
ជនជាតិចិន ប្រមាណជាង ៧៨ ០០០ នាក់ស្នាក់នៅខេត្តព្រះសីហនុ។ ហេង ជីវ័ន
ភ្នំពេញៈ ចំនួនជនបរទេសនៅកម្ពុជាដែលបានចុះបញ្ជីធ្វើប័ណ្ណការងារឲ្យស្របតាមច្បាប់កម្ពុជាបានបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់នៅឆ្នាំ ២០១៨ នេះ ខណៈទិន្នន័យបង្ហាញថា ជនបរទេសដែលមានប័ណ្ណការងារគិតត្រឹមរយៈពេល ៨ ខែដំបូងឆ្នាំនេះមានច្រើនជាង ២ ដងធៀបនឹងឆ្នាំ ២០១៧។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។
ទិន្នន័យបង្ហាញថាក្នុងរយៈពេលពីខែ មករា ដល់ សីហា ឆ្នាំនេះ ជនបរទេសចំនួន ១១៨ ២៨០ នាក់បានធ្វើប័ណ្ណការងារស្របតាមច្បាប់នៅកម្ពុជា បើធៀបនឹងពេញ ១ ឆ្នាំ ២០១៧ ដែលមានត្រឹម ៥៧ ០០០ នាក់ប៉ុណ្ណោះ។
លោក កែម សារិន ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ជាអ្នកវិនិយោគនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា កំណើនចំនួនជនបរទេសដែលអនុលោមតាមច្បាប់គឺជាសញ្ញាវិជ្ជមានសម្រាប់ប្រភពចំណូលថ្មីមួយទៀតរបស់រដ្ឋាភិបាល ខណៈជនបរទេសទាំងនោះ ត្រូវបង់កម្រៃលើលក្ខខណ្ឌ ជាច្រើនដែលចែងក្នុងច្បាប់ស្តីពីជនបរទេសស្នាក់នៅ និងធ្វើការនៅកម្ពុជា។
ទោះបីជាយ៉ាងនេះក្តី លោក សារិន បញ្ជាក់ថា ចំនួនអ្នកបំពេញកាតព្វកិច្ចនៅមានគម្លាតឆ្ងាយនៅឡើយធៀបនឹងចំនួនជនបរទេសជាក់ស្តែងដែលកំពុងមានវត្តមាន និងធ្វើសកម្មភាពរកកម្រៃនៅកម្ពុជា។
លោកបន្តថា៖ «នៅមានភាគរយច្រើនដែរដែល [ជនបរទេស] មិនទាន់បានគោរពអស់។ នៅតាមតំបន់ដែលមានអាជីវកម្មស្មុគស្មាញដូចជាតំបន់តាមព្រំដែន មានកាស៊ីណូច្រើន នៅមានការគេចវេះច្រើននៅឡើយ»។
លោកបន្តថា នាយកដ្ឋានរបស់លោកបានដាក់ក្រុមអធិការកិច្ចដើម្បីចុះពិនិត្យក្រុមហ៊ុន និងសហគ្រាសដែលមានជនបរទេសធ្វើការជាញឹកញាប់ដើម្បីត្រួតពិនិត្យបញ្ហានេះ។
លោកថ្លែងថា៖ «ប្រសិនជាគាត់ បំពេញបានគ្រប់ៗគ្នា អាហ្នឹងអាចរួមចំណែកក្នុងការជួយកៀរគរចំណូលចូលថវិកាជាតិតាមរយៈការចេញប័ណ្ណការងារនេះបានច្រើនដែរ»។
ទោះបីយ៉ាងនេះក្តី ទិន្នន័យមិនបានបែងចែកតាមប្រទេសនោះទេ។
តាមច្បាប់ជនបរទេសមកធ្វើការនៅកម្ពុជា ជនបរទេសត្រូវបង់ថ្លៃមូលដ្ឋានមួយចំនួន ដើម្បីអនុលោមតាមច្បាប់ ដែលក្នុងនោះរួមមានថ្លៃទិដ្ឋាការដែលប្រែប្រួលតាមរយៈពេលស្នាក់នៅ កម្រៃលើប័ណ្ណកាងារ ដែលមានតម្លៃ ១០០ ដុល្លារក្នុងម្នាក់សម្រាប់១ឆ្នាំ កម្រៃលើលិខិតអនុញ្ញាតស្នាក់នៅ កម្រៃលើការត្រួតពិនិត្យសុខភាព ២៥ ដុល្លារម្តងជាដើម។
ខណៈចំនួនជនបរទេសស្នាក់នៅ និងធ្វើការនៅកម្ពុជាកើនឡើងជាបន្តបន្ទាប់ ចំនួនជនជាតិចិន ត្រូវបានគេសង្កេតឃើញមានកំណើនខ្លាំងជាងគេ។
លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីថ្មីៗនេះថា ជនជាតិចិនមកស្នាក់នៅ កម្ពុជាមានជាង ២១ ម៉ឺននាក់គិតមកទល់ពេលនេះកើនឡើងជិត ១០ ម៉ឺននាក់កាលពីឆ្នាំ ២០១៧។ គ្រាន់តែខេត្តព្រះសីហនុមួយ មានជនជាតិចិនស្នាក់នៅ ចំនួន ៧៨ ០០០ នាក់។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានលើកឡើងថា កម្ពុជា អាចប្រមូលចំណូលបានប្រមាណ ៦០ លាន ដុល្លារក្នុងមួយឆ្នាំពីវត្តមានជនជាតិចិន ២១ ម៉ឺននាក់ដែលកំពុងស្នាក់នៅ និងធ្វើការបើច្បាប់ស្តីពីជនបរទេសមកធ្វើការនៅកម្ពុជាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
តាមលោក ច័ន្ទ សុផល ទឹកប្រាក់ ៦០ លានដុល្លារនេះ គឺគណនាដោយគិតតែចំណូលពីកម្រៃមូលដ្ឋានប្រភេទដែលជនបរទេសធ្វើការ និងស្នាក់នៅកម្ពុជារួមមានដូចជាថ្លៃទិដ្ឋាការ ៣៥ ដុល្លារក្នុងម្នាក់ កម្រៃប័ណ្ណការងារ ១០០ ដុល្លារ និងកម្រៃលិខិតស្នាក់នៅ ១៨០ ដុល្លារ ដែលនេះមិនទាន់បានគិតពីចំណូលពន្ធធ្វើអាជីវកម្ម ឬពន្ធលើប្រាក់ចំណូលផ្សេងៗទេ។
លោកបានថ្លែងបញ្ជាក់ថា៖ «បើគិតតាមលក្ខខណ្ឌខាងលើចំណូលក្នុង ១ ឆ្នាំ អាចបានប្រហែល ៦០ លានដុល្លារពីជនជាតិចិន ២១ ម៉ឺននាក់»។
លោកបានចោទសួរថា៖ «តើមានអ្នកដឹងថា ជាក់ស្ដែងអាជ្ញាធរអនុវត្តច្បាប់បានពេញលេញ និងបានចំណូលពេញលេញឬទេ?»។
បើទឹកប្រាក់ពីការគិតកម្រៃពីវត្តមានចិន នឹងទទួលបានរង្វង់ ៦០ លានដុល្លារតម្លៃប៉ាន់ស្មាននេះ គឺស្ទើរតែស្មើនឹងចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេលកន្លះឆ្នាំ៕