ភ្នំពេញៈ ក្រុមហ៊ុន​ពហុអាជីវកម្ម​ក្នុង​ស្រុក ជីប ម៉ុងគ្រុប ថ្មីៗ​នេះ​បាន​សម្រេច​ពង្រីក​ពាណិជ្ជកម្ម​របស់​ខ្លួន​ទៅ​ដល់​​វិស័យ​ហិរញ្ញវត្ថុ បន្ថែម​លើ​អាជីវកម្ម​ជាច្រើន​ប្រភេទ​ដែល​មាន​ស្រាប់ តាមរយៈ​ការបង្កើត​ធនាគារ​ពាណិជ្ជ​ថ្មី​មួយ​ឈ្មោះ​ថា ធនាគារពាណិជ្ជ​ ជីប ម៉ុង​។

ក្រុមហ៊ុន ជីប ម៉ុងគ្រុប មិន​ទាន់​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ដំណើរការ​ធនាគារ​ពាណិជ្ជ​ថ្មី​នេះ​ជា​សាធារណៈ​នៅ​ឡើយ ប៉ុន្តែ​កាលពី​សប្តាហ៍​មុន​បាន​ផ្សព្វផ្សាយ​ដំណឹង​ស្វែងរក​បុគ្គលិក​នៅ​លើ​គេហទំព័រ​របស់​ខ្លួន ដោយ​បញ្ជាក់​ថា​ធនាគារ​ពាណិជ្ជ​ជីប ម៉ុង​គឺជា​ធនាគារពាណិជ្ជ​ថ្មី​មួយ​ដែល​ទើប​បង្កើត​ឡើង​នៅ​កម្ពុជា​។

បុគ្គលិក​មួយ​រូប​នៅ​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែល​បាន​ទទួល​ទូរស័ព្ទ​ ភ្នំពេញ-ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ ​បាន​បញ្ជាក់​ថា ធនាគារពាណិជ្ជ ជីប ម៉ុង ត្រូវ​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ធនាគារ​ពាណិជ្ជ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ហើយ​នៅពេល​នេះ​កំពុង​អភិវឌ្ឍ​ក្រុម​ការងារ ដើម្បី​បង្កើត​ធនាគារ​នេះ​។

មន្ដ្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប និង​តំណាង​របស់ NBC មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​ធនាគារ​ពាណិជ្ជ​ជីប ម៉ុង​បាន​ចុះ​បញ្ជី​រួច​ហើយ​នៅ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃទី​ ១៥ ខែ​មិថុនា ឆ្នាំ​ ២០១៨ ដោយ​លោកស្រី ភាព ហៀក ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​រួម​ជាមួយ​នឹង​លោក លាង ឃុន និង​លោក លាង ម៉េង ជា​នាយក​របស់​ធនាគារ​នេះ​។

របាយការណ៍​ពាក់​កណ្ដាល​ឆ្នាំ​សម្រាប់​ឆ្នាំ​ ២០១៨ របស់ NBC បង្ហាញ​ថា ប្រទេស​កម្ពុជា​មាន​ធនាគារ​ពាណិជ្ជ ៣៩ និង​ធនាគារ​ឯកទេស ១៥​។ ដើម្បី​ប្រតិបត្តិការ​ជា​ធនាគារ​ពាណិជ្ជ​នៅក្នុង​ប្រទេស​កម្ពុជា NBC តម្រូវ​ឲ្យ​ប្រតិបត្តិករ​ត្រូវ​មាន​មូលធន​អប្បបរមា​ស្មើនឹង ៧៥ លាន​ដុល្លារ​។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting (EMC) ជា​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹងថា វា​មិនមែន​ជា​ការភ្ញាក់ផ្អើល​សម្រាប់​សមត្ថភាព​របស់​ជីប ម៉ុង ក្នុង​ការ​បំពេញ​តាម​តម្រូវការ​របស់ NBC ក្នុងការ​បង្កើត​ធនាគារពាណិជ្ជ​ទេ ដោយសារ​តែ​ក្រុមហ៊ុន​នេះ​បាន​បង្កើត​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​ចំនួន​ជាមួយ​នឹង​មូលធនវិនិយោគ​រាប់រយ​លាន​ដុល្លារ​។ ប៉ុន្តែ​លោក​ថា​វា​ជា​វិធានការ​ដ៏ល្អ​មួយ​ដែល​បង្ហាញ​សមត្ថភាព​កាន់តែ​ខ្លាំង​របស់​ក្រុមហ៊ុន​កម្ពុជា​ដែល​អាច​បង្កើត​ធនាគារពាណិជ្ជ​បាន​។

ខណៈ​ក្រុមហ៊ុន​ជីប ម៉ុង មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ជាច្រើន ហើយ​ក្រុមហ៊ុន​ទាំងអស់​នោះ​កំពុង​រីកចម្រើន​លោក ង៉ែត ជូ ព្យាករ​ថា​ក្រុមហ៊ុន​ទាំងនោះ​ត្រូវការ​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន ហើយ​ជីប ម៉ុង អាច​មើល​ឃើញ​ថា​នេះ​ជា​ឱកាស​មួយ​ក្នុង​ការចូល​ទីផ្សារ​ហិរញ្ញវត្ថុ​។

លោក​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ជីប ម៉ុង ដូចជា ជីប ម៉ុងលែន បាន​ផ្ដល់​សេវា​កម្ចី​ទិញ​ផ្ទះ​ដល់​អតិថិជន ដូច្នេះ​អាច​មាន​ចក្ខុវិស័យ​ថា សេវា​នេះ​នឹង​ស្ថិតក្រោម​ធនាគារពាណិជ្ជ នៅពេល​អនាគត​»​។

លោក​បន្ត​ថា​៖ «​ទំហំ​នៃ​តម្រូវការ​ហិរញ្ញវត្ថុ​ក្នុង​ចំណោម​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ ជីប ម៉ុង អាច​ធំ​គ្រប់គ្រាន់​ក្នុង​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​នេះ​ដើម្បី​បង្កើត​ធនាគារ​មួយ​»​។

អាជីវកម្ម​របស់​ជីប ម៉ុង រួមមាន​សំណង់ និង​សម្ភារ​សំណង់ ទំនិញ​របស់​ប្រើប្រាស់ ការអភិវឌ្ឍ​អចលនទ្រព្យ ភេសជ្ជៈ ឧស្សាហកម្ម​ទូទៅ បដិសណ្ឋារកិច្ច លក់រាយ និង​ចំណី​សត្វ​៕ LA