាការទាមទារដំឡើងប្រាក់ឈ្នួលនៅពេលថ្មីៗរបស់កម្មករនឹងមិនប៉ះពាល់ដល់ឧស្សាហកម្មនេះទេ៖«ខ្ញុំមិនចង់ឲ្យកម្មករទាំងនោះទាមទារទេវាប៉ះពាល់ដល់វិនិយោគិន។ អ្វីដែលធ្វើឲ្យពួកគេពិចារណាចង់ផ្លាស់ចេញពីទីនេះដោយសារការចំណាយក្រៅផ្លូវការខ្ពស់មិនមែនដោយសារតែការទាមទារដំឡើងប្រាក់ខែនោះទេ»។ លោកបានបន្តថាសម្រាប់រោងចក្រមួយដែលមានកម្មករ៤ ០០០ នាក់ ម្ចាស់រោងចក្រត្រូវចំណាយក្រៅផ្លូវការប្រហែល ៨០ ០០០ ដុល្លារក្នុងមួយខែទៅមន្រ្តីរដ្ឋាភិបាល។
លោក Suzuki Hiroshi បាននិយាយថា៖ «តាមការពិតប្រាក់ឈ្នួលក្នុងប្រទេសកម្ពុជានឹងកើនឡើងផងដែរ។ ប៉ុន្តែវានឹងមានការលំបាកដើម្បីឲ្យឈានទៅដល់កម្រិតដូចប្រទេសជិតខាងក្នុងរយៈពេល១០ឆ្នាំទៀត។ ល្បឿននៃការកើនឡើងប្រាក់ឈ្នួលក្នុងបណ្ដាប្រទេសជិតខាងគឺខ្ពស់ជាងការកើនឡើងប្រាក់ឈ្នួលក្នុងប្រទេសកម្ពុជា។
លោក ខេន លូ បានឲ្យដឹងថា ទោះបីវៀតណាមមានប្រាក់ខែខ្ពស់ជាងក្ដីក៏ផលិតភាពរបស់ពួកគេគឺខ្ពស់ផងដែរ។
លោក រ៉ុង ឈុន ឲ្យដឹងថាលោកនឹងព្យាយាមធ្វើឲ្យសម្រេចបានប្រាក់ឈ្នួល១០០ដុល្លារក្នុងមួយខែ។ លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថាអ្វីៗគ្រប់យ៉ាងនឹងត្រូវបញ្ចប់ត្រឹមខែនេះ។ បើមិនបានទេយើងនឹងធ្វើកូដកម្មដ៏ធំ»៕ PB