ភ្នំពេញៈ ការ​រីក​រាលដាល​​ជំងឺ​ប៉េស្ដ​ជ្រូក​​អាហ្វ្រិក (ASF) ក្នុង​ខេត្ត​​ចំនួន ​៥ ​របស់​​កម្ពុជា​នៅ​ពេល​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាកសិករ​​ខ្មែរ​ខាតបង់​​ប្រាក់​ជាង ​៦៤ ​​ម៉ឺន​ដុល្លារ ខណៈ​ក្រសួង​កសិកម្ម​បាន​អនុញ្ញាត​ឲ្យ​ចរាចរ​ជ្រូក​ចេញ​ពី​តំបន់​ផ្ទុះ​ជំងឺ​ឡើង​វិញ ​ដើម្បី​កាត់​បន្ថយ​ការ​ខាត​បង់​។

គិត​មក​ដល់​ពេល​នេះ​ជ្រូក​ ៣ ២១១ ក្បាល ​បាន​ងាប់ និង​សម្លាប់​ចោល​ នៅ​ក្នុង​ខេត្ត​ចំនួន ៥ ​រួម​មាន ខេត្ត​រតនគិរី ​ត្បូងឃ្មុំ ​ស្វាយរៀង ​តាកែវ និង​ខេត្ត​កណ្ដាល។

លោក ចន ហេង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​មាន​ផ្ទុះ​ជំងឺ​នេះ​នៅ​កម្ពុជា ​កសិដ្ឋាន​របស់​លោក​មាន​ជ្រូក​សរុប​ជាង​ ១៥ ០០០ ​ក្បាល ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​រក​ឃើញ​វត្តមាន​ដំបូង​នៃ​ជំងឺ​នេះ​នៅ​កម្ពុជា លោក​ក៏​ចាប់​ផ្តើម​លក់​ជ្រូក​ចេញ​ជា​បណ្តើរៗ ហើយ​នៅ​ពេល​នេះ​នៅ​សល់​ជ្រូក​ជាង ៦ ០០០ ​ក្បាល​ទៀត។

លោក ចន ហេង មិន​បារម្ភ​ពី​ការ​ផ្ទុះ​ជំងឺ​នេះ​នៅ​ក្នុង​កសិដ្ឋាន​របស់​លោក​ទេ ព្រោះ​កសិដ្ឋាន​លោក​មាន​រៀបចំ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ចំណី​អាហារ អនាម័យ និង​សុវត្ថិភាព​ត្រឹមត្រូវ។

លោក​បន្ត​ថា៖ «បច្ចុប្បន្ន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក រាតត្បាត​តែ​នៅ​តាម​កន្លែង​​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ​កសិដ្ឋាន​ចិញ្ចឹម​ធំៗ​ មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​ទេ»​។ ទោះ​យ៉ាង​នេះ​ក្តី លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​ ​វៀតណាម ​ឲ្យ​មាន​ប្រសិទ្ធភាព។

ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​របស់​កសិករ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ កាល​ពី​ថ្ងៃ​ទី ​១៣ ខែ​កក្កដា បាន​អនុញ្ញាត​ឲ្យ​ចរាចរ​សត្វ​ជ្រូក ​ដែល​គ្មាន​ជំងឺ​នៅ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​ទៅ​លក់ដូរ​នៅ​កន្លែង​ផ្សេង​ដូច​​ធម្មតា​វិញ។

កាល​ពី​មុន​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​នាំចេញ​ជ្រូក​ពី​តំបន់​ផ្ទុះ​ជំងឺ​នេះ​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​ទេ​ទោះបី​ជា​ជ្រូក​ទាំង​នោះ​មិន​មាន​ជំងឺ ប៉េស្ត​ជ្រូក​អាហ្វ្រិក​ក៏​ដោយ ដែល​ការ​ហាម​ឃាត់​នេះ​​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ការ​ខាតបង់​ធ្ងន់ធ្ងរ។

សេចក្ដី​ប្រកាស​បាន​បន្ត​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខាតបង់​ធ្ងន់ធ្ងរ​នេះ ក្រសួង​ចាត់​មន្ត្រី​ជំនាញ​បសុព្យាបាល ​និង​​ឧបករណ៍​សម្រាប់​វិភាគ​ជា​បន្ទាន់ ចុះ​ទៅ​ពិនិត្យ​ដល់​ទីកន្លែង​នៃ​តំបន់​ផ្ទុះ​ឡើង​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក។

សេចក្ដី​ប្រកាស​ព័ត៌មាន​សរសេរ​​​ថា​៖ ​«ក្នុង​ករណី​លទ្ធផល​នៃ​ការ​វិភាគ​សំណាក​ឈាម គ្មាន​ជំងឺ​ប៉េស្ដ​​ជ្រូក​អាហ្រិក​ទេ ក្រសួង​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​លក់​សត្វ​ជ្រូក​ចេញ​ពី​តំបន់​នោះ ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រជាជន​យើង​អាច​ទទួល​បាន​ប្រាក់​ចំណូល​ក្នុង​ការ​ទូទាត់​​ចំណាយ​ដែល​បាន​ខិតខំ​ចិញ្ចឹម​នា​ពេល​កន្លង​មក»។

លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ក្រសួង​នឹង​ដាក់​ដំណើរ​ការ​​ឧបករណ៍​ធ្វើ​តេស្ដ​ចល័ត​ចំនួន ​៤ ​គ្រឿង ​នៅ​តំបន់​មាន​ផ្ទុះ​ជំងឺ​ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​ស្បៀង​ និង​កសិកម្ម​សហប្រជាជាតិ (FAO)។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​ក្រសួង​ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មន្ត្រី​ខាង​ពេទ្យ​សត្វ ត្រូវ​ធ្វើ​តេស្ដ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​កុំ​ឲ្យ​រាលដាល​​ទៅ​កាន់​កន្លែង​ផ្សេង។

លោក​បាន​បន្ត​ថា៖ ​«សព្វ​ថ្ងៃ​នេះ ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​កំពុង​ផ្ទុះ​ឡើង​នៅ​លើ​កសិករ [លក្ខណៈ​គ្រួសារ] ប៉ុន្តែ​ជ្រូក​​គាត់​គ្មាន​ជំងឺ​ឲ្យ​អាច​លក់​បាន ​ខ្ញុំ​គាំទ្រ ប៉ុន្តែ​ត្រូវ​ឲ្យ​ច្បាស់ បើ​មិន​អ៊ីចឹង​ទេ​ ការ​ឲ្យ​មាន​ចរាចរ​ណ៍សត្វ​មាន​ជំងឺ​ហ្នឹង​​ អាហ្នឹង​ជា​បញ្ហា​ធំ»។

លោក ស្រ៊ុន ​ពៅ អ្វី​ដែល​ជា​ក្តី​បារម្ភ​ខ្លាំង គឺ​ការ​រាលដាល​ទៅ​ដល់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជាង ​៦០០ ​កន្លែង ​នៅ​ទូទាំង​​ប្រទេស ដែល​កសិដ្ឋាន​ខ្លះ​មាន​តម្លៃ​រាប់​លាន​ដុល្លារ។

តាម​លោក ស្រ៊ុន ពៅ ​ជ្រូក​រស់​ដែល​កសិករ​លក់​ចេញ​ជា​មធ្យម​តម្លៃ ​២០០ ​ដុល្លារ ​ក្នុង ​១ ​ក្បាល។ ការ​ខាតបង់​នៅ​ក្នុង​វិស័យ​នេះ​គិត​មក​ដល់​ពេល​នេះ​​មាន​ប្រមាណ​ ៦៤ ​ម៉ឺន​ដុល្លារ។ លោក​បាន​ស្នើ​​ឲ្យ​រដ្ឋាភិបាល​គួរ​តែ​ជួយ​​ចែក​រំលែក​ការ​ខាតបង់​ខ្លះ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​ក្រីក្រ។

លោក ផៃ ស៊ី​ផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​អះអាង​កាល​ពី​ថ្ងៃ​ទី ១១ ខែ ​កក្កដា​ បាន​និយាយ​ថា ទោះ​បី​កម្ពុជា​កំពុង​រាតត្បាត​កាន់​តែ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​ និង​កំពុង​ធ្វើ​​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ត្រូវ​រង​ការ​ខាតបង់​ប្រាក់​យ៉ាង​ណា​ក្ដី ប៉ុន្តែ​គ្មាន​ច្បាប់​ដែល​តម្រូវ​ឲ្យ​រដ្ឋ​ចេញថ្លៃ​សង​ចំពោះ​ការ​ខាតបង់​នោះ​ឡើយ ព្រោះ​កម្ពុជា​គឺ​ជា​ប្រទេស​ប្រកាន់​ទីផ្សារ​សេរី។

លោក​ថ្លែង​ថា៖ «តាម​គោលការណ៍​ច្បាប់​យើង​អត់​មាន​ទៅ​ជួយ​រំលែក​ក្នុង​ការ​ខូចខាត​នោះ​ទេ ប៉ុន្តែ​ក៏​មិន​មាន​ន័យ​ថា ​យើង​មិន​ធ្វើ​អ្វី​សោះ​នោះ​ដែរ...»។

ទោះ​បី​យ៉ាង​នេះ​ក្តី​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្រសួង​សន្យា​នឹង​ផ្តល់​កូន​ជ្រូក​ដល់​កសិករ ​ដែល​រង​ការ​ខាតបង់​ដោយសារ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​។

ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ក៏​បាន​ប៉ះពាល់​ដល់​ការ​លក់រាយ​នៅ​តាម​ទីផ្សារ​ផង​ដែរ។

អ្នកស្រី ចាន់ មុំ អាជីវករ​លក់​សាច់​ជ្រូក​ ១ ​កន្លែង ​ក្នុង​ផ្សារ​ដេប៉ូ ​បាន​ប្រាប់​ថា ការ​លក់​ក្នុង​រយៈ​ពេល​ ៤-៥ ​ថ្ងៃ​ចុង​ក្រោយ​នេះ​​​ធ្លាក់​ចុះ​ប្រហែល​​ពាក់​កណ្តាល​ ដោយសារ​​អ្នក​បរិភោគ​មាន​ការ​ភ័យ​​ខ្លាច បើ​ទោះ​បី​ជា​មាន​ព័ត៌មាន​ថា ជំងឺ​នេះ​មិន​ឆ្លង​មក​មនុស្ស​ក៏​ដោយ។ លោក​ស្រី​បន្ត​ថា៖ ​«​កាល​ពី​មុន​ នៅ​ក្នុង ​១ ​​ថ្ងៃ​ខ្ញុំ​អាច​លក់​បាន​ ​៤ ​ក្បាល នៅ​ពេល​នេះ​លក់​​ ២ ​ក្បាល ​មិន​ចង់​អស់​ផង​»៕ LA