ភ្នំពេញៈ ច្បាស់ស្ដីពីការវិនិយោគថ្មី និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេសថ្មី ដែលវិនិយោគិនបានរង់ចាំជាយូរ អាចនឹងត្រូវបញ្ចប់់នាពេលឆាប់ៗ ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកបានជំរុញទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឲ្យបញ្ចប់ការធ្វើវិសោធនកម្មច្បាប់នេះឲ្យចប់សព្វគ្រប់នៅចុងឆមាសទី១ ឆ្នាំនេះ។
ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃសុក្រ លោក ហ៊ុន សែន បានឲ្យដឹងថា CDC បានរៀបចំកិច្ចប្រជុំធំមួយជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីពិគ្រោះយោបល់ និងផ្ដល់ធាតុចូលបន្ថែមលើការរៀបចំសេចក្ដីព្រាងវិសោធនកម្មច្បាប់ទាំង ២ នេះ។
លោកបន្តថា លោកបានស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ចប់សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីការវិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស ឲ្យបានរួចរាល់នៅចុងឆមាសទី១ ឆ្នាំ ២០១៩ នេះតាមការគ្រោងទុក។
លោក ហ៊ុន សែន បានថ្លែងថា៖ «វិធានការលើកទឹកចិត្ត ជាឧបករណ៍គោលនយោបាយគន្លឹះដ៏សំខាន់មួយ សម្រាប់រដ្ឋាភិបាលទាក់ទាញ និងតម្រង់ទិសបង្គរធនធានវិនិយោគរបស់វិស័យឯកជន ទៅលើវិស័យអាទិភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។
លោកបន្តថា ជាគោលនយោបាយ រដ្ឋាភិបាលប្រើប្រាស់លក្ខណៈវិនិច្ឆ័យផ្សេងគ្នា ក្នុងការកំណត់ការលើកទឹកចិត្តដល់វិស័យនីមួយៗ ដូចជាការបង្កើតការងារ ការប្រើប្រាស់បច្ចេកវិទ្យា ការតភ្ជាប់ជាមួយសហគ្រាសធុនតូច និងមធ្យម វិស័យនៃការនាំចេញ។ លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលនឹងផ្ដល់ការលើកទឹកចិត្តច្រើនទៅដល់វិស័យណា ដែលរដ្ឋាភិបាលចង់ជំរុញ និងគិតថាបានផ្ដល់ ផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងសង្គមជាតិ»។
លោកក៏បញ្ជាក់ដែរថា លោកបានអនុម័តជាគោលការណ៍ឲ្យរៀបចំដកជំពូកមួយច្បាប់វិនិយោគ ដែលជាជំពូកស្ដីពីការលើកទឹកចិត្តដល់ការវិនិយោគ ចេញពីច្បាប់នេះ មកដាក់នៅក្នុងច្បាប់ថវិកាវិញ ហើយរៀបចំជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលសម្រាប់ការអនុវត្ត ដើម្បីផ្ដល់ភាពទន់ភ្លន់ក្នុងការផ្លាស់ប្តូរគោលនយោបាយនៃការលើកទឹកចិត្តទៅលើវិស័យអាទិភាពនានាឲ្យបានឆាប់រហ័សតាមសេចក្ដីត្រូវការចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តទៅមុខទៀត។ តែលោកបញ្ជាក់ថា សមត្ថកិច្ចនៅក្នុងការអនុវត្តច្បាប់ស្ដីពីវិនិយោគនិងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស នៅតែស្ថិតនៅលើ CDC ដដែល។
ច្បាប់វិនិយោគរបស់កម្ពុជា ត្រូវបានអនុម័តលើកដំបូងពីសភា កាលពីឆ្នាំ ១៩៩៤។ បន្ទាប់មក ច្បាប់នេះត្រូវបានពិនិត្យឡើងវិញកាលពីឆ្នាំ ២០០៣ ប៉ុន្តែនៅតែរក្សាការមិនផ្លាស់ប្តូររហូតមកដល់ពេលនេះ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានឲ្យដឹងកាលពីម្សិលមិញថា បច្ចុប្បន្នច្បាប់វិនិយោគរបស់កម្ពុជា មានភាពទាក់ទាញសម្រាប់ក្រុមវិនិយោគិន និងមានមុខងារក្នុងការទាក់ទាញកំណើនដ៏ធំនៃការវិនិយោគផ្ទាល់បរទេសមកដល់ពេលនេះ។
លោកបន្ថែមថា ច្បាប់វិនិយោគរបស់កម្ពុជាអាចឲ្យជនបរទេសកាន់កាប់អាជីវកម្មណាមួយ ១០០ ភាគរយ ផ្ដល់ការលើកទឹកចិត្តពន្ធសម្រាប់វិស័យអាទិភាពមួយចំនួន និងបើកចំហសម្រាប់ការវិនិយោគបរទេស។ លោកថ្លែងថា៖ «យើងនឹងរង់ចាំមើល សម្រាប់ការផ្លាស់ប្តូរនៅក្នុងការធ្វើវិសោធនកម្មលើច្បាប់នេះ ហើយយើងជឿជាក់ថា នឹងមានប្រយោជន៍កាន់តែច្រើនដែលផ្ដល់ដល់ក្រុមវិនិយោគិន»។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានឲ្យដឹងថា ការធ្វើវិសោធនកម្មលើច្បាប់ស្ដីពីការវិនិយោគនេះ ត្រូវបានវិស័យឯកជនរង់ចាំរយៈពេលយូរមកហើយ។
លោក ម៉ី កល្យាណ មិនបានដឹងថា គ្មានអ្វីត្រូវផ្លាស់ខ្លាំងនៅក្នុងច្បាប់នេះទេ ប៉ុន្តែលោកជឿជាក់ថា វានឹងបង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់ក្រុមវិនិយោគិន និងដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃបរិយាកាសវិនិយោគអាជីវកម្មពេលបច្ចុប្បន្ន។
លោកបន្ថែមថា ច្បាប់វិនិយោគរបស់កម្ពុជា ចាំបាច់ត្រូវកែតម្រូវ ដើម្បីស្របតាមបរិយាកាសសេដ្ឋកិច្ចថ្មី។ លោកថ្លែងថា៖ «ការមានច្បាប់វិនិយោគដែលមានការទាក់ទាញមួយ គឺសំខាន់ណាស់ ប៉ុន្តែការមានការអនុវត្តល្អជាការចាំបាច់ផងដែរ»។ លោកបន្ថែមថា បញ្ហាប្រឈមជាទូទៅសម្រាប់កម្ពុជា ភាគ-ច្រើនគឺអំពីកង្វះការអនុវត្តល្អ។
លោកបញ្ជាក់ថា៖ «ជំហានដំបូង យើងចាំបាច់ត្រូវមានច្បាប់ល្អ និងគោលនយោបាយល្អ ហើយក្រោយមក យើងត្រូវការការអនុវត្តល្អ។ យើងចាំបាច់ត្រូវមានច្បាប់ និងគោលនយោបាយល្អមួយជាដំបូង បន្ទាប់មកយើងនឹងកែតម្រូវការងាររបស់យើងជាបណ្ដើរៗឆ្ពោះទៅរកយុទ្ធសាស្ដ្រដ៏ល្អ»៕LA