ក្រុង​នុសា​ឌួៈ មូល​និ​ធិ​រូ​បិយ​វត្ថុ​អន្តរ​ជាតិ​ (IMF) បាន​​ឲ្យ​ដឹង​ថា​ ភាព​តាន​តឹង​ផ្នែក​ពា​ណិជ្ជ​កម្ម​ដែល​នៅ​តែ​បន្ត​ អាច​កាត់​បន្ថយ​កំ​ណើន​សេដ្ឋ​កិច្ច​របស់​អា​ស៊ី​រហូត​ដល់​ ០,៩​ ភាគ​រយ​ក្នុង​​ពេល​ជា​ច្រើន​ឆ្នាំ​ខាង​មុខ​ ហើយ​ជំ​រុញ​​ឲ្យ​អ្នក​បង្កើត​គោល​ន​យោ​បាយ​​​​នៅ​ក្នុង​តំ​បន់​នេះ​ ត្រូវ​ធ្វើ​សេរី​ភាវូ​ប​នីយ​កម្ម​ទី​ផ្សារ​ ដើ​ម្បី​ប៉ះ​ប៉ូវ​​ការ​ធ្លាក់​ចុះ​​ការ​នាំ​ចេញ​។​ នេះ​បើ​តាម Reuters។

​ក្នុង​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ ២ ​ដង​ក្នុង​មួយ​ឆ្នាំ​របស់​ខ្លួន​​ស្តី​ពី​តំ​បន់​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក ​មូល​និ​ធិ IMF ​បាន​ព្រ​មាន​ថា ភាព​ច​លា​ច​ល​​ទី​ផ្សារ​ត្រូវ​បាន​​មើល​ឃើញ​​នៅ​តាម​​​ប្រ​ទេស​កំ​ពុង​អភិ​វឌ្ឍន៍​ខ្លាំង​ អាច​កាន់​តែ​​អា​ក្រក់​ខ្លាំង​ បើ​ធនា​គារ​កណ្ដាល​អា​មេ​រិក​ និង​​ធ​នា​គារ​កណ្ដាល​​ធំ​ៗ​ផ្សេង​ទៀត​ រឹត​បន្តឹង​គោល​នយោ​បាយ​រូបិ​យ​វត្ថុ​​លឿន​ជាង​ការ​រំ​ពឹង​ទុក​។​

របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​ភាព​ច​លា​ច​ល​ដែល​ត្រូវ​បាន​គេ​​មើល​ឃើញ​រួច​ហើយ​​​​ក្នុង​​សេដ្ឋ​កិច្ច​ទី​ផ្សារ​​ប្រ​ទេស​កំ​ពុង​​អភិ​វឌ្ឍន៍​ខ្លាំង​មួយ​ចំ​នួន​ អាច​កាន់​តែ​អា​ក្រក់​​ខ្លាំង​ឡើង​ ដោយ​សារ​ផល​ប៉ះ​ពាល់​អ​វិជ្ជ​មាន​រី​ករាល​ដាល​ទៅ​កាន់​អា​ស៊ី​ តាម​រយៈ​ការ​កាត់​បន្ថយ​លំ​ហូរ​​មូល​ធន​ និង​ការ​ចំ​ណាយ​លើ​ការ​ទទួល​បាន​មូល​និ​ធិ​​​កាន់​តែ​ខ្ពស់​»​។​

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន Reuters លោក Changyong Rhee ប្រ​ធាន​នា​យក​ដ្ឋាន​អា​ស៊ី​ និង​ប៉ា​ស៊ី​ហ្វិក​របស់​ IM​F ថ្លែង​ថា នៅ​អា​ស៊ី​ នឹង​គ្មាន​​អ្នក​ឈ្នះ​​​​ពី​ជម្លោះ​ពា​ណិជ្ជ​កម្ម​​​ពិ​ភព​លោក​នោះ​ទេ​ ខណៈ​​​​​ប្រ​ទេស​ផ្សេង​ទៀត​​​ នឹង​មិន​អាច​ទទួល​បាន​ការ​​ប៉ះ​ប៉ូវ​​​ពេញ​លេញ​សម្រាប់​​ការ​​កាត់​ផ្ដាច់​​ចង្វាក់​​ផ្គត់​ផ្គង់​​នៅ​​​ចិន ​និង​អា​មេ​រិក​ ដែល​ជា​ប្រ​ទេស​​មាន​សេដ្ឋ​កិច្ច​ធំ​​ទាំង​ ២ ​របស់​ពិ​ភព​លោក​​ឡើយ​។​

