ភ្នំពេញ: មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​មាន​សុទិដ្ឋិនិយម​ថា ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ដែល​បានអនុម័ត​ឲ្យ​ប្រើប្រាស់​កាលពី​ថ្មីៗ​នេះ នឹង​ជួយ​បង្កើន​ភាព​ទុកចិត្ត និង​ទាក់ទាញ​វិនិយោគិន​ឲ្យ​ចូលមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​ថ្នាក់ជាតិ​ស្តីអំពី​ «​កម្រិត​យល់ដឹង​របស់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​» និង​ «​គម្រោង​ការពារ​អ្នកប្រើប្រាស់​ក្នុង​តំបន់​អាស៊ាន​» ​កាលពី​ថ្ងៃ​ពុធ​ថា កិច្ចការពារ​អ្នកប្រើប្រាស់​នេះ​មាន​គោលបំណង​ធានា​ការពារ​អ្នក​ប្រើប្រាស់ និង​លើកកម្ពស់​ការប្រកួតប្រជែង​ដោយ​សុចរិត​។

លោក​បន្តថា​ច្បាប់​នេះ​មាន​គោលដៅ​កំណត់​វិធាន និង​យន្តការ ដើម្បី​​រួមចំណែក​បង្កើត​បរិយាកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ប្រកប​ដោយ​សុចរិត ដែល​រួមមាន​កិច្ចការពារ​សិទ្ធិ ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់ ព្រមទាំង​កសាង​នូវ​ទំនុកចិត្ត​រវាង​អ្នកប្រើប្រាស់​ជាមួយ​នឹង​ពាណិជ្ជករ​។

លោក​ថ្លែងថា​៖ «​កិច្ចការពារ​អ្នកប្រើប្រាស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ប្រធានបទ​ថ្មី និង​មាន​លក្ខណៈ​ក្មេងខ្ចី​នៅឡើយ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់ ដូច្នេះ​នេះ​ជា​គំនិត​ផ្តួចផ្តើម​ដ៏ល្អ​ក្នុង​ការចាប់ផ្តើម​អនុវត្ត​ច្បាប់​ថ្មី​នេះ​ដើម្បី​ការពារ​អ្នកប្រើប្រាស់​»​។

លោក Gunter W.Riethmacher នាយក​អង្គការ GIZ ប្រចាំ​នៅ​កម្ពុជា​ថ្លែងថា GIZ បាននិង​កំពុង​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​​អស់​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​មកហើយ​ក្នុង​ការអនុវត្ត​គម្រោង​ «​អាស៊ាន​ជួយ​អាស៊ាន​» ដើម្បី​ឆ្ពោះ​ទៅ​រក​ការរៀនសូត្រ​ពី​បទពិសោធ និង​ការអនុវត្ត​ល្អ​នៅក្នុង​តំបន់​។

លោក​ថ្លែងថា​៖ «​យើង​ពិតជា​រីករាយ​ដែល​ដឹងថា ច្បាប់​ប្រកួតប្រជែង​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​បញ្ចប់ និង​អនុម័ត​ជា​ផ្លូវការ​»​។

លោក​បាន​ឲ្យ​ដឹងថា គម្រោង​ «​កិច្ចការពារ​អ្នកប្រើប្រាស់​នៅ​អាស៊ាន​» គឺជា​ការពង្រឹង​ប្រព័ន្ធ​កិច្ចការពារ​អតិថិជន​នៅ​កម្ពុជា និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​បាន​ជ្រើសរើស រួមមាន​ការផ្តល់​ជំនួយ​បច្ចេកទេស​ ដើម្បី​ពង្រឹង​កិច្ចពិភាក្សា និង​សហប្រតិបត្តិការ​ក្នុង​តំបន់ ការអភិវឌ្ឍ​ក្របខ័ណ្ឌ​ស្ថាប័ន និង​ច្បាប់ ព្រមទាំង​ដោះស្រាយ​វិវាទ​។

លោក​បន្ថែម​ទៀត​ថា​៖ «​ការការពារ​អតិថិជន​ប្រកប​ដោយ​ប្រសិទ្ធភាព គឺជា​ការចាំបាច់​ក្នុង​ការបង្កើត​បរិយាកាស​អាជីវកម្ម​ប្រកប​ដោយ​អំណោយផល និង​ការប្រកួតប្រជែង​។ វា​បម្រើ​ដើម្បី​ប្រឆាំង​នឹង​ការអនុវត្ត​ពាណិជ្ជកម្ម​ក្លែងបន្លំ ឬក៏​ភាពអយុត្តិធម៌​ដែល​កំពុង​ប្រឈម​យ៉ាងខ្លាំង​នឹង​ការ​កើនឡើង​នៃប្រតិបត្តិ​ការឆ្លងកាត់​ព្រំដែន និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​»​។

លោក​ឲ្យ​ដឹង​ទៀតថា​៖ «​ទន្ទឹមនឹងនេះ​វា​ក៏​នឹង​ជួយ​ធានា និង​ពង្រឹង​សិទ្ធិ​អ្នកប្រើប្រាស់​ជា​មូលដ្ឋាន​ដែលជា​ជម្រើស​សុវត្ថិភាព តំណាង និង​ការដោះស្រាយ​។ ការលើកកម្ពស់​ផលប្រយោជន៍ និង​សុខុមាលភាព​របស់​អ្នក​ប្រើប្រាស់​គឺជា​ការប្តេជ្ញាចិត្ត​យ៉ាង​សំខាន់​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន​»​។

យោងតាម​លទ្ធផល​នៃ​ការស្ទង់មតិ​លើ​អ្នកប្រើប្រាស់​ចំនួន ២០០ ​នាក់​ ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ និង​ទីជនបទ​បង្ហាញថា ការយល់ដឹង​របស់​អ្នកប្រើប្រាស់​ទាំងអស់​នោះ​ទៅ​លើ​ប្រព័ន្ធ​នៃ​កិច្ចការពារ​អ្នកប្រើប្រាស់​នៅមាន​កម្រិត​ទាប​ណាស់​នៅ​កម្ពុជា​។ នេះ​បើតាម​លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជនបទ​កម្ពុជា​ (CIRD)​។

លោក​បាន​អះអាង​ថា ការស្ទង់មតិ​នេះ​គឺ​ផ្តោតលើ​ចំណុច ៣ ​សំខាន់ៗ​រួមមាន កម្រិត​យល់​ដឹង​របស់​កិច្ចការពារ​របស់​អ្នកប្រើប្រាស់ ចំណេះដឹង និង​ជំនាញ​អ្នកប្រើប្រាស់ និង​ឥរិយាបថ និង​ការជឿទុកចិត្ត​លើ​ប្រព័ន្ធ​នៃ​ការពារ​អ្នកប្រើប្រាស់​។

ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ២ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩ ដែល​មាន ១១ ​ជំពូក និង ៥១ ​មាត្រា​៕LA