ក្រុងបាងកកៈ លោក Veerathai Santiprabhob ទេសាភិបាលធនាគារកណ្តាលថៃបានប្រញាប់ប្រញាល់បន្ធូរបន្ថយក្តីបារម្ភអំពីការប្រឈមមុខដាក់គ្នាផ្នែកពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង ២ ដោយបានលើកឡើងថា វានឹងមិនប៉ះពាល់ដោយផ្ទាល់ទៅលើម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសថៃទេ ដោយសារផលិតផលដែលស្ថិតក្រោមការគំរាមកំហែងនៃអត្រាពន្ធកាន់តែខ្ពស់របស់អាមេរិកនោះមានទំហំតិចតួចនៃការនាំចេញរបស់ប្រទេសថៃ។
តែលោកបន្តថាគោលនយោបាយដែលមានលក្ខណៈគាំពារនិយមរបស់អាមេរិកអាចមានឥទ្ធិពលលើវិស័យពាណិជ្ជកម្មមួយចំនួនក្រុមហ៊ុនផលិតកម្ម និងផលិតផលនាំចេញ។ លោក Veerathai ថ្លែងថាជម្លោះនេះមានទាំងផលចំណេញ និងបញ្ហាប្រឈមចំពោះប្រទេសថៃ។
ផលិតផលដែលអាចប្រឈមនឹងអត្រាពន្ធកាន់តែខ្ពស់របស់អាមេរិក រួមមាន ដែក អាលុយមីញ៉ូម ផ្ទាំងកញ្ចក់សូឡា និងម៉ាស៊ីនបោកសម្លៀកបំពាក់។
លោកបានបន្តថាធនាគារកណ្តាលថៃនឹងបន្តពិនិត្យតាមដានស្ថានភាពនេះ។
មួយផ្នែកដោយសារក្តីបារម្ភអំពីផលប៉ះពាល់ជាអវិជ្ជមានពីសង្គ្រាមពាណិជ្ជកម្ម ដែលអាចបង្កការខាតបង់មួយនោះលោកឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak បានរៀបចំកិច្ចប្រជុំរួមមួយជាមួយនឹងក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ច និងទីភ្នាក់ងាររដ្ឋពាក់ព័ន្ធ។
លោកឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak ថ្លែងថាក្រសួងពាណិជ្ជកម្ម ត្រូវបានបង្គាប់ឲ្យពិនិត្យតាមដានជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំង ២ ដោយលោកបានលើកឡើងថាវានៅតែឆាប់រហ័សពេកក្នុងការវាយតម្លៃថា តើជម្លោះពាណិជ្ជកម្មនេះនឹងមានរយៈពេលយូរប៉ុនណានោះ។
លោក Sontirat Sontijirawong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃចន្ទបានឲ្យដឹងថា ក្រសួងនឹងនៅតែប្រកាន់យកទិសដៅកំណើននាំចេញ ៨ ភាគរយរបស់ខ្លួនដដែលនៅក្នុងឆ្នាំនេះដោយសារជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចមានផលប៉ះពាល់តិចតួចលើការនាំចេញរបស់ប្រទេសថៃ។
ប្រទេសថៃ អាចមានឱកាសបង្កើនការនាំចេញទៅអាមេរិកពី ៣០០ លានដល់ ១,១ ពាន់លានដុល្លារ ដើម្បីជំនួសឲ្យផលិតផលរបស់ចិន និងអាចនាំចេញទំនិញតម្លៃជាង ៣០០ លានដុល្លារទៅចិនផងដែរ ដើម្បីជំនួសផលិតផលរបស់អាមេរិក៕ BP