ព្រុយណេៈ ជន​ជាតិ​ម៉ាឡេស៊ី​​ បួន​នាក់ ​និង​អ្នកមានសិទ្ធិ​​​រស់​នៅ​អចិន្រ្តៃយ៍ម្នាក់​​ ត្រូវ​បាន​ឃាត់​​ខ្លួន​​ដោយ​​​មន្រ្តី​​នគរ​បាលរបស់​ប្រទេស ព្រុយ​​ណេ ​ពី​បទ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ល្បែង​ស៊ី​សង​តាម​អន​ឡាញ​ SCR888 ​ក្នុង​អំឡុង​ការ​ចុះ​បង្ក្រាប​​​ក្នុង​ផ្ទះ​មួយ​នៅ​ Kampong Junjongan កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

ក្នុង​អំឡុង​ពេល​​ចុះ​បង្រ្កាប​​នេះ​ ម៉ាស៊ីន​​ល្បែង​ស៊ី​សង​ និង​កុំ​ព្យូទ័រយួរដៃ​ ៦​ គ្រឿង​​​ដែល​មាន​ផ្ទុក​​ល្បែងភ្នាក់​ SCR888 ត្រូវ​បាន​រឹប​អូស​​យក​ទៅ​​នាយក​ដ្ឋាន​ស៊ើប​អង្កេត​ឧក្រិដ្ឋ​កម្ម​​​សម្រាប់​ការ​ស៊ើប​អង្កេត​បន្ថែម។

ករណី​នេះ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​​ក្រោម​ច្បាប់​​ប្រឆាំង​ល្បែង​ស៊ី​សង​មាត្រា​ ៤ជំពូក ​២៨ ​នៃ​ច្បាប់​ល្បែង​ស៊ីសង ​ដែល​ត្រូវប្រឈម​ការ​​ដាក់​ពន្ធនាគារ​​រយៈ​ពេល​ ១២ ​ខែ​ និង​ពិន័យ​​ចំនួន ២០ ០០០ ដុល្លារ​ព្រុយណេ (ជិត ១៥ ០០០ ដុល្លារ​អាមេរិក) និង​មាត្រា ​៦(១)​សម្រាប់​​អ្នក​ដែល​ចូល​រួម​​ក្នុង​​ល្បែង​ស៊ី​សង​ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​​រយៈ​ពេល ​៦​ ខែ​​និង​ពិន័យ​ជិត ៧ ៥០០​ ដុល្លារ​អាមេរិក។

នគរ​បាល​ព្រុយ​ណេ​បាន​​ឲ្យ​ដឹង​​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​​​ថា ​ខ្លួន​នឹង​បន្ត​ពិនិត្យ​មើល​ ​និង​តាម​​ដាន​​បុគ្គល​​​ដែល​កំពុង​ប្រព្រឹត្ត​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម​ណា​មួយ​​​ក្នុង​ប្រទេស​​តាម​រយៈ​​នាយក​ដ្ឋាន​​ស៊ើប​អង្កេត​ឧក្រិដ្ឋ​កម្ម​​ក្នុង​ស្រុក​​នីមួយ​ៗ។

សេចក្តី​ថ្លែង​ការណ៍​នេះ​បន្ត​ថា​ កិច្ច​សហ​ប្រតិបត្តិការ​រវាង​ទីភ្នាក់​ងារ​សាធារណៈ ​​​និង​ទីភ្នាក់​អនុវត្ត​ច្បាប់​​​​ក្នុងការ​​​ផ្តល់​ព័ត៌​មាន​ មាន​សារៈ​សំខាន់​​ក្នុង​ការ​លុប​បំបាត់​សកម្ម​ភាព​ខុស​ច្បាប់​​ក្នុង​ប្រទេស​៕ ANN/NS