
ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាថ្មីម្តងទៀតបានអំពាវនាវឲ្យសហគ្រាសក្នុងស្រុកពង្រឹងគុណភាព និងបង្កើនផលិតភាព ដើម្បីប្រកួតប្រជែងជាមួយលំហូរផលិតផលក្រៅស្រុកពេលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានដែលចូលមកដល់នៅឆ្នាំ ២០១៥។
ការអំពាវនាវនេះធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីប្រព័ន្ធគ្រប់គ្រង សុវត្ថិភាព ម្ហូបអាហារបែបទំនើបកាលពីម្សិលមិញនៅរាជធានីភ្នំពេញ។
ការចូលមកដល់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ ២០១៥ មានន័យថា ទំនិញក្នុងប្រទេសអាស៊ានទាំង ១០ និងត្រូវចរាចរកាត់ព្រំដែនដោយមិនជាប់ពន្ធ។
រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម រ៉ែ និង ថាមពល លោក ចម ប្រសិទ្ធ យល់ថា វាជាឱកាស ប៉ុន្តែបានចោទសួរថា តើទំនិញកម្ពុជាត្រៀមខ្លួនសម្រាប់ការបញ្ជូនទៅក្រៅស្រុកហើយ ឬនៅ ខណៈចង្វាក់ផលិតកម្មក្នុងស្រុកនៅមានកម្រិតទាំងគុណភាព និងស្តង់ដារនៅឡើយនោះ។
លោកថ្លែងថា៖ «កិច្ចការដែលយើងត្រូវប្រឹងប្រែងគឺសហគ្រាសរបស់យើងត្រូវចាប់ផ្តើមពង្រឹងខ្លួនយើងពីឥឡូវទៅបង្កើនផលិតភាពរបស់យើង បង្កើនភាពប្រកួតប្រជែង ពីឥឡូវទៅទើបបាន»។ លោកបានបង្ហាញ សុទិដ្ឋិនិយមថា ក្នុងរយៈពេលពីរឆ្នាំ ទំនិញកម្ពុជាអាចពង្រឹងខ្លួនដើម្បីទៅប្រកួតប្រជែងបើសហគ្រាសក្នុងស្រុកមានឆន្ទៈក្នុងការធ្វើឲ្យប្រសើរឡើងនូវស្តង់ដារ និងការផលិតរបស់ខ្លួន។
យោងតាមលោក ចម ប្រសិទ្ធ សហគ្រាសធុនតូច និងមធ្យមមានប្រមាណ ៩៩ ភាគរយនៃចំនួនសហគ្រាស និងឧស្សាហកម្មទូទាំងប្រទេស ដែលភាគច្រើននៅមានកម្រិតក្នុងសមត្ថភាពផលិតនៅឡើយ។
លោក ហ៊ឹម ផានិត មន្រ្តីជំនាញនៅមជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា (NPCC) បានឲ្យដឹងថា នៅមានឧបសគ្គច្រើនក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ លោកបន្តថា មានក្រុមហ៊ុនច្រើនដែលចង់ទទួលវិញ្ញាបនបត្រ HACCP និង ISO 22000 ប៉ុន្តែមានកត្តាបីដែលរារាំងអ្នកផលិតក្នុងការទទួលបានវិញ្ញាបនបត្រ និងអនុវត្តឲ្យសមស្របតាមស្តង់ដារ។
លោកបន្ថែមថា៖ «បញ្ហាទីមួយគឺធនធានមនុស្សដោយសារសហគ្រាសភាគច្រើនអនុវត្តជាគ្រួសារ។ ទីពីរ គឺទុនវិនិយោគសម្រាប់កែលម្អស្ថានភាពបច្ចុប្បន្នស្របតាមស្តង់ដារមានដូចជា ការកែលម្អ ការសង់អគារឡើងវិញ ការបាំងបន្ទប់ការដាក់កញ្ចក់ និងដំឡើងសម្ភារមួយចំនួន។ វាតម្រូវឲ្យមានទុនវិនិយោគ និងជាចុងក្រោយ គឺកង្វះអ្នកផ្គត់ផ្គង់ជំនាញទៅដល់ក្រុមហ៊ុនដោយសារអ្នកជំនាញមានតិចជាងចំនួនសហគ្រាស»។
ដើម្បីនាំផលិតផលម្ហូបអាហារចេញទៅក្រៅស្រុកបានសហគ្រាសឬក្រុមហ៊ុនផលិតត្រូវការវិញ្ញាបនបត្របញ្ជាក់ថា ទំនិញដែលនាំចេញនោះនឹងមិនបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគឡើយ។
Ly Ly Food Industry គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបីនៅក្នុងឧស្សាហកម្ម អាហារដែលទទួលវិញ្ញាបនបត្រ HACCP ដែលទទួលជំនួយបច្ចេកទេសពីមជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា (NPCC) និងអង្គការផលិតភាពអាស៊ី (APO)។ លោកស្រី កែវ មុំ ជាអគ្គនាយករបស់ក្រុមហ៊ុននេះបានថ្លែងថា ដើម្បីបានវិញ្ញាបនបត្រ HACCP នេះ គឺវាទាមទារពេលវេលា និងទុនវិនិយោគ។
លោក ចម ប្រសិទ្ធ ថ្លែងថា សហគ្រិនក្នុងស្រុកធ្វើយ៉ាងណាត្រូវតែត្រៀមខ្លួនដើម្បីឈរជើង ឲ្យជាប់ក្នុងទីផ្សាររួមរបស់អាស៊ាន។ លោកបានបន្តថា៖ «ក្នុងការប្រកួតប្រជែងសកលមានតែអ្នកខ្លាំងអ្នកពូកែប៉ុណ្ណោះដែលនឹងរស់»។
នាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាមានសហគ្រាសធុនតូច និងមធ្យមសរុបចំនួន ៥០៥ ១៣៤៕ PB