តូក្យូៈ ​យោង​តាម​ការ​ចុះ​ផ្សាយ ​របស់​សារ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ Nik​kei ​របស់​ជប៉ុន​ បាន​ឲ្យ​ដឹង​ថា ​ប្រទេស ​ជប៉ុន ​នឹង​ស្នើ​គោល​ការណ៍​ណែនាំ​​ថ្មី ​ស្ដីពី​ជំនួយ​អភិវឌ្ឍន៍​​នៅ​ពេល​​ប្រទេស​នេះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​កិច្ច​ប្រជុំ​កំពូល​​ប្រទេស​មាន​​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង ​២០​ ឬ ​ប្រទេស​ G20​ នៅ​ខែ​មិថុនា ​ខណៈ​​​ប្រទេស​នេះ​ព្យាយាម​ត្រួត​​ពិនិត្យ​ឥទ្ធិពល​​កាន់​តែ​កើន​ឡើង​របស់​ប្រទេស ​ចិន​ តាមរយៈ​​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​។

ប្រភព​មួយ​បាន​ប្រាប់​សារ​ព័ត៌មាន ​Nikkei ​ថា ​គោលការណ៍​​ណែនាំ​ថ្មី​នេះ ​ដែល​ហៅ​ដោយ​សាកល្បង​ថា «គោលការណ៍​ណែនាំ​ G-20 ​ស្ដីពី​ការ​វិនិយោគ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ប្រកប​ដោយ​​គុណភាព​» នឹង​ប្រឆាំង​រាល់​​អំពើ​ពុក​រលួយ​ និង​ស្ថិរភាព​​​សារពើពន្ធ​ ដែល​ជា​គោលការណ៍​ណែនាំ​ដ៏​សំខាន់​សម្រាប់​ជំនួយ​អភិវឌ្ឍន៍ ក្នុង​ការ​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ធំៗ ​ដូច​ជា​ប្រទេស ចិន​ ត្រូវ​​អនុវត្ត​បទដ្ឋាន​អន្តរជាតិ​ នៅ​ពេល​អនុវត្ត​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​នៅ​អាស៊ី ​និង​អាហ្រ្វិក​​។​

ក្នុង​​ចំណោម​គោលការណ៍​ណែនាំ​ទាំង​នោះ​ គឺ​ការ​បើក​ចំហ​​ដល់​ការ​វិនិយោគ​មក​ពី​គ្រប់​​ប្រទេស និង​តម្លាភាព​គម្រោង​។​ សំណើ​នេះ​នឹង​អំពាវនាវ​​ឲ្យ​ម្ចាស់​ជំនួយ​ត្រូវ​ពិចារណា​ពី​សមត្ថភាព​របស់​ប្រទេស​មួយ ​ក្នុង​ការ​សង​បំណុល​របស់​ខ្លួន​​។​

គោល​ការណ៍​ទាំង​នេះ​មាន​ន័យ​​ថា​ ដើម្បី​ត្រួត​​ពិនិត្យ​ការ​វិនិយោគ​​ដ៏​ច្រើន​របស់​​ប្រទេស ​ចិន​ នៅ​​ក្នុង​បណ្ដា​ប្រទេស​ក្រីក្រ​នៅ​អាស៊ី ​និង​អាហ្រ្វិក ស្ថិត​ក្រោម​គំនិត​​ផ្ដួច​ផ្ដើម​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្សែ​ក្រវាត់ ​និង​ផ្លូវ​។

ទីក្រុង​ប៉េកាំង ​ត្រូវ​បាន​គេ​និយាយ​ថា ​កំពុង​ផ្ដល់​កម្ចី​ដល់​ប្រទេស​ទាំង​នោះ​ ដោយ​មាន​ការ​ទាក់ទង​បន្តិច​បន្តួច​ទៅ​នឹង​លទ្ធភាព​ទទួល​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​របស់​គម្រោង​ទាំង​នេះ​ ឬ​សមត្ថភាព​របស់​អ្នក​ទទួល​​​ក្នុង​ការ​សង​ប្រាក់​កម្ចី​។​

កំពង់ផែ ​Hambantota ​របស់​​ប្រទេស ​ស្រីលង្កា ​គឺ​ជា​ឧទាហរណ៍​ស្រាប់​។​ កំពង់ផែ​នេះ​​ត្រូវ​បាន​អភិវឌ្ឍ​ជា​មួយ​នឹង​ជំនួយ​​របស់​ប្រទេស ​ចិន ​ប៉ុន្តែ​បាន​​បរាជ័យ​ក្នុង​ការ​រក​ប្រាក់​ចំណូល​ឲ្យ​បាន​ច្រើន​តាម​ផែនការ​ ​ហើយ​ទី​បំផុត​ត្រូវ​បាន​កាន់​កាប់​ដោយ​ប្រទេស ​ចិន​ ។​

