អាមេរិកៈ ជម្លោះ​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​រវាង​ក្រុមហ៊ុន Facebook និង​អាជ្ញាធរ​ពន្ធ​អាមេរិក ជុំវិញ​ប្រាក់​ចំណេញ​ដែល​បាន​ផ្លាស់ប្តូរ​ទៅ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​របស់​ប្រទេស ​អៀរឡង់​ បាន​ចាប់ផ្ដើម​ដំណើរការ​នៅមុខ​ចៅក្រម​កាលពី​ថ្ងៃ​អង្គារ​។

សេវា​ប្រាក់ចំណូល​ផ្ទៃក្នុង (IRS) អះអាង​ថា ក្រុមហ៊ុន Facebook បាន​គេច​ការបង់ពន្ធ​ប្រហែល ៩ ​ពាន់​លាន​ដុល្លារ ខណៈ​បណ្ដាញ​សង្គម​ឈាន​មុខ​គេ​មួយ​នេះ​ឲ្យ​ដឹងថា ពិតប្រាកដ​ណាស់​ខ្លួន​បាន​ជំពាក់​ប្រាក់​បំណុល​។ នេះ​បើ​យោងតាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ព័ត៌មាន​អាមេរិក​។

លោក Bertie Thomson អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​នៅក្នុង​អ៊ីមែល​ឆ្លើយតប​នឹង​សំណួរ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​ការវិនិច្ឆ័យ​នេះ​គឺ​និយាយ​អំពី​ប្រតិបត្តិការ​ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ​ ២០១០ នៅពេល​ក្រុមហ៊ុន Facebook មិនមាន​ប្រាក់ចំណូល​ពី​ការផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ អាជីវកម្ម​អន្តរជាតិ​របស់​ខ្លួន​បានចាប់ផ្ដើម ហើយ​ផលិតផល​ការផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​មិន​បាន​បង្ហាញ​ភ័ស្ដុតាង​នោះទេ​»​។

លោក​បន្តថា​៖ «​យើង​ទន្ទឹង​រង់ចាំ​ការបង្ហាញ​ករណី​របស់​យើង​នៅក្នុង​តុលាការ និង​បញ្ចប់​ជម្លោះ​ដែល​អូសបន្លាយ​រយៈពេល​ជាច្រើន​ឆ្នាំនេះ​»​។

ចៅក្រម​នឹង​ស្ដាប់​ការបង្ហាញ​ពី​មន្ដ្រី​ប្រតិបត្តិ​ក្រុមហ៊ុន Facebook ក្នុង​អំឡុង​ពេល​ដំណើរការ​នីតិវិធី​នេះ​។

ការផ្លាស់ប្តូរ​ប្រាក់ចំណេញ​ទៅ​ប្រទេស​មាន​ពន្ធ​ទាប​ គឺជា​ការអនុវត្ត​ជាធម្មតា​ដោយ​ក្រុមហ៊ុន​អន្តរជាតិ ហើយ​ការសម្រេច​ចិត្ត​របស់​ចៅក្រម​នៅក្នុង​ករណីនេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ប្រផ្នូល​ដែល​អាច​កើតឡើង​ថា​តើ​យុទ្ធសាស្ដ្រ​នោះ​នឹង​មិនសូវ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​យ៉ាង​ណា​?

អំឡុងពេល​នៃ​ការ​គេចពន្ធ​តាំងពី​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​មុន​ពេល​ដែល Facebook បាន​ក្លាយជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​សាធារណៈ​។

IRS អះអាង​ថា ក្រុមហ៊ុន Facebook បាន​បន្ទាប​តម្លៃ​បច្ចេកវិទ្យា​ដែល​ខ្លួន​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៅ​ប្រទេស​អៀរឡង់​របស់​ខ្លួន ដូច្នេះ​ហើយ​បាន​ធ្វើឲ្យ​ប្រាក់​ពន្ធ​ទៅ​អាមេរិក​ត្រូវ​បាន​កាត់បន្ថយ​។

ក្រុមហ៊ុន Facebook បាន​ប្រឆាំង​តប​ថា ខ្លួន​គួរតែ​ឲ្យ​តម្លៃ​បច្ចេកវិទ្យា​ទាប​ជាង​នេះ និង​បន្ថយ​ប្រាក់​ដែល​បាន​បង់​ដោយ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​បន្ថែមទៀត ដូច្នេះ​វា​ជា​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បង់ពន្ធ​នៅ​អាមេរិក​។

លោក Thomson ថ្លែងថា​៖ «​ពេញ​មួយ​ប្រវត្តិសាស្ដ្រ​របស់​ក្រុមហ៊ុន Facebook យើង​បាន​ធ្វើ​ការងារ​ជាមួយ​ IRS និង​បាន​គោរព​តាមច្បាប់​ពន្ធ​ជា​ធរមាន​ទាំងអស់​»​។ លោក​បន្តថា​៖ «​អាជីវកម្ម​យើង​បាន​រង​ផលប៉ះពាល់ និង​ខកខាន ប៉ុន្តែ​យើង​ឈរ​នៅ​ពីក្រោយ​សកម្មភាព​ដែល​បាន​ធ្វើឡើង​នៅក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ចុងក្រោយ​ក្នុង​អំឡុងពេល​មាន​ហានិភ័យ​ខ្ពស់បំផុត និង​ភាពមិន​ច្បាស់លាស់​សម្រាប់​ក្រុមហ៊ុន​មួយ​នេះ​»៕ LA