The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជប៉ុន ចាកចេញពី​សេវា​ផ្ញើសារជាអក្សរ Pager

ជប៉ុន ចាកចេញពី​សេវា​ផ្ញើសារជាអក្សរ Pager

Content image - Phnom Penh Post
ឧបករណ៍​ផ្ញើសារជាអក្សរ (Pager) ត្រូវបាន​លើក​បង្ហាញ។ រូបថត AFP

ជប៉ុន ចាកចេញពី​សេវា​ផ្ញើសារជាអក្សរ Pager

ក្រុង​តូក្យូៈ ប្រទេសជប៉ុន​ក្នុង​ពេល​ឆាប់ៗ​ នឹង​លែ​ង​មាន​សេវា​ឧបករណ៍​ផ្ញើសារ​ជាអក្សរ (Pager) ទៀត​ហើយ​ បន្ទាប់ពី​​ក្រុម​ហ៊ុន​ Tokyo Telemessage ដែល​ជា​ក្រុមហ៊ុនតែ​មួយ​​គត់​​ផ្គត់ផ្គង់​សេវា​​​នេះ បាន​ឲ្យដឹង​​កាល​ពីថ្ងៃចន្ទថា​នឹង​បញ្ចប់​សេវា​​របស់​ខ្លួន​នៅខែ​កញ្ញា​ឆ្នាំ​ក្រោយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Kyodo។

​ឧ​បករណ៍​នេះ​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់ជា​លើក​ដំបូងនៅ​ក្នុង​ប្រ​ទេសជប៉ុនកាល​ពី​កន្លះ​ ​សតវត្សរ៍មុន​ បានបាត់​បង់​សន្សឹមៗ​ដោយសារ​ភាពសម្បូរ​បែប​នៃ​​​ទូរស័ព្ទ​ចល័ត។

Kyodo បានរាយការណ៍ថា បច្ចុប្បន្ន ក្រុមហ៊ុន ​ Tokyo Telemessage មាន​អតិថិជន​ប្រហែល ១ ៥០០នាក់ រួមទាំង​​អ្នកដែល​ធ្វើ​ការងារ​នៅ​មន្ទីរពេទ្យ​​ដែល​គាំទ្រ​ឧបករណ៍​នេះ ដោយ​សារតែ​វា​​មិនបញ្ចេញ​រលកអេ​ឡិចត្រូ​ម៉ាញេទិក​។ ​ក្រុម​ហ៊ុន​នេះ​ប្រតិ​បត្តិការ​តែ​នៅ​ក្នុង​មន្ទីរ​ពេទ្យ និង​ខេត្ត​នៅជុំវិញ​តែ​ប៉ុណ្ណោះ។

ក្រុម​ហ៊ុន​ Tokyo Telemessage គ្រោង​នឹង​ចាប់ផ្ដើម​សេវាវិទ្យុថ្មី​មួយ ដោយ​ប្រើ​ប្រាស់​ហ្វេ្រកង់​ ​របស់​​ឧបករណ៍​ផ្ញើសារជា​អក្សរ​នេះ។

លោក​ប្រធាន​ Hidetoshi Seino បាន​ឲ្យដឹងថា ​​ក្រុម​ហ៊ុន​នឹង​ផ្ដល់​ជូន​រដ្ឋា​ភិបាល​មូល​ដ្ឋាន​នូវ​​ព័ត៌​មាន​ ដើ​ម្បីជួយ​ឲ្យ​ពួកគេ​គ្រប់គ្រង​ការ​កាត់​បន្ថយ​គ្រោះមហន្តរាយ​ធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធ​ភាព។

សេវា​ជាអក្សរ​នៅក្នុង​ប្រទេសជប៉ុន បានចាប់ផ្ដើម​តាំង​ពី​ឆ្នាំ ១៩៦៨ ជា​មួយ​នឹងទូរស័ព្ទ​សាធារ​ណៈ (Telephone Public) ដែលជា​ជំនាន់​មុនរបស់​ក្រុម​ហ៊ុន​ Nippon Telegraph and Telephone។​ សេវាទាំង​នេះ​បានធ្វើ​ឲ្យ​​មាន​​កំណើនតម្រូវការ​ដ៏រឹង​មាំ​ពី​មន្ទីរ​ពេទ្យ ​ក្រុម​ហ៊ុន និង​ការិយាល័យ​រដ្ឋា​ភិបាល​ ដោយ​ចំនួន​អ្នកជាវ​បាន​កើនឡើងដល់ ១០ ​លាន​នាក់​កាល​ពីឆ្នាំ​ ១៩៩៦។

ភាព​ពេញ​និយម​របស់​ឧបករណ៍​ផ្ញើ​សារជា​អក្សរ​​កាល​ពីទសវត្សរ៍​ឆ្នាំ ១​៩៩០ ដោយ​​សិស្ស​​វិទ្យា​ល័យ​ជាស្ដ្រី​គឺ​ជា​អ្នក​ប្រើ​ប្រាស់​ញឹក​ញាប់​​។ ឧបករណ៍​ផ្ញើសារ​ឥត​ខ្សែ​មួយនេះ​ក៏មានការ​យក​មក​ប្រើ​ប្រាស់​ផងដែរ​នៅក្នុង​​​រឿង​ភាគដែល​​ចាក់ផ្សាយ​តាម​ទូរទស្សន៍ និង​ចម្រៀង​នៅ​ពេល​នោះ​ ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​និមិត្ត​សញ្ញា​នៃ​យុគសម័​យ​នោះ។

ក្រុមហ៊ុន NTT Docomo ដែលជា​​ផ្នែក​ចល័តរបស់​​ក្រុម​ហ៊ុន​ NTT បាន​បញ្ចប់សេវា​ឧបករណ៍​ផ្ញើសារ​ជាអក្សរ​របស់​ខ្លួន​​កាល​ពីឆ្នាំ ២​០០៧ ដោយ​បន្សល់ទុកឲ្យ​​​​ក្រុមហ៊ុន​ Tokyo Telemessage ក្លាយជា​ប្រតិបត្តិ​ករ​សេវាចុងក្រោយ​គេ ដែល​ផ្គង់​ផ្គង់សេវា​នេះ៕ LA

អត្ថបទគួរចាប់អារម្មណ៍