ប្រទេស ​ចិន ​មិនមែន​ជា​សមាជិក​របស់​អង្គការ​​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ​និង​អភិវឌ្ឍន៍ ​និង​គណៈ​កម្មាធិការ​ជំនួយ​អភិវឌ្ឍន៍​ទេ ​ដែល​មាន​ន័យ​ថា ​ប្រទេស​នេះ​ប្រតិបត្តិ​ការ​នៅ​ក្រៅ​ច្បាប់​ដែល​គ្រប់គ្រង​ដោយ​ម្ចាស់​​ជំនួយ​ធំៗ ​ដូច​ជា​អាមេរិក​ អឺរ៉ុប​ និង​ជប៉ុន​។​

ចិន​​មិន​ជំទាស់​ដោយ​​បើក​ចំហ​នឹង​គោលការណ៍​ G-20​ ថ្មី​នេះ​ទេ ​ទោះបី​ជា​ទីក្រុង​​ប៉េកាំង​អាច​បង្ហាញ​ការ​ខ្វែង​​គំនិត​ ឬ​ស្នើ​សុំ​ឲ្យ​ផ្លាស់​ប្តូរ​ចំពោះ​ពាក្យពេចន៍​ណា​មួយ​ក៏​ដោយ​​។​

នេះ​មិនមែន​ជា​លើក​ដំបូង​នោះ​ទេ ​ដែល​ទីក្រុង​តូក្យូ​បាន​ស្នើ​​ឡើង​គោល​ការណ៍​ជំនួយ​។ ​ក្នុង​នាម​ជា​​ប្រទេស​ម្ចាស់​​ផ្ទះ​កិច្ច​ប្រជុំ​ប្រទេស G7​ កាល​ពី​ឆ្នាំ ​២០១៦ ​​ជប៉ុន​បាន​ជំរុញ​ឲ្យ​មាន​​ការ​​អនុម័ត «​គោលការណ៍​ G7 សម្រាប់​ការ​លើក​កម្ពស់​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រកប​ដោយ​គុណភាព​ផង​ដែរ​»​​​។​

កិច្ច​ប្រជុំ​កំពូល ​G20​ ដែល​ធ្វើ​​នៅ​ទីក្រុង ​Hangzhou ​ប្រទេស​ ​ចិន ​កាល​ពី​ខែ​កញ្ញា ​បាន​​បញ្ជាក់​ពី​សារៈសំខាន់​នៃ ​«​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រកប​ដោយ​ស្ថិរភាព» ​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​​​ផង​ដែរ ​ប៉ុន្តែ​មិន​មាន​ការ​លើក​​ឡើង​ជាក់លាក់​ពី​តម្លាភាព ​​ឬ​ស្ថិរភាព​សារពើពន្ធ​នោះ​ទេ​។​

លោក​នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន​ ស៊ីនហ្សូ ​អាបេ ​ត្រូវ​តែ​ជំរុញ​ឲ្យ​មាន​គោលការណ៍​ណែនាំ​ជំនួយ​កាល​ពី​ពេល​កន្លង​មក​។ ​ឧទាហរណ៍ ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​កាល​ពី​ខែ​តុលា​របស់​​លោក​ទៅ​កាន់​ប្រទេស ​ចិន​ លោក​ អាបេ បាន​អំពាវនាវ​​​ឲ្យ​ទីក្រុង​ប៉េកាំង​គោរព​តាម​​​ការ​អនុវត្ត​របស់​ម្ចាស់​ជំនួយ​ដែល​ទទួល​យក​ជា​អន្តរជាតិ​​ទាក់ទង​​នឹង​ការ​បើក​ចំហ ​តម្លាភាព​ និង​ស្ថិរភាព​។​

លោក​ អាបេ ​បាន​ជំរុញ​​ឲ្យ​ទីក្រុង​​ប៉េកាំង​ត្រូវ​ធ្វើ​ការ​​ជា​មួយ​​ទីក្រុង​តូក្យូ និង​ទីក្រុង​វ៉ាស៊ីនតោន​ផង​ដែរ ដែល​​កំពុង​ជំរុញ​​ឲ្យ​មាន​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដោយ​សេរី ​និង​បើក​ចំហ​៕LA​