ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាង​ថា ការបើក​ច្រកព្រំដែន​ស្ទឹងបត់​បានណង​អៀន​នឹង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​ប្រទេស​កម្ពុជា ថៃ ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែមទៀត​។

ការថ្លែង​នេះ​បាន​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ពិនិត្យ​វឌ្ឍនភាព និង​បច្ចេកទេស​នៃ​ការសាងសង់​អគារ​រដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ច្រកព្រំដែន​កាលពី​ថ្ងៃ​ពុធ​។

លោក​បញ្ជាក់ថា​៖ «​ការបើក​ច្រក​ព្រំដែន​ចំណុច​ស្ទឹងបត់​បានណងអៀន​នឹង​បើក​ឱកាស​យ៉ាង​ទូលំទូលាយ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន ការបង្កើត​ការងារ​ធ្វើ និង​ការទាក់ទាញ​ភ្ញៀវទេសចរ​សំដៅ​លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​នៃ​ប្រទេស​ទាំង​​ ២»​។

លោក​បន្តថា ជាមួយ​គ្នា​នេះ​ក្រសួង​កំពុង​ខិតខំ​រិះរក​នីតិវិធី​ដើម្បី​បើក​ច្រក​ស្ទឹងបត់​នេះ​ជា​បណ្ដោះអាសន្ន​ក្នុង​ការសម្រួល​ដល់​ការដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រកព្រំដែន​។ លោក​ថ្លែងថា​៖ «​យើង​នឹង​សាងសង់​ផ្លូវ​សម្រាប់​ត្រួតពិនិត្យ​ឡាន​ដឹកទំនិញ​ចេញ-ចូល​ជា​បណ្តោះអាសន្ន​សិន​។ យើង​នឹង​ខិតខំ​ធ្វើការ​ជាមួយ​ភាគី​ថៃ​បើក​ច្រក​នេះ ដើម្បី​បញ្ចៀស​ការកកស្ទះ​នៅ​ទល់ដែន​របស់​យើង​»​។

លោក​បន្ថែមថា បច្ចុប្បន្ន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ច្រកទ្វារ​ព្រំដែន​នេះ​សម្រេច​បាន ៥ ​ភាគរយ​ហើយ​ដែល​ការសាងសង​នេះ​មាន​ការយឺត​ជាង​ផែនការ​ចំនួន​ ២ ​ខែ ប៉ុន្តែ​ក្រុមហ៊ុន​សាងសង់​ធានា​ថា​នឹង​សាងសង់​ចប់​តាម​ផែនការ​។

បើ​តាម​លោក ចាន់ថុល ការសាងសង់​គម្រោង​នេះ​ត្រូវ​បាន​ចំណាយ​ថវិកា​ប្រមាណ ២៦,៨៥ ​លាន​ដុល្លារ​ ជា​គម្រោង​ឥណទាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ជិតខាង (NEDA)​។

ច្រកព្រំដែន​ស្ទឹងបត់​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ និង​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ ៥ កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​ ២០១៩ ដែល​មកដល់​ពេល​នេះ​មិនទាន់​បើក​ដំណើរការ​នៅឡើយ​ទេ​។

លោក ឈួ វិចិត្រ ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស Sanco Cambo Investment Group Co Ltd​ដែល​ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត បាន​និយាយ​ថា ច្រកព្រំដែន​ថ្មី​នេះ​នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ដល់​ការនាំចេញ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​យើង​កំពុង​ប្រឈម​នឹង​បញ្ហា​កក់ស្ទះ​ចរាចរណ៍​នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​វា​មាន​ការកកស្ទះ​យ៉ាងខ្លាំង​ដល់​ការដឹក​ទំនិញ​។ ប្រសិន​បើ​ច្រក​នេះ​ត្រូវបាន​បើក​វា​នឹង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​របស់​វិស័យ​ឯកជន​ក៏ដូចជា​ក្រុមហ៊ុន​ខ្ញុំ​»​។

ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ​មានតម្លៃ​ជាង ៩ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​កើនឡើង ៧,១៤ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨៕ LA