The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដំណើរការ​សណ្ឋាគារ​ផ្កាយ​ ៥ ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​ជួយ​លើកកម្ពស់​ទេសចរណ៍​ និង​វិនិយោគ​ថ្មី




ដំណើរការ​សណ្ឋាគារ​ផ្កាយ​ ៥ ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​ជួយ​លើកកម្ពស់​ទេសចរណ៍​ និង​វិនិយោគ​ថ្មី

Content image - Phnom Penh Post
រូបភាព​តំណាង​នៃ​សណ្ឋាគារ Howard Johnson Plaza ​នៅ​ខេត្ត​ព្រះសីហនុ​។ សហការី

ដំណើរការ​សណ្ឋាគារ​ផ្កាយ​ ៥ ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​ជួយ​លើកកម្ពស់​ទេសចរណ៍​ និង​វិនិយោគ​ថ្មី

ភ្នំពេញៈ អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ក្នុងស្រុក​ចាត់ទុក ការបើក​ដំណើរការ​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ «the Howard Johnson Plaza» នៅ​ខេត្ត​ព្រះសីហនុ​ដោយ​ក្រុមហ៊ុន Wyndham Hotels & Resorts ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​គ្រប់គ្រង​ពាណិជ្ជសញ្ញា​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ដ៏ល្បីល្បាញ​នឹង​ជួយ​លើកមុខ​មាត់​របស់​ខេត្ត​នេះ​ក្នុង​ការទាក់ទាញ​ទេសចរ និង​អ្នកវិនិយោគ​។

ការបើក​ដំណើរការ​នៃ​សណ្ឋាគារ the Howard Johnson Plaza ថ្មី​សន្លាង​ ១ ​ទៀត​ដែល​មាន​កម្ពស់​ ៣៦ ​ជាន់ និង​មាន​បន្ទប់​ ៥២២ បាន​កើតមានឡើង បន្ទាប់ពី​ការបើក​ដំណើរការ​ប្រកប​ដោយ​ជោគជ័យ​លើ​ម៉ាក​យីហោ​នេះ​នៅក្នុង​ប្រទេស​ចិន និង​កូរ៉េខាងត្បូង​។ ​នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា (CATA) បាន​អះអាងថា ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ននេះ​មិន​ត្រឹមតែ​ជា​ខេត្ត​មួយ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​កំពុង​ក្លាយ​ជា​គោលដៅ​វិនិយោគ​ដ៏មាន​សក្តានុពល​នៅ​កម្ពុជា ដោយសារ​តែ​ការចំណាយ​ទុន​រដ្ឋ​ដ៏ច្រើន​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ធ្វើឱ្យ​ទីក្រុង​នៃ​ខេត្ត​នេះ​កាន់តែ​ទំនើប​ និង​ងាយស្រួល​។

លោក​បន្ត​៖ «​ខ្ញុំ​ជឿជាក់ថា នៅពេល​ដែល​ជំងឺ​កូវីដ ​១៩​ ស្ងប់ស្ងាត់ តំបន់​នេះ​នឹងមាន​សម្ទុះ​កាន់តែ​ខ្លាំង​ក្នុង​ការទាក់ទាញ​ទេសចរ​ទាំង​ក្នុងស្រុក​ និង​ក្រៅ​ស្រុក ព្រោះ​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​នេះ​រដ្ឋាភិបាល​ជិត​បិទ​បញ្ចប់​ហើយ​»​។

លោក ហូ វណ្ឌី បាន​កត់សម្គាល់​ថា ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ ក្រុងព្រះសីហនុ​បានក្លាយ​ជា​តំបន់​ដែលមាន​សក្តានុពល​វិនិយោគ​ដ៏សំខាន់​របស់​ជនបរទេស ពិសេស​វិនិយោគិន​ចិន​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា វា​ជា​ដំណឹង​ល្អ​សម្រាប់​ខេត្ត​ព្រះសីហនុ​ដែល​ជា​ខេត្ត​សំខាន់បំផុត​ ១ ​ក្នុងចំណោម​ខេត្ត​ជាប់​សមុទ្រ​ទាំង​ ៤ ​របស់​ប្រទេស​កម្ពុជា ហើយ​លោក​ស្វាគមន៍​នូវ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ដែល​មក​បោះទុន​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​បន្ត​៖ «​នេះ​ជា​ដំណឹង​ល្អ វា​ជា​សញ្ញា​ប្រាប់ថា ខេត្ត​ព្រះសីហនុ​នៅតែ​ជា​គោលដៅ​វិនិយោគ​ពហុវិស័យ​»​។

បន្ទប់​ចំនួន​ ៥២២ ​នៅ​ខេត្ត​ព្រះសីហនុ​គឺជា​ការបន្ថែម​ថ្មីៗ​បំផុត​ដល់​ផលបត្រ​វិនិយោគ​របស់​ក្រុមហ៊ុន Wyndham Hotels & Resorts ដែលមាន​សណ្ឋាគារ​ជាង​ ១ ៥០០ ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​សណ្ឋាគារ​ចំនួន​ ៨ ៩០០ ​កន្លែង​នៅក្នុង​ប្រទេស​ចំនួន​ ៩៥ ​នៅ​ទី្វប​ចំនួន​ ៦​។

លោក Joon Aun Ooi ប្រធាន​ក្រុមហ៊ុន Wyndham Hotels & Resorts នៅ​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា​៖ «​នៅ​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក យើង​ប្ដេជ្ញាចិត្ត​ថា នឹងធ្វើ​ឱ្យ​ផលបត្រ​វិនិយោគ​របស់​យើង​រីកចម្រើន​នៅក្នុង​ទិសដៅ​គួរឱ្យភ្ញាក់ផ្អើល ដូចជា​ក្រុងព្រះសីហនុ ហើយ​យើង​ជឿជាក់ថា ទីតាំង​ដ៏សំខាន់​របស់​សណ្ឋាគារ​នេះ នៅក្បែរ​ឆ្នេរសមុទ្រ​រួម​ជាមួយ​នឹង​ភាពឆើតឆាយ​របស់​សណ្ឋាគារ​នេះ​នឹង​ធ្វើឱ្យ​ទីតាំង​នេះ​ក្លាយ​ជា​ទីតាំង​មួយ​ក្នុងចំណោម​ទីកន្លែង​ដែល​ចង់បាន​បំផុត​ជាច្រើន​ក្នុង​ការស្នាក់​នៅក្នុង​ទីក្រុង​នេះ​»​។ ​LA

អត្ថបទគួរចាប់អារម្មណ៍