ក្រុងបាងកកៈ រដ្ឋាភិបាលថៃ និងជប៉ុន មានបំណងកែលម្អវិស័យផលិតកម្មក្នុងស្រុក ដោយបានបើកដំណើរការមជ្ឈមណ្ឌលប្រែក្លាយឧស្សាហកម្ម(ITC) ដែលត្រូវបានគាំទ្រដោយការវិនិយោគតម្លៃ ៣០ លានបាតរបស់ជប៉ុន។

លោក Uttama Savanayana រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងលោក Shiro Sadoshima ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេស ថៃ បានចូលរួមក្នុងពិធីបើកដំណើរការមជ្ឈមណ្ឌល ITC កាលពីថ្ងៃសុក្រ នៅក្រសួងឧស្សាហកម្មនាទីក្រុង បាងកក។

នៅទីតាំងដដែលនេះ គម្រោង Lean Automation System Integrator (LASI) ត្រូវបានដំឡើងដើម្បីទ្រទ្រង់ប្រព័ន្ធម៉ាស៊ីនស្វ័យប្រវត្តិ និងគ្រឿងយន្តសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមថៃ (SME) ដែលមានបំណងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មរបស់ខ្លួន។

លោក Sadoshima មានប្រសាសន៍ថា ប្រទេសទាំង ២ មានគោលដៅរួមគ្នាក្នុងការពង្រឹងវិស័យឧស្សាហកម្មនៅប្រទេស ថៃ ដែលមានឈ្មោះល្បីល្បាយខ្លាំងថាជាមូលដ្ឋានផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនជប៉ុនអស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយ។

លោក Sadoshima ថ្លែងថា៖ «វិនិយោគិនជប៉ុន កំពុងយកចិត្តទុកដាក់លើការកែលម្អវិស័យចំនួន ៤ នៅប្រទេស ថៃ រួមមាន ការដឹកជញ្ជូន វត្ថុធាតុដើម ជីវគីមី និងការវិនិយោគថ្មីនៅក្នុងគម្រោងច្រកសេដ្ឋកិច្ចភាគខាងកើត (EEC)»។

លោកបានបន្តថា៖ «យើងរំពឹងថា ប្រទេសទាំង ២ អាចប្រៀបធៀបអាជីវកម្មរបស់ខ្លួន ចេញពីបទពិសោធរបស់មជ្ឈមណ្ឌល ITC និងគម្រោងLASI»។

រដ្ឋាភិបាល មានភាពសុទិដ្ឋិនិយមខ្លាំងលើគម្រោង EEC នេះ ដែលជាកិច្ចផ្តួចផ្តើមដែលទទួលបានការគាំទ្រខ្លាំង ដើម្បីទាក់ទាញការវិនិយោគថ្មីនៅក្នុងខេត្តចំនួនបីគឺ ខេត្ត Chachoengsao ខេត្ត Chon Buri និងខេត្ត Rayong។

រដ្ឋាភិបាល ថៃ និងជប៉ុន បានចុះអនុស្សរណៈយោគយល់កាលពីខែកញ្ញាឆ្នាំមុន ដើម្បីកិច្ចសហប្រតិបត្តិការនាពេលអនាគតលើគម្រោងជាច្រើនទៀត។

លោក Katsuhiko Sugito នាយកប្រតិបត្តិក្រុមហ៊ុន Aichibased Denso Corp ឲ្យដឹងថា ក្រុមហ៊ុនលោកទទួលបានការងារពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) ដើម្បីក្លាយជាផ្នែកមួយនៃគម្រោង LASI ក្នុងនាមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍ និងពង្រឹងក្រុមហ៊ុនផ្គត់ផ្គង់ថៃ តាមរយៈប្រព័ន្ធម៉ាស៊ីនស្វ័យប្រវត្តិ។

លោកបានបញ្ជាក់ថា តែបញ្ហាសំខាន់គឺការត្រៀមខ្លួនផ្នែកធនធានមនុស្ស ដើម្បីទ្រទ្រង់ប្រព័ន្ធនេះ។

លោក Kobchai Sungsitthisawad អគ្គនាយកនៃនាយកដ្ឋានជំរុញឧស្សាហកម្មថៃ បានឲ្យដឹងថា មជ្ឈមណ្ឌល ITC នឹងផ្តល់សេវាគាំទ្រដល់សហគ្រាស SME ថៃ ដោយបានព្យាករថា អាចមានក្រុមហ៊ុនចំនួន ៤០០ ទៅ ៥០០ ចូលរួមក្នុងឆ្នាំនេះ។

រដ្ឋាភិបាលគ្រោងនឹងពង្រីកមជ្ឈមណ្ឌល ITC ទៅដល់ ៧៦ ខេត្តក្នុងឆ្នាំ ២០១៨ ពីចំនួន ១១ ខេត្ត។ មជ្ឈមណ្ឌលនេះ ត្រូវបានឡោមព័ទ្ធដោយបន្ទប់ពិព័រណ៍សម្រាប់ការបង្កើតថ្មី និងការលើកកម្ពស់វិស័យផលិតកម្មសម្រាប់សហគ្រាស SME ដែលប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនស្វ័យប្រវត្តិ។

មជ្ឈមណ្ឌល ITC ត្រូវបានបង្កើតឡើងក្រៅផ្លូវការកាលពីខែ សីហា ឆ្នាំមុន មុនមានភាពជាដៃគូជាមួយប្រទេស ជប៉ុន។ ក្រុមហ៊ុនប្រមាណ ៣ ៨០០ ក្រុមហ៊ុន បានផលិតគ្រឿងម៉ាស៊ីនថ្មីចំនួន ១០០ ប្រភេទដែលមានតម្លៃស្មើនឹង ៥០លានបាត៕BP