​លោក​​​ថ្លែង​ក្នុង​សន្និ​សីទ​ខ្លី​​ស្តី​ពី​​របាយ​ការណ៍​នេះ​ថា​៖ «​ឧប​សគ្គ​ចំ​ពោះ​កំ​ណើន​បច្ចុ​ប្បន្ន​ រាប់​ចាប់​ពី​ការ​រឹត​បន្តឹង​ទី​ផ្សារ​ហិរ​ញ្ញ​វត្ថុ​រហូត​ដល់​ភាព​តាន​តឹង​ផ្នែក​ពា​ណិជ្ជ​កម្ម​ អាច​បន្ត​កើត​មាន​ក្នុង​រយៈ​ពេល​ណា​មួយ»។​ ​

លោក​បន្ថែម​ថា​៖ «​ដោយ​ហេតុ​នេះ​ វា​នឹង​មាន​សារៈ​សំ​ខាន់​សម្រាប់​អ្នក​​បង្កើត​គោល​នយោ​បាយ​​ក្នុង​ការ​សន្សំ​សព្វា​វុធ​របស់​ខ្លួន​ទុក​​សម្រាប់​ពេល​ណា​ដែល​​វា​ត្រូវ​ការ​ប្រើ​ប្រាស់​​ពិត​ប្រា​កដ​»​។​

មូល​និ​ធិ IMF បាន​រក្សា​​ការ​ព្យា​ករ​របស់​ខ្លួន​ថា សេដ្ឋ​កិច្ច​របស់​អា​ស៊ី​នឹង​កើន​ឡើង ​៥,​៦ ​ភាគ​រយ​នៅ​ឆ្នាំ​នេះ​ ប៉ុ​ន្តែ​​បាន​កាត់​បន្ថយ​ការ​ព្យា​ករ​របស់​ខ្លួន​សម្រាប់​​ឆ្នាំ​ក្រោយ​​មក​នៅ​ត្រឹម​ ៥,៤​ ភាគ​រយ ដែល​ធ្លាក់​​ ០,២ ​ភាគ​រយ​ធៀប​នឹង​ខែ​មេ​សា​​។​

មូល​និ​ធិ​មួយ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ទម្លាក់​ការ​ព្យា​ក​រ​នេះ គឺ​ដោយ​សារ​តែ​​ផល​ប៉ះ​ពាល់​​នៃ​ភាព​​តាន​តឹង​ទី​ផ្សារ​ហិរ​ញ្ញ​វត្ថុ និង​ការ​រឹត​បន្តឹង​រូបិ​យ​វត្ថុ​​នៅ​ក្នុង​ប្រ​ទេស​មួយ​ចំ​នួន​ ព្រម​ទាំង​​ការ​ខូច​ខាត​ដោយ​សារ​​វិ​ធាន​ការ​ពន្ធ​នាំ​ចូល​សង​សឹក​គ្នា​​រវាង​អា​មេ​រិក និង​ចិន​។​

មូល​និ​ធិ IMF បាន​បន្ត​ថា​ ពន្ធ​នាំ​ចូល​សង​សឹក​គ្នា​ដែល​ជា​ធរ​មានត្រូវ​​​ស្នើ​ឡើងនិង​ថ្មី ​អាច​បណ្ដាល​ឲ្យ​បាត់​បង់​ ផ.ស.ស ខ្លាំង​រហូត​ដល់ ១,៦ ​ភាគ​រយ​នៅ​ចិន និង​ជិត ​១ ​ភាគ​រយ​នៅ​អា​មេ​រិក​៕ AFP/LA