The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជប៉ុន ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាង ៣១ ​លាន​​នាក់​នៅ​ឆ្នាំ​មុន




ជប៉ុន ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាង ៣១ ​លាន​​នាក់​នៅ​ឆ្នាំ​មុន

Content image - Phnom Penh Post
ភ្ញៀវទេសចរដែលទៅលេងប្រទេស ជប៉ុន នារដូវផ្កា សាគូរ៉ា រីក នាពេលកន្លងមក។ AFP

ជប៉ុន ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាង ៣១ ​លាន​​នាក់​នៅ​ឆ្នាំ​មុន

ក្រុង​តូក្យូៈ ទិន្នន័យ​ផ្លូវ​ការ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ប្រទេស​ ជប៉ុន ​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ជាង​ ៣១ ​លាន​នាក់​កាល​ពី​ឆ្នាំ​ ២០១៨​ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ខណៈ​​​ពេល​ដែល​​ប្រទេស​នេះ​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​បាល់​​ឱប​ពិភព​លោក​នៅ​ឆ្នាំ​នេះ​ និង​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​ឆ្នាំ ២០២០។​

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទី ៣ របស់​ពិភព​លោក​មួយ​​នេះ​ ដែល​ក៏​ល្បី​ខាង​​ប្រាសាទ​​បុរាណ​​ និង​វប្បធម៌​ពេញ​​​និយម​ដ៏​រស់​រវើក​របស់​ខ្លួន​​ផង​ដែរ​នោះ​ បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ ៣១,​២ ​លាន​នាក់​​កាល​ពី​ឆ្នាំ ២០១៨​ កើន​ឡើង ​៨,៧ ​ភាគរយ​ធៀប​​នឹង​ឆ្នាំ​ ២០១៧​​។ នេះ​បើ​យោង​តាម​អង្គការ​ទេសចរណ៍​ជាតិ​របស់​ប្រទេស​​ ជប៉ុន​។​

ប្រទេស​អាស៊ី​ធំ​ៗ​​​ដែល​បាន​ធ្វើ​​ដំណើរ​ទៅ​ទស្សនា​ប្រទេស​ ជប៉ុន ​​រួម​មាន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​មាន​ជាង​ ៨ លាន​នាក់ (​កើន​ឡើង​ ១៣,​៩​ ភាគរយ​) និង​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ ៧,​៥ ​លាន​នាក់ (កើន​ឡើង​ ៥,៦ ​ភាគរយ)​។​

បន្ទាប់​មក​ គឺ​ភ្ញៀវ​ទេសចរ​ ជនជាតិ​តៃវ៉ាន់​​​ ដែល​មាន​ចំនួន​ ៤,​៨ ​លាន​នាក់។​

ជា​រួម​ភ្ញៀវ​ទេសចរ​ទាំង​នេះ​ ​រួម​ទាំង​​ពាណិជ្ជករ​​​ដែល​ស្នាក់​នៅ​រយៈ​ពេល​មាន​កម្រិត​​ផង​ដែរ​នោះ បាន​ចំណាយ​​ ៤,៥ ​ពាន់​ពាន់​លាន​យ៉េន​ (​៤១,​៥ ​ពាន់​លាន​ដុល្លារ​) នៅ​ក្នុង​ប្រទេស​ ជប៉ុន ​ដែល​ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន។ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​ទេសចរណ៍​ជប៉ុន។​ ​ភ្ញៀវ​ទេសចរ​ចិន​គឺ​ជា​អ្នក​ចំណាយ​ប្រាក់​ច្រើន​ជាង​គេ ដែល​មាន​​រហូត​ដល់ ១,​៥៤ ​ពាន់​ពាន់​យ៉េន​ ឬ​​ជាង​ ១ ភាគ​ ៣ ​នៃ​​ការ​ចំណាយ​សរុប។​

​ជប៉ុន​កំពុង​ពឹង​ផ្អែក​លើ​ទេសចរណ៍​អន្តរជាតិ​ ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន​ ដោយ​លោកនាយក​រដ្ឋមន្ដ្រី ស៊ីនហ្សូ​ អាបេ ​មាន​បំណង​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ ៤០ ​លាន​នាក់​ត្រឹម​ឆ្នាំ​ ២០២០​ នៅ​ពេល​ទីក្រុង​តូក្យូ​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