
ការប្រមូលផលដំឡូងមីរបស់ប្រជាកសិករនៅខេត្តប៉ៃលិននាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ តម្លៃដំឡូងមីនៅខេត្តព្រះវិហារ និងត្បូងឃ្មុំ ដែលជាខេត្តមានសក្តានុពល ២ របស់កម្ពុជានាដើមរដូវប្រមូលផលឆ្នាំនេះកំពុងមានភាពល្អប្រសើរបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដំណាំដំឡូងមីត្រូវបានគេដាំនៅស្ទើរគ្រប់ខេត្តក្នុងប្រទេសកម្ពុជា ដោយជាធម្មតាគេចាប់ផ្តើមដាំក្នុងខែឧសភា និងប្រមូលផលចាប់ពីខែវិច្ឆិកា រហូតដល់ចុងខែកុម្ភៈក្នុងឆ្នាំនីមួយៗ។
កសិករដាំដំឡូងមីលើផ្ទៃដី ២០ ហិកតាក្នុងខេត្តព្រះវិហារ លោក វ៉ាន់ សំណាង បាននិយាយថា សព្វថ្ងៃនៅតំបន់របស់លោកកសិករកំពុងប្រមូលផលដំឡូងមីជាបណ្តើរៗហើយ ដោយទទួលផលជាមធ្យម ៣០ តោន ក្នុង ១ ហិកតាអាស្រ័យតាមប្រភេទដី និងបច្ចេកទេសថែទាំ។ លោកបានបន្តថា ខណៈការប្រមូលផលកំពុងចាប់ផ្តើម គេឃើញថា តម្លៃឆ្នាំនេះមានភាពល្អប្រសើរជាងឆ្នាំមុនបន្តិច។
លោកនិយាយថា៖ «ដោយសារតែចម្ការរបស់ខ្ញុំទើបចាប់ផ្តើមប្រមូលផល ហេតុនេះខ្ញុំសង្ឃឹមថា តម្លៃនេះនឹងបន្តរក្សាយូរទៅមុខទៀត»។
បើតាមលោក សំណាង ដំឡូងមី ភាគច្រើនត្រូវឈ្មួញប្រមូលទិញយកទៅលក់បន្តនៅប្រទេសវៀតណាម។
លោក ផាន់ សំអាង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា តម្លៃដំឡូងមីនៅដើមរដូវប្រមូលផលនេះមានភាពល្អប្រសើរធៀបនឹងឆ្នាំមុន ដោយកើនចន្លោះពី ១៥០ ទៅ ២០០ រៀល ក្នុង ១ គីឡូក្រាម ទាំងដំឡូងស្ងួត និងសើម។ ការកើនឡើងនេះអាចមកពីមានតម្រូវការច្រើន ខណៈតាមការព្យាករទិន្នផលក្នុងស្រុកនាឆ្នាំនេះអាចធ្លាក់ចុះខ្លះបើធៀបនឹងឆ្នាំមុន។
លោកថ្លែងថា៖ «តាមការសង្កេតរបស់ខ្ញុំ តម្លៃដំឡូងមីក្នុងខេត្តព្រះវិហារនៅឆ្នាំនេះមានភាពល្អប្រសើរច្រើន បើធៀបនឹងឆ្នាំមុន»។
កាលពីថ្ងៃម្សិលមិញ (ចន្ទ) នៅក្នុងខេត្តព្រះវិហារ ដំឡូងមីស្ងួតត្រូវបានឈ្មួញប្រមូលទិញក្នុងតម្លៃជាមធ្យម ៧២០ រៀល ក្នុង ១ គីឡូក្រាម និងដំឡូងសើម មានតម្លៃ ៣១០ រៀល។ នេះបើយោងតាមលោក សំអាង។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំលោក តូច សុខន បាននិយាយថា ដំឡូងមីក្នុងខេត្តត្បូងឃ្មុំ ត្រូវបានប្រជាកសិករប្រមូលផលជាបណ្តើរៗហើយ ដោយទិន្នផលអាចធ្លាក់ចុះខ្លះបើធៀបនឹងឆ្នាំមុន ព្រោះមានអ្នកដាំមួយចំនួនបានងាកទៅដាំកៅស៊ូ និងស្វាយចន្ទី។ លោកបន្តថា ដោយសារទិន្នផលអាចធ្លាក់ចុះ ហេតុនេះតម្លៃក៏កើនឡើង។
