ភ្នំពេញៈ កម្ពុជា​នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ីអឺរ៉ុប (Asem) លើក​ទី​ ១៣ ដែល​នឹងមាន​ការចូលរួម​ពី​មេដឹកនាំ​ជាង​ ៥០ ​នាក់​ជា​សមាជិក​នឹង​ពាណិជ្ជករ និង​ក្រុម​វិនិយោគិន​របស់​ពួកគេ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​។ កិច្ចប្រជុំ​កំពូល​នេះ​នឹង​ត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​ ១៦ និង​ទី​ ១៧ ​ខែ​វិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ​ស្ថិតក្រោម​ប្រធានបទ ការពង្រឹង​ពហុភាគី​និយម​សម្រាប់​កំណើន​រួម​។

ជាមួយ​គ្នា​នេះ​យោង​តាម​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ ៧ ​នៅក្រៅ​ជំនួប​នេះ​គឺ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​អឺរ៉ុប វេទិកា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អាស៊ី​អឺរ៉ុប កិច្ចប្រជុំ​កំពូល​មេដឹកនាំ​វ័យក្មេង Asef និង អ្នកសម្របសម្រួល​តុមូល Asef​។ ប្រទេស​នេះ​ក៏​នឹង​រៀបចំ​វេទិកា​ការងារ​អាស៊ី​អឺរ៉ុប វេទិកា​ប្រជាជន​អាស៊ី​អឺរ៉ុប និង​ពិធីបុណ្យ​វប្បធម៌ Asem ផងដែរ​។

លោក ឈាង វណ្ណារិទ្ធិ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ដែលជា​ក្រុម​ផ្ដល់យោបល់​ឯករាជ្យ​មួយ​មាន​មូលដ្ឋាន​នៅ​កម្ពុជា​បាន​ផ្តល់​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្ដិ៍​ដើម្បី​ពិភាក្សា​អំពី​កិច្ចប្រជុំ​កំពូល​នេះ​។

ឆ្នាំនេះ​នឹង​ជា​ពេលវេលា​ដ៏មមាញឹក​ផ្សេងទៀត​សម្រាប់​កម្ពុជា​ក្នុង​ការធ្វើ​ជា​ម្ចាស់ផ្ទះ ASEM តើ​លោក​យល់​យ៉ាងណា​អំពី​កិច្ចប្រជុំ​កំពូល​នេះ​សម្រាប់​ប្រទេស​កម្ពុជា​?

វា​ជា​ពេលវេលា​ដំបូង​របស់​យើង​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ធំ​បែប​នោះ ហើយ​វា​ប្តូរ​វេន​គ្នា ម្ដង​នៅ​អឺរ៉ុប និង​ម្ដងទៀត​នៅ​អាស៊ី​។ ប្រសិនបើ​ប្រទេស​ណាមួយ​ចង់​ធ្វើ​ជា​ម្ចាស់ផ្ទះ ពួកគេ​អាច​ដាក់​ពាក្យសុំ​វា​បាន ហើយ​នឹង​មាន​បណ្ដា​ប្រទេស​ជាង​ ៥០ ដែលជា​សមាជិក​របស់ ASEM នឹងចូលរួម​។

ឡាវ​ជា​ប្រទេស​ជិត​ខាង​អាស៊ាន​របស់​យើង បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​រួចហើយ ដូច្នេះ​ខ្ញុំ​គិតថា នៅពេល​យើង​រៀបចំ​កិច្ចប្រជុំ​កំពូល​នៅ​ឆ្នាំ​នេះ ដើម្បី​បង្ហាញ​ការចូលរួម​របស់​យើង​ក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រវាង​តំបន់​ ២ គឺ​អាស៊ី និង​អឺរ៉ុប​។ វា​ល្អ​សម្រាប់​យើង​ក្នុង​ការបង្ហាញ​ដល់​ពិភពលោក​ថា យើង​បាន​ចូលរួម​យ៉ាងសកម្ម និង​មាន​តួនាទី​សម្រាប់​ការអភិវឌ្ឍ​របស់​ពិភពលោក និង​ក្នុង​តំបន់​។ ជាមួយ​គ្នា​ដែរ យើង​អាច​ទាក់ទាញ​ពួកគេ ដើម្បី​មើលឃើញ​មរតក​វប្បធម៌​របស់​យើង ដូចជា​អង្គរវត្ត និង​ទិសដៅ​ផ្សេងទៀត នេះ​ជា​ចំណុច​លក់​របស់​យើង​នៅក្នុង​វិស័យ​ទេសចរណ៍​។

