ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​កំពុង​ពិនិត្យ​លើ​សេចក្ដីព្រាង​អនុក្រឹត្យ​ស្តីពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ដើម្បី​កៀរគរ​ប្រាក់​ចំណូល និង​កែលម្អ​ការភ្ជាប់​អ៊ីនធឺណិត​ឲ្យ​មាន​ភាពល្អប្រសើរ​ជាង​មុន​។

លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា ក្រសួង​ប្រៃសណីយ៍​ត្រូវ​បាន​ចាត់​ឲ្យ​រៀបចំ​ឲ្យ​មាន​ក្របខ័ណ្ឌ​គតិយុត្ត​ច្បាស់លាស់​មួយ​ដើម្បី​គ្រប់គ្រង​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​។

លោក​ថ្លែងថា​៖ «​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ​មាន​គោលបំណង​កៀរគរ​ចំណូល​ជាតិ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការតភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​នៅ​កម្ពុជា​។ កិច្ចប្រជុំ​ថ្ងៃនេះ​មាន​បំណង​ទទួល​យក​ធាតុ​ចូល​ពី​ប្រតិបត្តិករ​ទូរគមនាគមន៍​ទាំងឡាយ​ដើម្បី​ធ្វើឲ្យ​សេចក្ដីព្រាង​អនុក្រឹត្យ​នេះ​កាន់តែ​មាន​ភាពប្រសើរ​ឡើង​»​។

លោក​ក៏​ជំរុញ​ឲ្យ​មាន​កិច្ចពិភាក្សា​លើ​ប្រកាស​ស្ដីពី​គុណភាព​សេវា​ជាមួយ​ប្រតិបត្តិករ ហើយ​សង្កត់ធ្ងន់​ថា កម្រៃ​តភ្ជាប់​បណ្ដាញ​នឹង​មាន​តម្លៃ​តិច​ដើម្បី​ចៀសវាង​ការបង្កើត​បន្ទុក​ហិរញ្ញវត្ថុ​បន្ថែម​លើ​ប្រតិបត្តិករ​តាមរយៈ​ការអនុញ្ញាត​ឲ្យ​ក្រុមបច្ចេកទេស​ក្រសួង​ពិភាក្សា​បន្ថែម​ជាមួយ​ប្រតិបត្តិករ​លើ​ធាតុ​ចូល និង​មតិ​របស់​ពួកគេ​។

កាលពី​ខែ​កុម្ភៈ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​មាន​ផែនការ​នឹង​អនុម័ត​ប្រព័ន្ធ​ច្រកទ្វារ​អ៊ីនធឺណិត​តែមួយ​ថ្នាក់ជាតិ (SIG) ​ដែល​ធ្វើឲ្យ​ការគ្រប់គ្រង និង​សន្ដិសុខ​អនឡាញ​ក្នុង​ប្រទេស​កាន់តែ​មាន​ប្រសិទ្ធភាព​។

ច្រកទ្វារ​អ៊ីនធឺណិត គឺជា​ «​ចំណង​» ​បណ្ដាញ​មួយ​ដែល​តភ្ជាប់​បណ្ដាញ​ផ្សេងគ្នា​រួម​តែមួយ​។ ប្រព័ន្ធ SIG ដែល​បាន​ដំឡើង​នៅក្នុង​កម្រិត​ជាតិ​នឹង​ធ្វើឲ្យ​បណ្ដាញ​ទាំងអស់​ស្វែងរក​ការភ្ជាប់​ជាមួយ​បណ្ដាញ​ផ្សេងទៀត​នៅ​កម្ពុជា​តាមរយៈ​ច្រកទ្វារ​តែមួយ​។

លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​ក្រសួង ប្រៃសណីយ៍ ធ្លាប់​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា​ប្រព័ន្ធ SIG ជាតិ​នឹង​បង្កើត​ប្រព័ន្ធ​ច្រកចេញ​ចូល​តែមួយ​សម្រាប់​ការតភ្ជាប់​អ៊ីនធឺណិត​បរទេស​ទាំងអស់​តាមរយៈ​ច្រក​តែមួយ​។

លោក​និយាយថា​៖ «​នេះ​ជា​គម្រោង​ថ្នាក់ជាតិ​មួយ​ដើម្បី​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​រួមមួយ​ក្នុង​ប្រទេស​។ នៅពេល​នេះ​សំខាន់​បំផុត​គឺ​ការគ្រប់គ្រង​អ៊ីនធឺណិត​ត្រូវតែ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​សម្រាប់​ការប្រើប្រាស់​»​។

លោក​បន្តថា​៖ «​បច្ចុប្បន្ន​មាន​ច្រក​ជាច្រើន ដូចជា VoIP ដែលជា​បណ្ដាញ​ខ្សែកាប​ទូរគមនាគមន៍ និង​ក្រោម​សមុទ្រ​។ យើង​កំពុង​ស្វែងរក​មធ្យោបាយ​ដើម្បី​ផ្លាស់ប្តូរ​បណ្ដាញ​នេះ​ទៅ​ជា​ច្រកទ្វារ​ជាតិ​តែមួយ ដើម្បី​ធានា​ថា យើង​អាច​គ្រប់គ្រង​ការប្រើ​អ៊ីនធឺណិត និង​ធ្វើឲ្យ​មាន​ភាពកាន់តែ​ងាយស្រួល និង​កាន់តែ​មាន​សុវត្ថិភាព​»​។

លោក វុត្ថា បាន​ឲ្យ​ដឹងថា ប្រព័ន្ធ SIG ទាមទារ​ឲ្យ​មាន​ដោយសារ​តែ​ការកើនឡើង​ចំនួន​ប្រជាជន​ដែល​ប្រើប្រាស់​អ៊ីនធឺណិត​ដែល​អាចមាន​ផលវិបាក​វិជ្ជមាន និង​អវិជ្ជមាន​៕LA