ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ដែល​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជួល​ដី​ទំហំ ៩,២៥ ​ហិកតា​តាម​បណ្តោយ​ទន្លេសាប​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន​ក្នុង​តម្លៃ ១៦,៥ ​លាន​ដុល្លារ​សម្រាប់​រយៈពេល​ ៥០ ​ឆ្នាំ ដើម្បី​អភិវឌ្ឍ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​។

កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃទី​ ២៩ ខែ​មិថុនា​ដោយ​សម្រេច​ជួល​ដី​នៅ​តាម​បណ្តោយ​មាត់ទន្លេ​របស់​កំពង់ផែ​ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ​ដល់​ផ្សារ​រាត្រី​ទៅ​ឲ្យ​ក្រុមហ៊ុន​ចៀន ឈឹង ថៃគ្រុប ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Yuetai Group​។

Yuetai Group ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ចិន​កំពុង​មាន​ប្រតិបត្តិការ​លើ​គម្រោង​ជាច្រើន​នៅ​កម្ពុជា​ដូចជា East One និង East View​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កំពង់ផែ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​៖ «​ដើម្បី​បង្កើន​ប្រាក់​ចំណូល​បន្ថែម និង​ចូលរួម​អភិវឌ្ឍ​ទីក្រុង​តាម​ដង​ទន្លេសាប កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ចៀន ឈឹង ថៃ គ្រុប លើ​កិច្ចសន្យា​ជួល​ដី​ [​ឲ្យ​ចៀន ឈឹង ថៃ គ្រុប​] ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ២៩ ខែ​មិថុនា ឆ្នាំ​ ២០១៨ រហូត​ដល់​ថ្ងៃទី​ ២៨ ខែ​មិថុនា ឆ្នាំ​ ២០៦៨»​។

កិច្ចព្រមព្រៀង​ជួល​នេះ​ធ្វើ​ឡើង​បន្ទាប់​ទីតាំង​នេះ​ទើប​ត្រូវ​បាន​ធ្វើ​អនុបយោគ​ពី​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៩ ខែ​មីនា ឆ្នាំ​ ២០១៨ កន្លង​មក​។

មិនអាច​ទាក់ទង​លោក ហ៊ឺ បាវី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​ទេ​កាលពី​ម្សិលមិញ​។

អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​ឲ្យ​ដឹងថា គម្រោង​ដ៏ធំ​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ពិសេស​រាជធានី​ភ្នំពេញ​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត​។

លោក សន សៀប នាយក​ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បាន​ឲ្យ​ដឹង​ថា បើ​គម្រោង​នេះ​លេច​ចេញ​ជា​រូបរាង​វា​គឺជា​រឿង​ល្អ​។ លោក​ថ្លែង​ថា​៖ «​ការសាងសង់​អគារ​ដែល​មាន​កម្ពស់​ខ្ពស់ និង​ច្រើន​បែប​នេះ​នៅតាម​មាត់ទន្លេ ក៏​អាច​មាន​ផល​អវិជ្ជមាន​ខ្លះ​ផង​ដែរ ប្រសិន​បើ​ការ​រចនា​ប្លង់​អគារ​មិន​បាន​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទៅ​លើ​លំហ និង​បរិស្ថាន​»​។

តាម​កិច្ចព្រមព្រៀង​កំពង់ផែ​ភ្នំពេញ​នៅ​តែ​បន្ត​ប្រតិបត្តិការ​លើ​ទីតាំង​នេះ​ជា​ចំណត​ផែ​លើក​ដាក់​ទំនិញ ចំណត​ផែ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដដែល​។

ក្នុង​កិច្ចសន្យា​ជួល​នេះ​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប អភិវឌ្ឍ​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ការសាងសង់​ច្រាំង​ទន្លេ​ពី​គល់ស្ពាន​ជ្រោយចង្វារ​មក​ដល់​ផ្សារ​រាត្រី​ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់ ​១៩ ​លាន​ដុល្លារ ការសាងសង់​ផ្លូវ​ថ្មើរជើង និង​ផ្លូវ​សម្រាប់​រថយន្ត​ធុន​តូច​ស្រប​តាម​មាត់ទន្លេ​ពី​គល់ស្ពាន​ជ្រោយចង្វារ​មក​ដល់​ផ្សារ​រាត្រី​ដែល​នឹង​ចំណាយ​ ១១ ​លាន​ដុល្លារ ការចំណាយ​លើ​ការសាងសង់​អគារ​រដ្ឋបាល​ថ្មី​របស់​កំពង់ផែ​ដែល​មាន​តម្លៃ ១១ ​លាន​ដុល្លារ និង​ការសាងសង់​ចំណត​ផែ​ពហុ​បំណង​ថ្មី​ចំនួន​ ២ ដែល​គ្រោង​ចំណាយ​ ៣០ ​លាន​ដុល្លារ​។

គម្រោង The City Gate រួម​មាន ការិយាល័យ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​សិល្បៈ វប្បធម៌ ទីធ្លា​សម្រាប់​កម្សាន្ត អគារ​ស្នាក់នៅ​រួម សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ សាល​តាំងពិព័រណ៍ និង​សួនច្បារ​សាធារណៈ​ជាដើម​។

អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា តម្លៃ​ជួល​នេះ​មាន​កម្រិត​ទាប​ខ្លាំង​បើ​គិត​ទៅ​លើ​ទីតាំង​។

លោក​បាន​ថ្លែង​ថា៖ «​សម្រាប់​ខ្ញុំ​គឺ Broken heart ពេលឮ​តម្លៃ​នេះ​។ ដី​ក្នុង​ទីតាំង​ខាង​លើ បើ​ជួល​រយៈពេល​វែង​បែប​នេះ យ៉ាង​តិច​ក៏​មាន​តម្លៃ​ជាង​ ៣ ដុល្លារ​ដែរ​ក្នុង​ ១ ​ម៉ែត្រការ៉េ​សម្រាប់​រយៈពេល​ ១ ​ខែ ហើយ​ការអនុវត្ត​ជាទូទៅ​តម្លៃ​នេះ​នឹង​កើនឡើង​ ១០ ​ភាគរយ​រៀងរាល់​ ៥ ​ឆ្នាំ​ម្តង​»​។

តាម​ការ​គណនា​ដោយ​ភ្នំពេញ ប៉ុស្តិ៍ បើ​ផ្អែក​លើ​តម្លៃ​ដែល​លើកឡើង​ដោយ​អ្នក​ជំនាញ​រូប​នេះ​តម្លៃ​ជួល​ក្នុង​ ១ ​ខែ​យ៉ាង​ហោច​ណាស់​ជាង ២៧០ ០០០ ដុល្លារ ឬ​ច្រើន​ជាង​ ១៦៦ ​លាន​ដុល្លារ​សម្រាប់​រយៈពេល​ ៥០ ​ឆ្នាំ​៕LA