ក្រុងប៉េកាំងៈ តម្លៃសាច់ជ្រូកបានកើនឡើងខ្ពស់ និងសត្វជ្រូកជាច្រើនក្បាលត្រូវបានបំផ្លាញចោល ខណៈដែលជំងឺប៉េស្ដជ្រូកអាហ្វ្រិកធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មកសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំរបស់ប្រទេស ចិន ដែលបង្ខំឲ្យប្រទេសនេះបង្កើនការនាំចូលដើម្បីបំពេញតម្រូវការ ប៉ុន្តែក្រុមអ្នកវិភាគព្រមានថា ភាពអាក្រក់ខ្លាំងមិនទាន់មកដល់នៅឡើយទេ។
សត្វជ្រូកជាង ១,១ លានក្បាល ត្រូវបានសម្លាប់ចោលរហូតមកដល់ពេលនេះ ខណៈដែលអាជ្ញាធរប្រញាប់ប្រញាល់ទប់ស្កាត់វីរុស ដែលបានរីករាលដាលដល់បណ្ដាប្រទេសជិតខាង ចាប់តាំងពីករណីដំបូងដែលបានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ ២០១៨ និងមិនមានថ្នាំបង្ការរោគនោះទេ។
ប៉ុន្តែតួលេខនេះត្រូវបានគេជឿជាក់យ៉ាងទូលំទូលាយថានឹងមានកាន់តែខ្ពស់ជាងនេះ ខណៈដែលទិន្នន័យផ្លូវការបង្ហាញថា ហ្វូងជ្រូករបស់ប្រទេស ចិន សរុបមានចំនួន ៣៤៧,៦ លានក្បាល នៅឆមាសទី១ ឆ្នាំនេះ ដោយបានធ្លាក់ចុះ ៦០ លានក្បាល ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃសាច់ជ្រូកកើនឡើង ១ ភាគ ៥ គ្រាន់តែក្នុងខែមិថុនា។
លោក Jan-Peter Van Ferneij ប្រធានទីផ្សារបរទេសនៅវិទ្យាស្ថានសាច់ជ្រូកបារាំងថ្លែងថា៖ «ភាពអាក្រក់ខ្លាំងមិនទាន់មកដល់នោះទេ»។
លោកបន្តថា៖ «នៅពេលនេះ ចំនួន (សត្វជ្រូក) កំពុងធ្លាក់ចុះ។ បន្ទាប់មកវានឹងជាពេលវេលាផលិត ហើយកាប្រើប្រាស់នឹងធ្លាក់ចុះ»។
ប៉ុន្តែជំងឺប៉េស្ដជ្រូកអាហ្វ្រិក មិនប៉ះពាល់ដល់មនុស្សទេ ហើយឈ្មួញសាច់ជ្រូកកំពុងស្វែងរកការធានាជាបន្តដល់អតិថិជនថា សាច់របស់ពួកគេមានសុវត្ថិភាពនៅក្នុងប្រទេសដែលផលិត និងបរិភោគសាច់ជ្រូកច្រើនជាងក្នុងលើពិភពលោកមួយនេះ។
ដោយចង្អុលទៅកាន់ត្រាដែលបោះដោយអាជ្ញាធរសុខភាពសត្វ អ្នកលក់មួយរូបនៅផ្សារ Sanyuanli នៅទីក្រុងប៉េកាំងបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា សាច់ជ្រូកនេះមានសុវត្ថិភាព។
លោកស្រីមានប្រសាសន៍ថា៖ «នេះគឺជាការបញ្ជាក់ដែលភ្ជាប់ជាមួយវា»។
ឈរនៅចំពោះមុខដុំសាច់ជ្រូកដែលកាប់រួច និងឆ្អឹងជំនីរ អ្នកស្រី Feng Shuyue បានរំឭកថា ប្រជាជន «បារម្ភ» ពីការទិញសាច់កាលពីឆ្នាំមុន នៅពេលជំងឺឆ្លងរីករាលដាលទូទាំងប្រទេស។
អ្នកស្រី Feng បញ្ជាក់ថា៖ «បច្ចុប្បន្នប្រជាជនមិនបារម្ភទាល់តែសោះ ដោយសារការគ្រប់គ្រង (សុខភាព) តឹងរ៉ឹងខ្លាំង»។
ដើម្បីបំពេញតម្រូវការ ក្រុងប៉េកាំងបានបង្កើនការនាំចូលសាច់ជ្រូក ដោយការនាំចូលពីសហភាពអឺរ៉ុបបានកើនឡើង ៣៧ ភាគរយ នៅចន្លោះពីខែមករាដល់ខែមេសា។ នេះបើយោងតាមតួលេខរបស់សហភាពអឺរ៉ុប។
ប្រទេស ប្រេស៊ីល ក៏បានក្លាយជាប្រភពនាំចូលជ្រូកដ៏ធំសម្រាប់ក្រុងប៉េកាំងផងដែរ។
លោក Jan-Peter Van Ferneij ដែលតាមដានទីផ្សារបរទេសប្រចាំវិទ្យាស្ថានសាច់ជ្រូកបារាំងបានថ្លែងថា ប្រទេស ចិន កំពុងនាំចូលតែសាច់ជ្រូកកកប៉ុណ្ណោះ ហើយសាច់ជ្រូកកកនេះគឺសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងទីក្រុងធំៗ។
ទន្ទឹមនឹងនេះដែរ តម្លៃសាច់ជ្រូកនឹងកើនឡើងរហូតដល់ ៤០ ភាគរយ នៅរយៈពេល ៦ ខែបន្ទាប់។
អាជ្ញាធរបានព្យាយាមធានាដល់សាធារណជន។
នៅដើមខែនេះ មន្ត្រីក្រសួងកសិកម្មចិនបានឲ្យដឹងថា ផលិតកម្មកំពុងស្ទុះងើបឡើងវិញយឺតៗ ដោយក្នុងរយៈពេល ៧ ខែចុងក្រោយនេះ មានការរកឃើញករណីឆ្លងជំងឺនេះចំនួន ៤៤ ករណី ធៀបនឹង ៩៩ ករណី ចាប់ពីខែសីហាដល់ខែធ្នូកាលពីឆ្នាំមុន។
តែបញ្ហានេះមិនទាន់បញ្ចប់ទេ ដោយមានការផ្ទុះករណីមួយផ្សេងទៀតកាលពីសប្តាហ៍មុននៅខេត្តស៊ីឈួន ដោយរកឃើញជ្រូក ៣១ ក្បាល មានផ្ទុកមេរោគនេះ៕ AFP/LA