
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគីថៃពេលធ្វើដំណើររួមគ្នាតភា្ជប់ផ្លូវរថភ្លើង។ រូបថត AFP
ភ្នំពេញៈ ការដាក់ដំណើរការផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបម្រើជាមធ្យោបាយដឹកជញ្ជូនទំនិញរវាងប្រទេសទាំង ២ នៅតែស្ថិតក្នុងភាពមិន ច្បាស់លាស់ ដោយសារការជះឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ ១៩ ទោះបីជាផ្លូវដែកនោះត្រូវបានតភ្ជាប់គ្នាជាផ្លូវការរយៈពេលជិត ២ ឆ្នាំ ដោយមានវត្តមានប្រមុខដឹកនាំទាំង ២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha ជាអធិបតីសម្ពោធផ្លូវរថភ្លើងតភ្ជាប់ប្រទេសទាំង ២ កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩។
លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មន្ត្រីនៃប្រទេសទាំង ២ កំពុងខិតខំប្រឹងប្រែងចរចាជាមួយគ្នាក្នុងការដាក់ឱ្យចរាចរណ៍ផ្លូវដែកនេះ ប៉ុន្តែវិបត្តិសុខភាពសកលបាននិងកំពុងរាំងស្ទះកិច្ចការនេះ។
លោកថ្លែងថា៖ «យើងមិនទាន់មានការចរាចរណ៍ឆ្លងកាត់គ្នានៅឡើយទេរហូតមកដល់ពេលនេះ ដោយសារស្ថានភាពជំងឺកូវីដ ១៩ ធ្វើឱ្យយើងមិនទាន់អាចដឹកជញ្ជូនបាន»។
លោកបានឱ្យដឹងថា ទោះជាយ៉ាងណាក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងខិតខំជំរុញការចរចាជាមួយភាគីថៃដោយបានប្រជុំជាបន្តបន្ទាប់តាមប្រព័ន្ធវីដេអូអនឡាញនាពេលកន្លងមក ដើម្បីពិភាក្សាលើកិច្ចការបច្ចេកទេស។
លោកថ្លែងថា៖ «យើងនៅមានលក្ខខណ្ឌបច្ចេកទេសច្រើនផ្សេងទៀត ដែលយើងមិនទាន់បានចរចានៅឡើយ យើងមិនទាន់ដឹងថា នៅពេលណាអាចមានសកម្មភាពដឹកទំនិញនោះទេ»។
បើតាមលោក សុរិយា ដើម្បីធ្វើឱ្យប្រសើរឡើង និងជំរុញការដោះដូរទំនិញតាមផ្លូវដែកភាគខាងជើងពីភ្នំពេញ-ប៉ោយប៉ែត កម្ពុជានឹងទទួលបានផ្លូវដែក (ដែករ៉ៃ) ប្រមាណ ១៤០ គីឡូម៉ែត្រពីរដ្ឋាភិបាលថៃ ខណៈកម្ពុជាធ្លាប់ទទួលរួចហើយក្បាលរថភ្លើងចំនួន ១ គ្រឿង ដែលថៃបានផ្តល់កាលពីថ្មីៗនេះ។
កម្ពុជាបានស្ថាបនារួចរាល់នូវផ្លូវដែកពីភ្នំពេញទៅព្រំដែនថៃដែលមានប្រវែង ៣៨៦ គីឡូម៉ែត្រ ដើម្បីបម្រើដល់ការដឹកជញ្ជូនដែលមាននិន្នាការរីកចម្រើន។
កម្ពុជាបានបញ្ចេញទឹកប្រាក់ប្រហែល ២២៦,៦ លានដុល្លារ សម្រាប់ការស្ដារឡើងវិញផ្លូវដែក ដើម្បីកែលម្អការដឹកជញ្ជូន ដោយភ្ជាប់តំបន់ពាយព្យប្រទេសទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅនៅខេត្តព្រះសីហនុ។
មូលនិធិទាំងនេះប្រហែល ៨៥ លានដុល្លារបានពីថវិកាជាតិ និងផ្នែកនៅសល់ត្រូវបានផ្ដល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍ផ្សេងៗ។
ថៃជាប្រទេសនាំចូលទំនិញកម្ពុជាឈានមុខគេដែលមានចំនួន ៤ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា បន្ទាប់ពីអាមេរិក ជប៉ុន អាល្លឺម៉ង់ ចិន អង់គ្លេស និងកាណាដា។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃសម្រេចបាន ៧ ២៣៦ លានដុល្លារ កាលពីឆ្នាំ ២០២០ ធ្លាក់ចុះ ២៣,១៧ ភាគរយធៀបនឹងឆ្នាំ ២០១៩ ដោយសារផលរំខានពីការរីករាលដាលជំងឺកូវីដ ១៩។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មថៃ។
ទិន្នន័យដដែលក៏បានបង្ហាញថា ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារប្រទេសថៃមានតម្លៃទឹកប្រាក់ ១ ១៤៨ លានដុល្លារ ដោយបានធ្លាក់ចុះ ៤៩,៤៩ ភាគរយ ធៀបនឹងឆ្នាំមុន ខណៈកម្ពុជានាំចូលមកវិញមានតម្លៃទឹកប្រាក់ ៦ ០៨៩ លានដុល្លារ ធ្លាក់ចុះ ១៤,៨០ ភាគរយ៕ LA