ក្រុង​ញូវយ៉កៈ សំណើ​ច្បាប់​ដែល​ផ្តោត​​​ទិសដៅ​លើ​អង្គការ​​​ប្រទេស​នាំចេញ​​ប្រេង​ (OPEC) កំពុង​ដំណើរការ​ទៅ​មុខ​នៅ​​​ក្នុង​សភា​​អាមេរិក ដែល​អាច​​បង្កើន​​បញ្ហា​ប្រឈម​ថ្មី​ផ្នែក​ហិរញ្ញវត្ថុ និង​​​ភូមិសាស្ដ្រ​នយោបាយ​សម្រាប់​ទីផ្សារ​ប្រេង​អន្តរជាតិ។​

ការ​ដាក់​​ក្រុម​ប្រទេស​នាំចេញ​ប្រេង​ឲ្យ​នៅ​ក្រៅ​ច្បាប់​

គណៈកម្មាធិការ​សភា​ជាន់​ទាប​នៅ​ខែ​នេះ​បាន​អនុម័ត «សំណើ​​ច្បាប់​ស្តីពី​គ្មាន​​ក្រុម​ប្រទេស​​ផលិត​ និង​នាំចេញ​ប្រេង​ (NOPEC) ឆ្នាំ ​២០​១៩» ហើយ​កំណែ​ថ្មី​​នៃ​សំណើ​​​ច្បាប់​នេះ ​ក៏​ត្រូវ​បាន​​ស្នើ​ឡើង​ផង​ដែរ​​​នៅ​ក្នុង​ព្រឹទ្ធសភា។​ បើ​ទោះ​ជា​​សំណើ​ច្បាប់​​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំង ​២ ក្តី​ក៏​នៅ​តែ​មិន​ទាន់​មាន​​ការ​កំណត់​ពេល​វេលា​សម្រាប់​ឲ្យ​មាន​ការ​​ពិចារណា​លើ​សំណើ​ច្បាប់​នេះ​ដោយ​សភា​ពេញ​អង្គ​នៅ​ឡើយ​ទេ។​

សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ស្វែងរក​ការ​រារាំង​អង្គ​ការ​ OPEC និង​សម្ព័ន្ធមិត្ត​របស់​អង្គការ​​​​មិន​ឲ្យ​កែ​តម្រូវ​កម្រិត​ផលិតកម្ម​របស់​ពួក​គេ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តម្លៃ​ប្រេង។​

ស្ថិត​ក្រោម​សំណើ​​​​ច្បាប់​នេះ អភ័យ​ឯកសិទ្ធិ​អធិបតេយ្យ​ភាព​នឹង​លែង​ការពារ​សមាជិក​អង្គការ OPEC ​ពី​ការ​អនុវត្ត​ច្បាប់​​ប្រឆាំង​អាជីវកម្ម​​ផ្ដាច់​​មុខ​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​ទៀត​ហើយ។​

អង្គការ OPEC និង​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​របស់​​អង្គការ​នេះ កាល​ពី​ចុង​ឆ្នាំ ​២០​១៦ សម្រេច​បាន​​កិច្ច​ព្រមព្រៀង​មួយ​ជា​មួយ​​រុស្ស៊ី​ក្នុង​ការ​​ដាក់​កម្រិត​​ទិន្នផល​ ដើម្បី​បង្កើន​តម្លៃ​ប្រេង​ឆៅ។​

ប្រវត្តិសាស្ដ្រ​ដ៏​យូរ​ក្នុង​សភា

កិច្ច​ប្រឹងប្រែង​របស់​សភា​នៅ​​ពេល​ថ្មី​ៗ​​ក្នុង​ការ​ចាត់​វិធានការ​លើ​អង្គការ​ OPEC កើត​មាន​តាំង​ពី​ឆ្នាំ ២០០០ មក​ម៉្លេះ ​ហើយ​​កំណែ​ផ្សេងៗ​នៃ​​សំណើ​ច្បាប់​ NOPEC នេះ​ត្រូវ​បាន​ស្នើ​ឡើង​​ម្តងម្តាល​ចាប់​តាំង​ពី​ពេល​នោះ​មក ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​​ក្រុម​បញ្ចុះ​បញ្ចូល​ពាណិជ្ជកម្ម និង​ប្រេង​ក្តី។​

