The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជប៉ុន​សន្យា​ផ្តល់​កម្ចី $១៣៤ លាន​ដល់​កម្ពុជា

ជប៉ុន​សន្យា​ផ្តល់​កម្ចី $១៣៤ លាន​ដល់​កម្ពុជា

ជប៉ុន​សន្យា​ផ្តល់​កម្ចី $១៣៤ លាន​ដល់​កម្ពុជា

131217_12
ខ្សែបណ្តាញអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ ជប៉ុននឹងផ្តល់កម្ចីដល់កម្ពុជាដែលមួយផ្នែកសម្រាប់ថាមពលអគ្គិសនី

ភ្នំពេញៈ រដ្ឋាភិបាល​ជប៉ុន​សន្យា​ផ្ដល់​កម្ចី​ថ្មី​ប្រហែល ១៣៤ លាន​ដុល្លារ​សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​ចំនួន​បី​នៅ​ប្រទេស កម្ពុជា។

កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សន្និសីទ​កាសែត​រួម​មួយ​រវាង​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន និង​លោក​នាយក​រដ្ឋ​មន្ត្រី ជប៉ុន ស៊ីនហ្សូ អាបេ កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ទីក្រុង តូក្យូ នៅ​ចុង​បញ្ចប់​កិច្ច​ប្រជុំ​ទ្វេ​ភាគី​បាន​ធ្វើ​ឡើង​នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​អាស៊ាន ជប៉ុន​លើក ទី៤០ និង​កិច្ច​ប្រជុំ​កំពូល​មេគង្គ ជប៉ុន លើក ទី៥។

យោង​តាម​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​របស់​ជប៉ុន បាន​រាយការណ៍​ថា តាម​ព័ត៌មាន​បាន​ពី​ក្រសួង ការ​បរទេស​របស់​ជប៉ុន​កិច្ច​ប្រជុំ​កាល​ពី ថ្ងៃ​អាទិត្យ​ជាមួយ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន លោក អាបេ បាន​សន្យា​ផ្ដល់​កម្ចី​ថ្មី​ប្រហែល ១៣,៨ ពាន់​លាន​យ៉េន (១៣៤ លាន​ដុល្លារ អាមេរិក) សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បី​នៅ​កម្ពុជា។

ប្រភព​ដដែល​បាន​បន្ត​ថា៖ «ក្នុង​នោះ​ទឹក​ប្រាក់ ៦,៤៨ ពាន់​លាន​យ៉េន (៦៣ លាន​ដុល្លារ​អាមេរិក) នឹង​ត្រូវ​បាន​ផ្ដល់​សម្រាប់​ការ​កែលម្អ​ស្ថិរភាព​ថាមពល​អគ្គិសនី​នៅ​ជុំវិញ​ទីក្រុង ភ្នំពេញ។ ប្រាក់​ដែល​នៅ​សេសសល់​នឹង​គ្រប​ដណ្ដប់​លើ​គម្រោង​ជាច្រើន​ទៀត​ក្នុង​ការ​កែលម្អ​ប្រព័ន្ធ​ធារាសាស្ដ្រ​និង​ការ​ភ្ជាប់​ផ្លូវ ហាយវ៉េ ពី​ទីក្រុង ភ្នំពេញ ទៅ​កាន់​ប្រទេស ថៃ»។

ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​នេះ​បន្ថែម​ថា លោក អាបេ និង​លោក ហ៊ុន សែន ក៏​បាន​យល់​ព្រម​ចាប់​ផ្ដើម​ចរចា​លើ​កិច្ច​ព្រម​ព្រៀង​អាកាសចរណ៍​ទ្វេ​ភាគី ដើម្បី​ចាប់​ផ្ដើម​ការ​ហោះ​ហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

យោង​តាម​សា្ថនទូត ជប៉ុន ប្រចាំ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ ១៩៩២ កម្ចី និង​ជំនួយ​ឥត​សំណង​របស់ ជប៉ុន ផ្ដល់​ដល់​ប្រទេស កម្ពុជា មាន​ជាង ២ ពាន់​លាន​ដុល្លារ​អាមេរិក។ តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បង្ហាញ​ថា ចន្លោះ​ពី​ឆ្នាំ ១៩៩៤ មក​ដល់​ខែ តុលា ឆ្នាំ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​បរទេស​ពី​ជប៉ុន ៥៩៣ លាន​ដុល្លារ​អាមេរិក។ កាល​ពី​ឆ្នាំ ២០១២ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ជប៉ុន ២៧១ លាន​ដុល្លារ៕ PB

អត្ថបទគួរចាប់អារម្មណ៍