ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា កំណើន​វិនិយោគិន​ចិន និង​ពលករ​ចិន​​ជំនាញ​នៅក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​បាន​ផ្តល់​ផល​វិជ្ជមាន​យ៉ាង​ខ្លាំងក្លា​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ខណៈ​លោក​ក៏​បាន​ទទួល​ស្គាល់​ថា​ជាមួយ​នឹង​កំណើន​ជនជាតិ​ចិន​មាន​ក្រុម​មនុស្ស​មួយ​ចំនួន​បាន​ប្រព្រឹត្ត​បទល្មើស និង​មាន​ឥរិយាបថ​មិន​សមរម្យ ដែល​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​កម្ពុជា និង​កិត្តិយស​ប្រទេស​ចិន ហើយ​ស្នើ​ឲ្យ​ស្ថាប័ន​អនុវត្តន៍​ច្បាប់​កម្ពុជា​ចាត់​វិធានការ​តឹងរ៉ឹង​ដោយ​គ្មាន​ការយោគយល់​។

ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​រយៈពេល​ ២ ​ម៉ោង​ដែល​រៀបចំ​ដោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​លោក Xiong Bo ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​រដា្ឋភិបាល​ចិន​អំពាវនាវ​ដល់​ពលរដ្ឋ​ចិន​ទាំងអស់​ដែល​ចេញ​ក្រៅ​ប្រទេស ​ដូចជា ​ចេញ​មក​កម្ពុជា​ជាដើម​ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ប្រទេស​របស់​គេ គោរព​ប្រពៃណី​ទំនៀម​ទម្លាប់ និង​ប្រាស្រ័យ​ទាក់ទង​ប្រជាជន​ក្នុង​តំបន់​ប្រកប​ដោយ​សន្តិភាព​។

លោក​បញ្ជាក់​ថា​ក្នុង​នោះ​ពលរដ្ឋ​ចិន​មួយ​ភាគ​ធំ​សុទ្ធ​តែ​អាច​បំពេញ​បាន តែ​មាន​បុគ្គល​ខ្វះ​ការ​អប់រំ​មួយ​ចំនួន​ក៏​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​បរទេស​ជា​ប្រាកដ​មែន​ដោយ​ខ្លះ​លេង​ល្បែង​ខុស​ច្បាប់​ចាប់​ជំរិត​ទារ​លុយ​តាម​ទូរគមនាគមន៍​ខ្លះ​ទៀត​ផឹកស្រា​បង្ក​ជម្លោះ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សន្តិសុខ​សង្គម​ខ្លះ​ទៀត​មើល​រំលង​ច្បាប់​ចរាចរណ៍​បង្ក​គ្រោះថ្នាក់​នាំ​ឲ្យ​របួស​ដល់​គេ​ឯង​។

លោក​ថ្លែង​ថា​៖ «​បើ​ធៀប​នឹង​ភ្ញៀវទេសចរ​ចិន​ជាង​ ១ ​លាន​នាក់​នោះ​ជន​ក្រុម​នេះ​មាន​​ចំនួន​តិច​ណាស់ តែ​វា​បាន​បំផ្លាញ​នូវ​មុខមាត់​ប្រជាជន​ចិន​យ៉ាង​ធ្ងន់ធ្ងរ​។ ចំពោះ​ជន​ទាំងនោះ​ភាគី​ចិន​មាន​ជំហរ​យ៉ាង​ច្បាស់​លាស់​គឺ​យើង​ខ្ញុំ​គាំទ្រ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ចាត់ការ​តាម​នីតិវិធី​»​។

លោក​បាន​បន្ត​ថា​ស្ថានទូត​ចិន រដ្ឋាភិបាល​ចិន​សូម​អំពាវនាវ​ដល់​ស្ថាប័ន​អនុវត្តន៍​ច្បាប់​របស់​កម្ពុជា អនុវត្ត​ច្បាប់​ឲ្យ​បាន​កាន់​តែ​រឹងមាំ​ហើយ​រដ្ឋាភិបាល​ចិន​មាន​ឆន្ទៈ​រួមគ្នា​ជាមួយ​កម្ពុជា​ដើម្បី​កសាង​កម្ពុជា​ឲ្យ​ក្លាយ​ទៅ​ជា​នីតិរដ្ឋ​។

លោក​បាន​បញ្ជាក់​ថា​៖ «​សូម​អំពាវនាវ​ដល់​ភាគី​កម្ពុជា កុំ​គិត​ថា​ដោយសារ​ជន [​ប្រព្រឹត្ត​ល្មើស​] ទាំងអស់​នេះ​ជា​ជនជាតិ​ចិន​ហើយ​គិតគូរ​ដល់​ទំនាក់​ទំនង​ល្អ​រវាង​ចិន-កម្ពុជា​បែរ​ជា​បន្ធូរបន្ថយ​ដល់​ជនសង្ស័យ​ណា​មួយ​។ យើង​អំពាវនាវ​ឲ្យ​ស្ថាប័ន​អនុវត្តន៍​ច្បាប់​របស់​ប្រទេស​កម្ពុជា មាន​ចំណាត់ការ​កាន់តែ​តឹងរ៉ឹង​ចំពោះ​ជន​ដែល​ល្មើស​ច្បាប់​»​។

ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​នៅ​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ធ្វើ​ឡើង​បន្ទាប់ពី​ការ​រិះគន់​យ៉ាងខ្លាំង​ពី​សាធារណជន​ទៅ​លើ​វត្តមាន​ជនជាតិ​នៅ​កម្ពុជា​ដែល​តែងតែ​បង្ក​បញ្ហា ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ​ដែល​បច្ចុប្បន្ន​ពោរពេញ​ទៅ​ដោយ​ការ​វិនិយោគ​ និង​ទេសចរ​ជនជាតិ​ចិន​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​សប្តាហ៍​មុន​ក៏បាន​រិះគន់​ចំពោះ​ក្តីបារម្ភ​ពី​លំហូរ​ចូល​វិនិយោគិន​ចិន​មក​កម្ពុជា​ដែរ​ដោយ​លោក​ចាត់ទុក​ថា​កម្ពុជា​មិន​ទាន់​អាច​ឆ្លើយតប និង​ការ​វិវឌ្ឍ​របស់​ប្រទេស​នៅ​ឡើយ​ទេ​ដែល​ចាំបាច់​ត្រូវការ​ការវិនិយោគ និង​កម្លាំង​ពលកម្ម​ជំនាញ​។

បច្ចុប្បន្ន​គេ​ឃើញ​លំហូរ​ចូល​យ៉ាង​គំហុក​នៃ​ទេសចរ​ និង​វិនិយោគិន​ចិន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​វិនិយោគ​រាប់​ចាប់​តាំង​ពី​កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន រហូត​ដល់​មុខរបរ​តូចតាច​។

កាលពី​ពេល​ថ្មីៗ​នេះ​អាជ្ញាធរ​កម្ពុជា​ក៏​បាន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ដើម្បី​ពង្រឹង​ការ​ចុះ​បញ្ជី និង​ការ​គ្រប់គ្រង​អាជីវកម្ម​សម្រាប់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​មាន​ការ​ត្អូញត្អែរ​ពី​អាជីវករ​ក្នុង​ស្រុក​។

ក្រុម​ការងារ​រួម​នេះ​ត្រូវ​បាន​បង្កើតឡើង ខណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​បាន​សរសេរ​លិខិត​មួយ​ទៅ​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ដោយ​បញ្ជាក់​ពី​បញ្ហា​ជាមួយ​ការវិនិយោគ​របស់​ជន​ជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​។

កាលពី​ឆ្នាំ​ ២០១៧ ភ្ញៀវទេសចរ​ចិន​នៅ​កម្ពុជា​កើន​ដល់ ១,២ លាន​នាក់ កើនឡើង​ជាង​ ៤០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ដែល​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើន​ជាង​គេ​នៅ​កម្ពុជា វ៉ា​ដាច់​ភ្ញៀវទេសចរ​ជនជាតិ​វៀតណាម​មក​ទស្សនា​កម្ពុជា​។

ទិន្នន័យ​ពាណិជ្ជកម្ម​ចិន​បាន​បង្ហាញ​ថា​គិត​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ចិន​ជាង ២ ០០០ បាន​ដាក់​ទុនវិនិយោគ​នៅ​កម្ពុជា ដោយ​មាន​ទុនវិនិយោគ​សរុប​យ៉ាង​ហោច​ណាស់​ចំនួន​ ១២,៥ ពាន់​លាន​ដុល្លារ​អាមេរិក​។

កាលពី​ឆ្នាំ​ ២០១៧ វិនិយោគ​ផ្ទាល់​ចិន​នៅ​កម្ពុជា​មាន​ទឹកប្រាក់​ប្រមាណ ១,២ ពាន់​លាន​ដុល្លារ​ស្មើ​នឹង​មួយ​ភាគ​បួន​នៃ​វិនិយោគ​បរទេស​សរុប​នៅ​កម្ពុជា​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​វិញ​សម្រេច​បាន ៥,៧ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៧ កើនឡើង​ពី ៤,៧ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៦​។

ឯកអគ្គរដ្ឋទូត​កាលពី​ម្សិលមិញ​ក៏​បាន​ឆ្លើយតប​នឹង​ការ​រាយការណ៍​ដែល​ធ្លាប់​មាន​ថា​ទុន​វិនិយោគ​ចិន​នៅ​កម្ពុជា​គឺ​ការ​លាង​លុយ​កខ្វក់​ហើយ​បាន​លើក​ឡើង​ថា​សេចក្តី​រាយការណ៍​បែប​នេះ​គឺ​មិន​ពិត និង​មាន​ចរិត​បែប​នយោបាយ​។

ការ​កត់សម្គាល់​នេះ​គឺជា​ការ​ជំទាស់​ចំពោះ​រឿង New York Times ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មុន​ដែល​បាន​ដក​ស្រង់​សម្តី​របស់​លោក George McLeod អ្នក​ពិគ្រោះ​យោបល់​ផ្នែក​ហានិភ័យ​នយោបាយ​ប្រចាំ​នៅ​ទីក្រុង Bangkok ដែល​និយាយ​ថា «​ខ្ញុំ​ជឿជាក់​ថា​ការ​លាង​លុយ​ពី P.R.C. [​សាធារណរដ្ឋ​ប្រជាមានិត​ចិន​] គឺជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​អចលនទ្រព្យ​នៅ​ភ្នំពេញ​»៕ LA