លោក​ប្រធានាធិបតី​អាមេរិក George W. Bush និង​លោក បារ៉ាក់ អូបាម៉ា ​បាន​ជំទាស់​វិធាន​ការ​នេះ​ ដោយ​បាន​​ដាក់​​កម្រិត​ដល់​ចក្ខុវិស័យ​របស់​សំណើ​ច្បាប់​នេះ​​​តាម​រយៈ​​អំណាច​វេតូ​របស់​​ប្រធានាធិបតី។​

អត្ថន័យ​ និង​ការ​ដាក់​សម្ពាធ​

អ្នក​វិភាគ​មួយ​ចំនួន​មើល​ឃើញ​​ការ​ជជែក​វែកញែក​ស្តីពី​សំណើ​ច្បាប់​ NOPEC នេះ​ថា​ជា​ការ​បង្កើន​ឥទ្ធិពល​របស់​អាមេរិក​។​

ក្រុមហ៊ុន Barclays បាន​ឲ្យ​ដឹង​​ក្នុង​របាយការណ៍​ស្រាវជ្រាវ​មួយ​ថា​៖ «​ទោះ​បី​ជា​សំណើ​​​ច្បាប់​នេះ​​មិន​ក្លាយ​ទៅ​​ជា​ច្បាប់​ក៏​ដោយ ក៏​វា​នឹង​នាំ​មក​នូវ​​​​ផល​ចំណេញ​​ខ្លាំង​ដល់​​រដ្ឋាភិបាល​ផង​ដែរ ​បើ​តម្លៃ​ចាប់​ផ្ដើម​កើន​ឡើង​»។​

យោង​តាម​​ក្រុមហ៊ុន​ Barclays សំណើ​​​ច្បាប់​នេះ​នឹង​ផ្ដល់​ជម្រើស​បន្ថែម «ដែល​អាច​ត្រូវ​គេ​បាន​មើល​ឃើញ​ថា​ជា​ការ​ពិន័យ» ក្នុង​គ្រា​ដែល​មាន​ភាព​​ចម្រូងចម្រាស់​ជុំវិញ​ឃាតកម្ម​របស់​​អ្នក​កាសែត​​អារ៉ាប៊ីសាអ៊ូឌីត​លោក Jamal Khashoggi ឬ​​កិច្ច​ខិតខំ​ប្រែងប្រែង​ជា​បន្ត​​​របស់​អង្គការ​ OPEC ក្នុង​ការ​គ្រប់គ្រង​តម្លៃ​ ខណៈ​ដែល​​អង្គការ OPEC ជា​មួយ​​សម្ព័ន្ធ​មិត្ត​​នានា​នឹង​ជួប​​ប្រជុំ​​​នៅ​ខែ​ក្រោយ​​ក្នុង​​​​ប្រទេស ​អាស៊ែបៃហ្សង់។​

លោក ដូណាល់​ ត្រាំ ​ប្រធានាធិបតី​អាមេរិក បាន​អំពាវនាវ​​ឲ្យ​​អង្គការ​ OPEC ​រក្សា​​ការ​ផលិត​ខ្ពស់​ដើម្បី​ដាក់​កម្រិត​តម្លៃ​​ប្រេង​។​

ប្រតិកម្ម​តប​របស់​ទីផ្សារ?

អ្នក​គាំទ្រ​​សំណើ​ច្បាប់​នេះ​ចង់​រក្សា​តម្លៃ​ប្រេង​​មិន​ឲ្យ​កើន​ឡើង​ខ្ពស់​ពេក ប៉ុន្តែ​​មាន​ឱកាស​ដែល​វិធានការ​នេះ​​អាច​​បង្ក​លទ្ធផល​មិន​ល្អ​ត្រឡប់​មក​វិញ បើ​អារ៉ាប៊ីសាអ៊ូឌីត​បញ្ចប់​ការ​អនុវត្ត​​ជា​យូរ​​មក​ហើយ​របស់​ខ្លួន​ ពោល​​គឺ​​ការ​រក្សា​ «​​ការ​​ផលិត​បន្ថែម​» ដើម្បី​បង្កើន​ទិន្នផល​ក្នុង​ករណី​​មាន​បញ្ហា​​ចង្វាក់​ផ្គត់ផ្គង់។

ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត កន្លង​មក​បាន​បង្កើន​ការ​ផលិត​ដើម្បី​ប៉ះប៉ូវ​ដល់​​ការ​បាត់បង់​ការ​ផ្គត់ផ្គង់​ពី​​ប្រទេស ​អ៊ីរ៉ាក់ និង​លីបង់​ ហើយ​ក្នុង​ករណី​ផ្សេង​ទៀត ប្រទេស​នេះ​បាន​​រក្សា​តម្លៃ​​មិន​ឲ្យ​ខ្ពស់​ខ្លាំង​ពេក។​