ប្រធានបទ​សម្រាប់ ASEM នៅ​ឆ្នាំនេះ​គឺ​ស្ថិតក្រោម​ការពង្រឹង​ពហុភាគី​និយម​សម្រាប់​កំណើន​រួម​។ ពហុភាគី​និយម យើង​ផ្ដោត​សំខាន់​លើ​អង្គការ​អន្តរជាតិ ជាពិសេស​អង្គការ​សហប្រជាជាតិ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​បាន​ដើរតួនាទី​ដ៏សំខាន់​ស្ដីពី​ពហុភាគី​និយម​ក្នុង​ការបើកចំហ​កាន់តែ​ខ្លាំង និង​កាន់​តែមាន​ប្រសិទ្ធភាព​។

សម្រាប់​កំណើន​រួម​យើង​នឹង​ស្វែងរក​មធ្យោបាយ​ស្ដីពី​របៀប​ក្នុង​ការធ្វើឲ្យ​មាន​អត្ថប្រយោជន៍​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​ក្នុង​តំបន់​ត្រូវ​តែ​ស្មើភាព​គ្នា និង​ប្រសិទ្ធភាព ដើម្បី​ភ្ជិត​គម្លាត​នៃ​ការអភិវឌ្ឍ​។ សម្រាប់​ពហុភាគី​និយម​គឺជា​កម្មវត្ថុ​ដ៏សំខាន់​របស់​យើង ដោយសារ​តែ​យើង​ជា​ប្រទេស​តូច​មួយ សេដ្ឋកិច្ច​តូច ដូច្នេះ​យើង​ត្រូវការ​ប្រទេស​ច្រើន ដើម្បី​ការពារ​អត្ថប្រយោជន៍​របស់​យើង និង​ដើម្បី​ចៀស​ផុតពី​ផលប៉ះពាល់​ណាមួយ​ចំពោះ​ប្រទេស​នេះ​។

បញ្ហា​ផ្សេងទៀត​ដែល​យើង​កំពុង​ជំរុញ​គឺ​បទបញ្ជា​អន្តរជាតិ​ពឹងផ្អែក​លើ​ច្បាប់ ដែល​មានន័យថា រាល់​ជម្លោះ​ណាមួយ​ត្រូវតែ​ត្រូវ​បាន​ដោះស្រាយ​ដោយ​គោរព​តាមច្បាប់​អន្តរជាតិ​។

ពេលនេះ​ទំនាក់ទំនង​រវាង​កម្ពុជា និង​អឺរ៉ុប​មិនល្អ​នោះ​ទេ តើ​នឹង​មាន​ផលប៉ះពាល់​ដល់ ASEM ដែរឬទេ​?

ទោះបី​យើង​មាន​បញ្ហា​មួយ​ចំនួន​ជាមួយ​សហភាព​អឺរ៉ុប​ (EU) ​ខ្ញុំ​មិន​មើលឃើញ​ផលប៉ះពាល់​ណាមួយ​លើ ASEM នៅពេល​ខាងមុខ​នោះទេ​។ តាម​ការយល់ឃើញ​របស់​ខ្ញុំ វា​ជា​បញ្ហា​ដាច់​ដោយ​ឡែក​មួយ ខណៈ​កម្ពុជា និង EU គឺជា​បញ្ហា​ទ្វេភាគី ហើយ ASEM គឺជា​ពហុភាគី​ដែល​អត្ថប្រយោជន៍​គឺ​សម្រាប់​យើង​ទាំងអស់​គ្នា​។ ជាមួយ​គ្នា​នេះ​ដែរ វា​មិនមែន​ជា​អ្វីដែល​ត្រឹមត្រូវ ប្រសិន​បើ​យើង​យក​បញ្ហា​របស់​យើង​ជាមួយ EU នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ យើង​គឺជា​ម្ចាស់ផ្ទះ ដូច្នេះ​យើង​នឹង​ដើរតួនាទី​ជា​អ្នក​សម្របសម្រួល​។ សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ EU បណ្ដា​ប្រទេស​អាស៊ាន​ជាច្រើន​ផ្សេងទៀត​ក៏​កំពុង​ប្រឈម​បញ្ហា​ជាមួយ EU ផងដែរ​។

ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ASEM នឹង​ដំណើរការ​ដោយ​រលូន​ទោះបីជា​យើង​មាន​បញ្ហា​ទ្វេភាគី​ជាមួយ​ EU ក៏ដោយ​។ ហើយ​ប្រទេស​កម្ពុជា​នឹង​មិន​ប្រើប្រាស់​កិច្ចប្រជុំ​កំពូល​នេះ​ដើម្បី​ប្រឆាំងនឹង​​អឺរ៉ុប​នោះទេ​។ អ្វី​គឺជា​ការបារម្ភ​របស់​យើង​គឺ​បញ្ហា​ដ៏​ចម្រូងចម្រាស​ដូចជា​ប្រទេស​កូរ៉េខាងជើង ចិន អាមេរិក រុស្ស៊ី និង​អាមេរិក​។​ល​។ ទាំងនេះ​គឺជា​បញ្ហា​ដ៏ស្មុគស្មាញ​។

តើ​អ្នក​យល់​យ៉ាងណា​ដែរ​ពី​តួនាទី​របស់​កម្ពុជា​សម្រាប់​ ASEM ក្នុង​ការសម្របសម្រួល ឬ​លើកឡើង​បញ្ហា​ដ៏សំខាន់​ណាមួយ​?

ប្រទេស​ទាំងអស់​គួរតែ​យល់​គ្នា​ទៅវិញ​ទៅមក​ដើម្បី​អត្ថប្រយោជន៍​រួម​។ សម្រាប់​កិច្ចប្រជុំ​ពហុភាគី​បែប​នោះ មេដឹកនាំ​ទាំងអស់​រួមគ្នា​ដើម្បី​ផ្លាស់ប្តូរ​គំនិត​យោបល់ និង​ដើម្បី​ធ្វើឲ្យ​កាន់តែ​ជិតសិ្នទ្ធ​រវាង​គ្នា​ និង​គ្នា​។ ក្នុងអំឡុង​​កិច្ចប្រជុំ​កំពូល​នេះ យើង​ក៏មាន​កិច្ចប្រជុំ​ទ្វេភាគី​សម្រាប់​បណ្ដា​ប្រទេស​ទាំងនោះ​ដែល​ចូលរួម​ផងដែរ ហើយ​វា​ជា​កិច្ចប្រជុំ​ដ៏សំខាន់​សម្រាប់​មេដឹកនាំ​ទាំងនោះ​ក្នុង​ការដោះស្រាយ​បញ្ហា​ទ្វេភាគី​។

តើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន និង​ការ​គាំពារ​និយម​ពាណិជ្ជកម្ម​ស្ថិតនៅលើ​របៀបវារៈ​របស់ ASEM នៅ​ឆ្នាំនេះ​ដែរឬទេ​?

ពិត​ហើយ សង្គ្រាម​ពាណិជ្ជកម្ម​គឺជា​ការបារម្ភ​រួម​របស់​អាស៊ី និង​អឺរ៉ុប ហើយ​ពួកគេ​បាន​ពិភាក្សា​រួចហើយ​លើ​បញ្ហា​នេះ ដោយសារ​តែ​វា​ជា​ការគំរាមកំហែង​មួយ​លើ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។ ហើយ​ការបារម្ភ​ផ្សេងទៀត​គឺ​ការកើនឡើង​គោលនយោបាយ​គាំពារ​និយម ដោយសារ​តែ​យើង​មិន​មើលឃើញ​ថា វា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​នោះទេ វា​នឹង​ប៉ះពាល់​ដល់​ពហុភាគី និង​សកលភាវូបនីយកម្ម​ដែល​យើង​កំពុង​ពឹង​ផ្អែកលើ​គ្នា​ទៅវិញទៅមក​សម្រាប់​កំណើនសេដ្ឋកិច្ច​។ បញ្ហា​ទាំងនេះ​ត្រូវ​បាន​លើកឡើង និង​បាន​តស៊ូ​មតិ ស្ទើរតែ​រាល់​នៅក្នុង​កិច្ចប្រជុំ​អន្តរជាតិ​។

វៀតណាម និង​អឺរ៉ុប​បាន​យល់ព្រម​រួចហើយ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​វៀតណាម​គឺជា​ប្រទេស​កុម្មុយនីស្ដ​មួយ ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី EU​។ តើ​លោក​យល់​យ៉ាងណាដែរ​លើ​បញ្ហា​នោះ​?

វា​បាន​បង្ហាញថា ស្ដង់ដា​ ២ ​ដែល EU កំពុង​ធ្វើ​នៅពេល​នេះ ដោយសារ​តែ EU ផ្ដល់​តម្លៃ​ដល់​ប្រទេស​វៀតណាម​លើ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​។ យើង​អាច​និយាយ​បានថា ទំហំ​សេដ្ឋកិច្ច យុទ្ធសាស្ដ្រ និង​ភូមិសាស្ត្រ​នយោបាយ​របស់​វៀតណាម​ធំ​ជាង និង​ស៊ីជម្រៅ​ជាង​កម្ពុជា​។ នេះ​បង្ហាញ​ថា គេ​គំរាមកំហែង​យើង​ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​អ្វី​ទេ​។ ដូច្នេះ​ជាមួយ​នឹង​ទំហំ​សេដ្ឋកិច្ច​ដ៏តូច​របស់​យើង និង​ភូមិសាស្ត្រ​នយោបាយ យើង​ងាយ​នឹងរង​គ្រោះ ដូច្នេះ​អ្វីដែល​យើង​អាចធ្វើ​គឺ​លើក​កម្ពស់ និង​ឲ្យ​តម្លៃ​ខ្លួនឯង​ឲ្យ​កាន់តែ​ខ្លាំង​។

អ្វីដែល EU បាន​ធ្វើ​មក​លើ​យើង និង​បានធ្វើ​ជាមួយ​ប្រទេស​វៀតណាម​ច្បាស់​ណាស់​គឺ​ប្រឆាំង​នឹង​តម្លៃ​ស្នូល​របស់​ពួកគេ​។ EU បាន​ធ្វើ​មក​លើ​កម្ពុជា​ត្រូវ​បាន​គេ​ហៅថា អំណាច​បទដ្ឋាន​ដោយសារ​តែ​ពួកគេ​បាន​ចោទប្រកាន់​ពួកយើង​ជុំវិញ​សិទ្ធិមនុស្ស ខណៈ​ពួកគេ​បាន​ធ្វើ​ជាមួយ​វៀតណាម​គឺជា​អំណាច​ពាណិជ្ជកម្ម ខណៈ​ពួកគេ​មើលឃើញ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​មុនគេ នោះ​ជា​មូលហេតុ​ដែល​យើង​មើលឃើញ EU មាន​ស្ដង់ដា​ ២​។

តើ​លោក​បារម្ភ​អំពី​ការព្យួរ ​EBA ដែល​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដែរឬទេ​?

ពិត​ហើយ​! ខ្ញុំ​មានការ​បារម្ភ​អំពី​វា​ដោយសារ​តែ​វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។ ប៉ុន្តែ​យើង​មិនគួរ​បារម្ភ​ខ្លាំងពេក​នោះទេ ដោយសារ​តែ​វា​នឹង​មិន​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ ព្រោះ​វា​ជា​ការដក​មួយផ្នែក​ប៉ុណ្ណោះ តែ​ប្រសិន​បើ​វា​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​មែន រោងចក្រ​ជាច្រើន​ផ្សេងទៀត​នឹង​ស្វែងរក​ទីតាំង​ថ្មី ឬ​បិទទ្វារ ដូច្នេះ​វា​នឹង​ប៉ះពាល់​ដល់​កម្មករ និង​សេដ្ឋកិច្ច​យើង​៕LA