ភ្នំពេញៈ ក្រុមហ៊ុនជាតិ និងអន្តរជាតិចំនួន ១៥០ បានចូលរួមក្នុងកម្មវិធីពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងផ្ទៃខាងរយៈពេល ៣ ថ្ងៃនៅរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ។
ពិព័រណ័ដែលរៀបចំឡើងដោយក្រុមហ៊ុនរៀបចំពិព័រណ៍ស្ថាបត្យកម្ម ICVeX Co., Ltd និងសមាគមស្ថាបត្យករកម្ពុជានឹងត្រូវប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែឧសភាឆ្នាំ ២០១៨ នៅសាលពិព័រណ៍កោះពេជ្រដើម្បីបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យសំណង់ និងការរចនាផ្នែកខាងក្នុងអគារនៅកម្ពុជា។
លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជាបាននិយាយថា «ពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងផ្ទៃខាង» នេះនឹងក្លាយជាឱកាសដ៏ល្អសម្រាប់វិស័យសំណង់ និងការរចនានៅកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះនឹងដើរតួជាវេទិកាមួយដែលនឹងនាំមកនូវគំនិតថ្មីផលិតផលថ្មី និងគំរូនៃការតុបតែងអគារ និងផ្ទះស្អាតៗដល់ប្រទេស និងប្រជាជនខ្មែរ ខណៈរបៀបរស់នៅរបស់ប្រជាជនខ្មែរបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
លោកបានបន្តថាកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាជនខ្មែរកំពុងចូលរួមជំរុញឲ្យមានទំនើបកម្ម និងការតុបតែងលម្អអគារ និងគេហដ្ឋានកាន់តែប្រសើរឡើងជាលំដាប់។
ក្រុមហ៊ុនដែលចូលរួមក្នុងពិព័រណ៍នេះនឹងបង្ហាញផលិតផលសម្ភារផ្ទះបាយ បន្ទប់ទឹក ឥដ្ឋការ៉ូ គ្រឿងសង្ហារិម និងក្រុមហ៊ុន Interior Design ជាដើម។
នេះគឺជាលើកទី ៣ ហើយដែលក្រុមហ៊ុន ICVeX Co., Ltd បានសហការជាមួយសមាគមស្ថាបត្យករកម្ពុជារៀបចំពិព័រណ៍នេះឡើង។
លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជាបានលើកឡើងថាព្រឹត្តិការណ៍នេះនឹងផ្តល់ឱកាសឲ្យពាណិជ្ជករ អ្នកសិក្សា និងអ្នកប្រកបរបរនៅក្នុងវិស័យសំណង់ និងការរចនា និងអ្នកប្រើប្រាស់បានជួបពិភាក្សាគ្នាដើម្បីសិក្សាស្វែងយល់ពីផលិតផលថ្មីៗ និងអាចចាប់ដៃគូដើម្បីពង្រីកការវិនិយោគរបស់ខ្លួនផងដែរ។
យោងតាមលោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ ICVeX ក្នុងចំណោមក្រុមហ៊ុនដែលចូលរួម ១៥០ មាន ៨០ ភាគរយមកពីប្រទេសថៃ៕