លោកអះអាងថា៖ «ទន្ទឹមនឹងតម្លៃកើនឡើង ខ្ញុំដឹងថាតម្រូវការប្រើប្រាស់ដំឡូងមីនៅក្នុងស្រុកក៏កំពុងកើនឡើងដែរ ពិសេសសម្រាប់យកទៅផលិតនំ និងចំណីសត្វជាដើម»។
តាមលោក សុខន ពេលនេះដំឡូងមីសើមនៅខេត្តត្បូងឃ្មុំមានតម្លៃពី ៣៤០-៣៦០ រៀល ក្នុង ១ គីឡូក្រាម។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបង បាននិយាយថា ទឹកជំនន់បានធ្វើឱ្យខូចផលដំឡូងមីប្រហែល ៣០ ភាគរយ ហើយការប្រមូលផលនៅពេលនេះក៏ត្រូវពន្យារពេលដែរ។ លោកអះអាងថា៖ «ការប្រមូលផលដំឡូងមីនៅខេត្តបាត់ដំបងពេលនេះមិនទាន់ចាប់ផ្តើមទេ»។
លោកស្រី ចាន់ មួយ ម្ចាស់សៃឡូមួយកន្លែងក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងបានប្រាប់ថា ទឹកជំនន់បានធ្វើឱ្យផលដំឡូងមីនៅខេត្តបាត់ដំបង និងប៉ៃលិនត្រូវខូចខាតជាច្រើន ហើយរហូតមកដល់ពេលនេះកន្លែងរបស់គាត់ក៏នៅមិនទាន់ចាប់ផ្តើមប្រមូលទិញដំឡូងមីនោះទេ។ លោកស្រីបន្តថា៖ «នៅទីនេះមិនទាន់មានការទិញលក់ទេ ដោយប្រហែលជានឹងចាប់ផ្តើមនៅដើមខែធ្នូខាងមុខ»។
យោងតាមលោកស្រី ចាន់ មួយ ផលិតផលដំឡូងមីក្នុងខេត្តបាត់ដំបង ប្រមាណ ៨០ ភាគរយត្រូវបាននាំយកទៅលក់បន្តនៅប្រទេសថៃ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន កាលពីថ្ងៃចន្ទ បាននិយាយថា ផ្ទៃដីដាំដុះដំណាំដំឡូងមីក្នុងឆ្នាំនេះ គឺមានទំហំប្រហាក់ប្រហែលឆ្នាំមុន ប៉ុន្តែទិន្នផលប្រចាំឆ្នាំសរុបអាចនឹងមានការធ្លាក់ចុះខ្លះ ដោយសារផលមួយចំនួនត្រូវទឹកលិចកាលពីពេលថ្មីៗនេះនៅតាមបណ្តាខេត្តមួយចំនួនដូចជា បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ។
លោកបន្តថា ជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញ និងលើកតម្កើងការផលិតក្នុងស្រុក បច្ចុប្បន្នកំណើននៃតម្រូវការដំឡូងមីយកទៅកែច្នៃជាចំណីសត្វ និងក្នុងស្រុកក៏មានកំណើនផងដែរ។
លោកថ្លែងថា៖ «បច្ចុប្បន្នមានក្រុមហ៊ុនក្នុងស្រុកកាន់តែច្រើនបាននាំគ្នាគិតគូរពីការទាញយកផលិតផលក្នុងស្រុក ដែលមានដូចជា ដំឡូងមី ពោត និងចុងអង្ករ ដើម្បីយកទៅកែច្នៃជាចំណីសត្វសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក»។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២០ កម្ពុជាបាននាំចេញដំឡូងមីស្រស់ទៅទីផ្សារវៀតណាម និងថៃ សរុប ១ ៧៨០ ៤៩៦ តោន និងចំណិតដំឡូងមីក្រៀមចំនួន ១ ២០២ ៦៤៤,៨១ តោន។ កម្ពុជាក៏បាននាំចេញម្សៅដំឡូងមី ១២ ០០២ តោន ទៅប្រទេសឥណ្ឌា ចិន បែលហ្ស៊ិក ហូឡង់ ប៉ាគីស្ថាន ឆែក ក្រូអាស៊ី និងអ៊ីតាលី៕ LA
វីដេអូ៖