ភ្នំពេញៈ វិនិយោគិន​ជប៉ុន​បាន​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពន្លឿន​ការបើក​ច្រកព្រំដែន​ស្ទឹង​បត់បាណង​អៀង​ជាមួយ​នឹង​ប្រទេស​ថៃ ដើម្បី​ជំរុញ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ឲ្យ​បាន​កាន់តែ​ប្រសើរ​។

ការស្នើ​បែប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន លើក​ទី​ ២០ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

លោក Ikegaya Haruhiko ប្រធាន​ក្រុមហ៊ុន Yusen Logistics Cambodia បាន​ថ្លែងថា សព្វថ្ងៃនេះ​បញ្ហា​កកស្ទះ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ប៉ោយប៉ែត​ត្រូវ​ឲ្យ​ចំណាយ​ពេល​ច្រើន​ទៅលើ​បែបបទ​ពន្ធគយ​ដែល​វា​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​។ លោក​ថ្លែងថា​៖ «​យើង​សូម​សំណូមពរ​ចំនួន​ ២ ​ដល់​រដ្ឋាភិបាល​កម្ពុជា​គឺ​ការបើក​ដំណើរការ​ស្ថាប័នគយ​នៅ​ច្រកព្រំដែន​ស្ទឹង​បត់​ និង​ផ្តល់​សេវាកម្ម​ពន្ធគយ​នៅតាម​ព្រំដែន​ ២៤ ​ម៉ោង​លើ​ ២៤ ​ម៉ោង​»​។

ទន្ទឹម​នឹងនេះ​វិនិយោគិន​ជប៉ុន​ក៏​បាន​ស្នើ​ឲ្យ​កម្ពុជា​ធ្វើការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​តាម​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម​ផងដែរ​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅតាម​ច្រកព្រំដែន​កម្ពុជា-វៀតណាម និង​កម្ពុជា-ថៃ​កាលពី​ថ្ងៃទី​ ២៥ ខែ​សីហា ថា ក្រសួង​កំពុង​ពង្រីក​ការសាងសង់ និង​លើកកម្ពស់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវដែក​និង ផ្លូវទឹក​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​។

លោក​ថ្លែងថា​៖ «​ក្រសួង​កំពុង​ធ្វើការ​ជាមួយ​ប្រទេស​ថៃ ដើម្បី​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​ចរាចរណ៍​តាម​ព្រំដែន​នៅ​ច្រកទ្វារ​ស្ទឹង​បត់បានណងអៀន បណ្តោះអាសន្ន​។ ការធ្វើ​បែបនេះ​គឺ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នៅ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ព្រមទាំង​ធ្វើការ​ជាមួយ​វៀតណាម ដើម្បី​ដោះស្រាយ​ការកកស្ទះ​នៅ​ព្រំដែន​បាវិត​»​។

កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែលមាន​តម្លៃ​ជិត ៨០០ ​លាន​ដុល្លារ​ ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន ដោយ​ធ្លាក់ចុះ​តិចតួច​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ​បើ​ធៀប​នឹង​ឆមាស​ទី​ ១ ​ឆ្នាំ​មុន​។ ការធ្លាក់ចុះ​នេះ គឺ​ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ​១៩ ដែល​ជះ​ឥទិ្ធពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកលលោក​។ នេះ​បើតាម​ទិន្នន័យ​ Jetro​។

ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ជប៉ុន (Jetro) បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​មុខទំនិញ​ផ្សេងៗ​មកកាន់​ប្រទេស​ជប៉ុន​ក្នុង​តម្លៃ ៧៩១,៦៦ ​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី ១ ​ឆ្នាំ​នេះ​ធ្លាក់​ចុះ ០,២១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដែល​មាន​តម្លៃ ៧៩៣,៣៨ ​លាន​ដុល្លារ​។ ចំណែក​កម្ពុជា​នាំចូល​ទំនិញ​ពី​ជប៉ុន​ក្នុង​តម្លៃ ២១៨,៦១ ​លាន​ដុល្លារ​ធ្លាក់ចុះ ៣៩ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​មាន ២៥៦ ​លាន​ដុល្លារ​។

យោងតាម​ទិន្នន័យ CDC គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​ ២០១៩ នេះ​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​ជប៉ុន​ចំនួន ១៤១ គម្រោង​ដែលមាន​ទុនវិនិយោគ ២,៥ ​ពាន់​លាន​ដុល្លារ​៕ LA