លោក James Williams ​មក​ពី​​ក្រុមហ៊ុន​ WTRG Economics បាន​ថ្លែង​ថា​៖ «​​​បើ​អ្នក​នឹង​ប្ដឹង​ពួក​គេ [អង្គការ OPEC] ​ពី​បទ​រួបរួម​ដៃ​គ្នា នៅ​ពេល​នោះ​អារ៉ាប៊ីសាអ៊ូឌីត ច្បាស់​ណាស់​​នឹង​​​មិន​មាន​ការ​លើក​ទឹក​ចិត្ត​​ក្នុង​ការ​រក្សា​ការ​បង្កើន​​សមត្ថភាព​ផលិត​​បន្ថែម​​នោះ​ទេ​»។​​

លោក Williams ថ្លែង​ថា​៖ «​បើ​គ្មាន​ផលិតកម្ម​បន្ថែម ដែល​រក្សា​ដោយ​​​អារ៉ាប៊ីសាអ៊ូឌីត និង​សមាជិក​​របស់​អង្គការ​ OPEC ផ្សេង​ទៀត​ តម្លៃ​ប្រេង​ឆៅ​នឹង​មាន​កា​រ​ប្រែប្រួល​កាន់​តែ​ខ្លាំង​នៅ​រាល់​ដំណាក់​កាល​អាក់​ខាន​​​ការ​ផ្គត់ផ្គង់​នីមួយៗ​»។​

ផល​ប៉ះពាល់​​ភូមិសាស្ដ្រ​នយោបាយ

​លោក Harry Tchilinguirian មក​ពី​ក្រុមហ៊ុន​ BNP Paribas បាន​ថ្លែង​ថា​៖ «ទី​បំផុត​ សំណើ​ច្បាប់​ NOPEC បង្កើន​បញ្ហា​ទំនាក់ទំនង​រវាង​​អាមេរិក និង​អារ៉ាប៊ីសាអ៊ូឌីត​»។​

លោក​​លើក​ឡើង​ថា​ ទោះ​ជា​​​កំណើន​​ប្រេង​ថ្ម​​សែល​របស់​អាមេរិក​បាន​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​អាមេរិក​​លើ​ប្រេង​មក​ពី​​មជ្ឈិមបូព៌ា​ក្តី ក៏​​​អារ៉ាប៊ីសាអ៊ូឌីត​គឺ​ជា «​មូលដ្ឋាន​គ្រឹះ​គោល​នយោបាយ​បរទេស​របស់​លោក​​ ត្រាំ នៅ​​មជ្ឈិមបូព៌ា​ ជា​ពិសេស​នៅ​ពេល យើង​​និយាយ​អំពី​ការ​គ្រប់គ្រង និង​ការ​រារាំង​​​អ៊ីរ៉ង់»។​ ​លោក​បន្ថែម​ថា ​អារ៉ាប៊ីសាអ៊ូឌីត ក៏​ជា​ប្រទេស​ទិញ​អាវុធ​របស់​អាមេរិក​ផង​ដែរ​។​

លោក Williams ​បាន​ថ្លែង​ថា ហានិភ័យ​ផ្សេង​ទៀត​ដែល​បង្ក​ឡើង​ដោយ​សំណើ​ច្បាប់ NOPEC នឹង​ជា​ការ​ធ្លាក់ចុះ​តម្លៃ​ប្រេង។ ស្ថិត​​ក្រោម​សេណារីយោ​នោះ «អ្នក​នឹង​​មើល​ឃើញ​​ការ​តវ៉ា​​ប្រឆាំង​​ពី​​ប្រជាជន ហើយ​អ្នក​នឹង​ឃើញ​កើត​មាន​បដិវត្តន៍​អារ៉ាប់​​កាន់​តែ​ច្រើន»។

ហានិភ័យ​សេដ្ឋកិច្ច និង​ភូមិសាស្ដ្រ​នយោបាយ​ទាំង​នេះ ​ប្រហែល​ជា​ធ្វើ​ឲ្យ​ការ​គាំទ្រ​សំណើ​ច្បាប់ NOPEC ​ របស់​លោក​ ត្រាំ ​ទំនង​ជា​មិន​​​កើត​មាន​ឡើង​នោះ​ទេ ប៉ុន្តែ​ «ជា​មួយ​នឹង​ប្រធានាធិបតី​រូប​នេះ យើង​ពិបាក​ប៉ាន់ស្មាន​ណាស់»៕ AFP/LA