ក្រុង​តូក្យូៈ មន្ដ្រី​ ១ រូប​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស ជប៉ុន ​កំពុង​រៀបចំ​ផែនការ រឹត​បន្តឹង​​បទ​ប្បញ្ញត្តិ​​​​​គ្រប់គ្រង​​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំ​ៗ​​ដូច​ជា ក្រុម​ហ៊ុន Google និង​ក្រុម​ហ៊ុន​ Facebook បន្ទាប់​ពី​ក្រុម​អ្នក​ជំនាញ​បាន​អំពាវ​នាវ​​​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​​កាន់​តែ​​ប្រសើរ​​លើ​ការ​ប្រកួត​ប្រជែង និង​ភាព​ឯកជន​។​

ប្រទេស ជប៉ុន ​​បាន​អនុវត្ត​​តាម​​​​បណ្ដា​ប្រទេស​ផ្សេង​ទៀត​​ក្នុង​ការ​ត្រួត​ពិនិត្យ​តួនាទី​លើស​លប់​​របស់​​​ក្រុម​ហ៊ុន​ព័ត៌​មាន​វិទ្យា​ឈាន​មុខ​នា​នា​ក្នុង​​​ពិ​ភព​លោក ដែល​រួម​ទាំង​​​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំ​ៗ​ចំនួន ៤ មាន​ដូច​ជា​ក្រុមហ៊ុន Google ក្រុមហ៊ុន Apple ​ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Amazon​។​

នៅ​ពេល​នេះ រដ្ឋា​ភិបាល​បាន​ចេញ​របាយ​ការណ៍​មួយ ដោយ​​មាន​មូលដ្ឋាន​លើ​​គំនិត​របស់​អ្នក​ជំនាញ​ ដែល​ជំរុញ​ឲ្យ​មាន​ផែន​ការ​ត្រួត​ពិនិត្យ​បទ​ប្បញ្ញត្តិ​ថ្មី​នៅ​​ឆ្នាំ​ក្រោយ​។​

របាយ​ការណ៍​នេះ​បាន​​ឲ្យ​ដឹង​ថា ទោះ​បី​ជា​នាំ​យក​មក​នូវ​​អត្ថ​ប្រយោជន៍​ក៏​ដោយ ក៏​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ធំ​ៗ​ទាំង​នេះ «​មាន​និន្នាការ​ធ្វើ​អាជិវ​កម្ម​​ផ្ដាច់​មុខ​ក្នុង​​​ទីផ្សារ​ តាម​រយៈ​លក្ខណ​ពិសេស​របស់​ខ្លួន ដូច​ជា​តម្លៃ​ទាប និង​​​​សេដ្ឋ​កិច្ច​មាត្រ​ដ្ឋាន (economies of scale)​»។​

របាយ​ការណ៍​នេះ អំពាវ​នាវ​ឲ្យ​មាន​ការ​ការពារ​កាន់​តែ​ប្រសើរ​​ នូវ​ភាព​ឯកជន​របស់​អតិថិជន និង​ឲ្យ​មាន​​ភាព​ស្មើ​ភាព និងតម្លាភាព​បន្ថែម​ទៀត​ពី​​ក្រុម​ហ៊ុន​ អំពី​បច្ចេក​វិទ្យា​ ដែល​​គ្រប់​គ្រង​លទ្ធ​ភាព​ចូល​ទី​ផ្សារ​។​

មន្ដ្រី​មួយ​រូប​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ជប៉ុន​​​​​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ AFP ថា​៖ «​ដោយ​ពឹង​​ផ្អែក​​លើ​របាយ​ការណ៍​នេះ​រដ្ឋាភិបាល ​នឹង​ប្រកាស​គោល​ការណ៍​​ជា​ផ្លូវការ​សម្រាប់​បទ​ប្បញ្ញត្តិ​ថ្មី​»​ នៅ​រយៈ​ពេល​ ២ ​សប្ដាហ៍​​ក្រោយ​។​

អាជ្ញាធរ​ប្រឆាំង​ភាព​ផ្ដាច់​មុខ​របស់​ប្រ​ទេស ជប៉ុន​ បាន​ឲ្យ​ដឹង​រួច​ហើយ​​ថា​ពួក​គេ​រៀបចំ​ផែនការ​មួយ ដើម្បី​​ស៊ើប​អង្កេត​ថា តើ​​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ពិភព​លោក​​ទាំង​នោះ​កំពុង​ប្រើ​ប្រាស់​​តួ​នាទី​នាំ​មុខ​ទី​ផ្សារ​របស់​ពួក​គេ​ ដើ​ម្បី​កេង​ចំណេញ​​ក្រុម​ហ៊ុន​ម៉ៅ​ការ ឬ​​រារាំង​​ការ​ប្រកួត​ប្រជែង​​ដែរ​​ឬ​យ៉ាង​ណា​?​

ការ​សម្រេច​ចិត្ត​របស់​ជប៉ុន​​ក្នុង​ការ​រឹត​បន្តឹង​បទ​ប្បញ្ញត្តិ​នានា​នេះ​កើត​មាន​ឡើង​ខណៈ​ដែល​អាជ្ញាធរ​អឺរ៉ុប​ បង្រ្កាប​លើ​​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំ​ៗ​របស់​អាមេរិក​។​

នៅ​ដើម​ឆ្នាំ​នេះ សហ​ភាព​​អឺរ៉ុប​​​ផាក​ពិន័យ​ក្រុមហ៊ុន​ Google ​​​​​ចំនួន ៤,​៣៤ ពាន់​លាន​អឺរ៉ូ (​៥ ​​ពាន់​លាន​ដុល្លារ​) ដោយ​​ចោទ​ប្រកាន់​​ក្រុម​ហ៊ុន​នេះ​​ពី​បទ​​ការ​ធ្វើ​អាជីវកម្ម​​​ផ្ដាច់​មុខ​​តាម​រយៈ​ប្រព័ន្ធ Android របស់​ខ្លួន៕​ AFP/LA