The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជប៉ុន​ថា​ មិនដឹង​មូលហេតុ​កូរ៉េ​ ទម្លាក់​ឋានៈ​ពាណិជ្ជកម្ម​ខ្លួន

ជប៉ុន​ថា​ មិនដឹង​មូលហេតុ​កូរ៉េ​ ទម្លាក់​ឋានៈ​ពាណិជ្ជកម្ម​ខ្លួន

Content image - Phnom Penh Post
លោក Hiroshige Seko រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន​។ AFP

ជប៉ុន​ថា​ មិនដឹង​មូលហេតុ​កូរ៉េ​ ទម្លាក់​ឋានៈ​ពាណិជ្ជកម្ម​ខ្លួន

ក្រុងតូក្យូៈ ប្រទេស ​ជប៉ុន «​ស្ថិតក្នុង​ភាព​ងងឹត​» ទាក់ទង​នឹង​ថា តើ​ហេតុអ្វី​បានជា​ប្រទេស​កូរ៉េខាងត្បូង​បាន​ទម្លាក់​ឋានៈ​ពាណិជ្ជកម្ម​របស់​ទីក្រុង​តូក្យូ​ក្នុង​គ្រា​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​កំពុង​ឡើង​កម្តៅ​។ នេះ​បើតាម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន​។

ប្រទេស​ កូរ៉េខាងត្បូង​ កាលពី​ថ្ងៃ​ចន្ទ​បាន​បង្កើត​ប្រភេទ​ឋានៈ​ពាណិជ្ជកម្ម​ថ្មី​មួយ​សម្រាប់​ប្រទេស​ ជប៉ុន ដោយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ​បាន​និយាយថា វា​មាន​ការ «​លំបាក​ដែល​ធ្វើ​ការងារ​ជិតស្និទ្ធ​ជាមួយ​ប្រទេសមួយ​ដែលជា​ញឹកញាប់​រំលោភបំពាន​វិធាន​ជា​មូលដ្ឋាន​»​។

បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង បច្ចុប្បន្ន​ត្រូវបាន​បែងចែក​ជា​​ ២ ​ក្រុម​ពោល​គឺ​ ១ ​ក្រុម​ សម្រាប់​ប្រទេស​ដែលជា​សមាជិក​របស់​កិច្ចព្រមព្រៀង​គ្រប់គ្រង​ការនាំចេញ​ឈានមុខ​គេ​ទាំង​ ៤ របស់​ពិភពលោក និង​ប្រទេស​ដែល​មិនមែន​ជា​សមាជិក​របស់​កិច្ចព្រមព្រៀង​ប្រភេទ​នេះ​។

ប៉ុន្តែ​ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃ​ចន្ទ​បាន​បង្កើត​បន្ថែម​ប្រភេទ​បញ្ជី​ថ្មី​មួយ​សម្រាប់​ដាក់​បណ្ដា​ប្រទេស​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ ៤ «​ប៉ុន្តែ​ប្រតិបត្តិការ​ប្រព័ន្ធ​គ្រប់គ្រង​ការនាំចេញ​មួយ​ដែល​រំលោភ​បទដ្ឋាន​អន្តរជាតិ​»​។

ជប៉ុន​គឺ​ប្រទេស​តែមួយគត់​នៅក្នុង​ប្រភេទ​ថ្មី​នេះ​។

វិធានការ​នេះ​បាន​ធ្វើឲ្យ​ក្រុមមន្ត្រី​ក្នុង​ទីក្រុង​តូក្យូ​ភាន់ភាំង​។

លោក Hiroshige Seko រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន​ឲ្យ​ដឹង​ពីថ្ងៃ​ម្សិលមិញ​ថា​៖ «​បន្ទាប់ពី​មើល​សន្និសីទ​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​រួច យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ងងឹត​ឈឹង​ទាក់ទង​នឹង​មូលដ្ឋាន​ដែល​កូរ៉េ​អះអាង​ថា ប្រព័ន្ធ​គ្រប់គ្រង​ការនាំចេញ​របស់​ជប៉ុន​មិន​អនុលោម​តាម​គោលការណ៍​អន្តរជាតិ​»​។

វិធានការ​របស់​កូរ៉េ​កាលពី​ថ្ងៃ​ចន្ទ​នេះ​គឺជា​វិធានការ​ចុងក្រោយ​បំផុត​ក្នុងការ​ចាត់វិធានការ​សងសឹក​គ្នា​ទៅវិញ​ទៅមក​រវាង​ប្រទេស​ជិតខាង​ទាំង​ ២ ​នេះ​។

នៅ​ខែ​កក្កដា ជប៉ុន​បាន​រឹតបន្តឹង​វិធានការ​លើ​ការចេញ​លិខិត​អនុញ្ញាត​នាំចេញ​ផ្លូវការ​សម្រាប់​កូរ៉េ​ដែល​មានន័យថា ការពិនិត្យ​ពាក្យស្នើសុំ​អាច​ចំណាយពេល​រហូត​ដល់ ៩០ ថ្ងៃ​៕ KC

អត្ថបទគួរចាប់អារម្មណ៍